ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្សកម្លាំងជាតិថា ការដកឬបញ្ឈប់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀនត្រូវបានធ្វើឡើងផ្ទុយពីប្រព័ន្ធប្រជាធិបតេយ្យ


ថ្នាក់ដឹកនាំ​និង​សកម្មជន​គណបក្ស​កម្លាំង​ជាតិ​ថតរូប​ជុំគ្នា​ក្រោយ​កិច្ច​ប្រជុំ​មួយ​ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ (Facebook/Nation Power Party)
ថ្នាក់ដឹកនាំ​និង​សកម្មជន​គណបក្ស​កម្លាំង​ជាតិ​ថតរូប​ជុំគ្នា​ក្រោយ​កិច្ច​ប្រជុំ​មួយ​ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ (Facebook/Nation Power Party)

គណបក្ស​កម្លាំង​ជាតិ​ ដែល​ជា​គណ​បក្ស​នយោបាយ​ថ្មី​មួយបង្កើត​ឡើង​ដោយ​អតីត​មន្រ្តី​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ​បាន​ចោទ​ប្រកាន់​ថា ក្រុម​មេ​ដឹក​នាំ​គណបក្ស​ភ្លើងទៀន​សព្វ​ថ្ងៃ​ បាន​ប្តូរ​ជំហរ​ផ្ទុយ​ពី​ស្មារតី​ដើម​ ដោយ​បាន​បោះ​បង់​គោល​ការណ៍​ប្រជា​ធិបតេយ្យ ​សេរី ​និង​ចាប់​យក​ជម្រើស​ផ្ដាច់ការ ​បង្ខិត​បង្ខំ​ គំរាម​កំហែង ​ព្រម​ទាំង​រំលោភ​លើ​សិទ្ធិ​សម្រេច​ចិត្ត​ជា​សម្ងាត់​របស់​អង្គ​បោះឆ្នោត​ និង​បាន​បណ្តេញ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាប់​ឆ្នោត​ចេញ​ពី​តួនាទី​ជា​ច្រើន​នាក់​នៅ​ទូទាំង​ប្រទេស។ ​នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​របស់​គណបក្ស​កម្លាំង​ជាតិ។​

សេចក្តី​ថ្លែង​ការណ៍នេះ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ២៩ ខែ​មករា ​ឆ្នាំ​ ២០២៤ ​បាន​បញ្ជាក់​ថា ​ក្រុម​មេ​ដឹក​នាំ​គណ​បក្ស​ភ្លើងទៀន​បាន​ប្រព្រឹត្ត​ទង្វើ​ផ្តាច់​ការ​មួយ​ចំនួន​ដែល​អនុវត្ត​ដោយ​ក្រុម​មេ​ដឹកនាំ​គណបក្ស​ភ្លើងទៀនទៅ​លើ​សកម្ម​ជន​តស៊ូ ​លះបង់ ​ស្មោះត្រង់ ​នៅ​ឃុំ​សំបូរ ​ស្រុក​ប្រាសាទ​សំបូរ ​ខេត្ត​កំពង់ធំ​គឺ​ការ​បណ្តេញ​ចេញ​ពី​តួនាទី​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ជាប់​ឆ្នោត​ចំនួន​ ៥ ​រូប ​កាល​ពី​ថ្ងៃទី ​២៤ ​ខែ​មករា ​ឆ្នាំ​ ២០២៤។​

សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​កម្លាំង​ជាតិ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ ​«ទង្វើ​ផ្តាច់​ការ​របស់​ក្រុម​មេដឹក​នាំ​គណបក្ស​ភ្លើងទៀន​នៅ​ពេល​នេះ​គឺ​បាន​បង្កភាព​អយុត្តិធម៌ ​និង​ការ​ឈឺ​ចាប់​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត​ដល់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ជាប់​ឆ្នោត​នៅ​ទូទាំង​ប្រទេស ​ហើយ​គណបក្ស​កម្លាំង​ជាតិ​ត្រូវ​តែ​ចេញ​មុខ​ការពារ​យុត្តិធម៌​ជូន​អ្នក​ដែល​កំពុង​រង​គ្រោះ​ដោយ​ទង្វើ​ផ្ដាច់​ការ​នេះ​ និង​ជំរុញ​ឲ្យ​ក្រុម​មេ​ដឹកនាំ​គណបក្ស​ភ្លើងទៀន​ងាក​មក​អនុវត្ត​តាម​គន្លង​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ សេរី​ឡើង​វិញ ​ស្រប​តាម​ស្មារតី​ដើម​របស់​អតីត​ស្ថាបនិក​គណបក្ស​ភ្លើងទៀន»។​

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ ​និង​ជា​អតីត​អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន​លោក រ៉ុង ឈុន​ ប្រាប់​វីអូអេ​ថា ​ជា​គោល​ការណ៍​របស់​គណបក្ស​កម្លាំង​ជាតិ​គឺ​ការពារ​យុត្តិធម៌ ​ហើយ​លោក​ថា ​រឿង​ដែល​គណបក្ស​ភ្លើងទៀន​បណ្តេញ​សមាជិក​ខ្លួន​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ។ ជាក់​ស្តែង​នៅ​ក្នុង​ឃុំ​សម្បូរ ​ខេត្ត​កំពង់​ធំ​ គណបក្ស​ជំទាស់​មួយនេះ​បាន​បណ្តេញ​ក្រុម​ប្រឹក្សា​ឃុំ​ចំនួន​៥​រូប​ផង​ដែរ។ ​លោក​បន្ត​ថា ​សកម្មភាព​នេះ​បង្ហាញ​ពី​ភាព​អយុត្តិធម៌​ទៅ​លើ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទាំង ​៥ ​នាក់​នោះ ​ដោយ​ពួកគេ​មិន​បាន​ប្រព្រឹត្ត​កំហុស​ណា​មួយ​ឡើយ។​

លោក​ថ្លែង​ថា៖ ​«ដូច្នេះ​យើង​ឃើញ​ថា​ ការ​បញ្ឈប់​និងលុប​ឈ្មោះ​ពួក​គាត់​ចេញ​ពី​ក្រុម​ប្រឹក្សា​ឃុំ​ យើង​ឃើញ​វា​ជា​រឿង​មួយ​អយុត្តិធម៌​ចំពោះ​ពួកគាត់​ណាស់​ ចំពោះ​ទង្វើ​ក្រុម​មេ​ដឹក​នាំ​គណ​បក្ស​ភ្លើងទៀន​ដែល​ធ្វើ​មក​លើ​ពួកគាត់​បែប​នេះ»។​

លោក ​រ៉ុង ឈុន ​បាន​សង្កត់​ធ្ងន់​ថា ​គណ​បក្ស​ភ្លើងទៀន​បាន​បញ្ឈប់​សមាជិក ​និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​ខ្លួន​ដោយ​មិន​មាន​ហេតុផល ​និង​មិន​គោរព​តាម​គោល​ការណ៍​របស់​គណ​បក្ស​ឡើយ ​ពោល​គឺ​ចាប់​តាំង​ពី​មាន​ការ​ចាក​ចេញ​ជា​បន្ត​បន្ទាប់​របស់​អតីត​មេដឹក​នាំ​គណ​បក្ស​ភ្លើងទៀន​ទៅ​គណបក្ស​កម្លាំង​ជាតិ ។​

លោក​ក៏​ស្នើ​សុំ​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន​បញ្ឈប់​ទង្វើ​នៃ​ការ​បណ្តេញ​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​បាន​ជាប់​ឆ្នោត ​និង​គោរព​តាម​គោល​ការណ៍​នីតិ​វីធី​បក្ស ​ព្រម​ទាំង​គោរព​តាម​ស្មារតី​ដើម​នៃ​ប្រជា​ធិបតេយ្យ​សេរី​ឡើង​វិញ។​

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​គណបក្ស​កម្លាំងជាតិ​ អគ្គ​លេខាធិការ​គណបក្ស​ភ្លើងទៀន ​លោក ​លី សុធារ៉ាយុត្តិ ​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា ​ការ​ដក ​ឬ​ការ​ផ្លាស់​ប្តូរ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គឺ​សម្រាប់​តែ​សមាជិក​មួយ​ចំនួន​តូច​ ដែល​បាន​ប្រព្រឹត្ត​ខុស​គោល​ការណ៍​គណបក្ស ​និង​បម្រើ​ឲ្យ​គណបក្ស​ផ្សេង​តែ​ប៉ុណ្ណោះ។ ​លោក​ថា ​គណ​បក្ស​ភ្លើងទៀន​មិន​ដែល​បាន​ផ្លាស់​ប្តូរ​គោល​ជំហរ​របស់​ខ្លួន​ឡើយ។​ លោក​បញ្ជាក់​ថា នេះជា​ការ​លាប​ពណ៌​ក្នុង​ចេតនា​អាក្រក់​មក​លើ​ថ្នាក់​ដឹក​នាំ​គណបក្ស​ភ្លើងទៀន ​ក្នុង​គោល​បំណង​បង្ខូច​ដើម្បី​កេង​ចំណេញ​យក​ផល​ប្រយោជន៍​នយោបាយ។​

លោក​ថ្លែង​ថា៖ ​«ការ​ផ្លាស់​ប្តូរ​គឺ​សម្រាប់​តែ​មន្រ្តី​គណបក្ស​ខ្លះ ​ដែល​បាន​ដើរ​ខុស​ពី​គោល​ការណ៍​គណបក្ស ​មិន​គោរព​លក្ខខន្តិកៈ ​និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​ រួម​នឹង​សេចក្តី​ណែនាំ​ផ្សេងៗ​របស់​គណបក្ស ​ដែល​ពួក​គាត់​បាន​ទៅ​បម្រើ​សកម្មភាព​នយោបាយឲ្យ​គណបក្ស​ផ្សេង ​ដែល​ប្រាស​ចាក​ពី​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​មិន​តម្រូវ​ឲ្យ​មនុស្ស​ម្នាក់​ជា​សមាជិក​របស់​គណបក្ស​នយោបាយ​ ២ ​ក្នុង​ពេល​តែ​មួយ​ឡើយ។ ​គណបក្ស​មាន​សិទ្ធិ​ដោះ​ដូរ ​ឬ​ផ្លាស់​ប្តូរ​អ្នក​ណា​ម្នាក់​ដែល​បាន​ដើរ​ខុស​ពី​មាគ៌ា ​ឬ​បន្ទាត់​នយោបាយ​របស់​គណបក្ស ​និង​ផ្ទុយ​ពី​គោល​ការណ៍​គណបក្ស​ហើយ​នឹង​លក្ខន្តិកៈ​គណបក្ស»។​

លោក ​លី សុធារ៉ាយុត្តិ ​បន្ថែម​ថា គោល​ការណ៍​របស់​គណបក្ស​ភ្លើងទៀន​គឺ​តែង​ប្រកាន់​ខ្ជាប់​នូវ​យុត្តិធម៌ ​និង​មិន​អនុវត្ត ​ឬ​ដឹកនាំ​បែប​ផ្តាច់​ការ ​និង​បង្ក​ការ​ឈឺចាប់​ដល់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​ដូច​ជា​គណបក្ស​កម្លាំង​ជាតិ ​និង​បុគ្គល​មួយ​ក្តាប់​តូច​បាន​និយាយ​ និង​ផ្សព្វ​ផ្សាយ​មួល​បង្កាត់​នោះឡើយ។​

លោក​បញ្ជាក់​ថា៖ ​«ផ្ទុយ​ទៅ​វិញ ​គណ​បក្ស​ភ្លើងទៀន​លើក​តម្កើង​គោល​ការណ៍​យុត្តិធម៌ ​និង​ការពារ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​របស់​ខ្លួន​ជា​និច្ច ​មិន​ឲ្យ​រង​ទទួល​នូវ​ការ​បង្ខិត​បង្ខំ ​និង​ការ​គាប​សង្កត់​ពី​បុគ្គល​ដែល​បាន​ចាក​ចេញ​ពី​គណបក្ស​ទៅ​ចូល​រួម​ជាមួយ​នឹង​គណបក្ស​ផ្សេង​ឡើយ»។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដដែល​ គណបក្ស​កម្លាំង​ជាតិ​អំពាវនាវ​ដល់​ក្រសួង​មហាផ្ទៃ ​សូម​កុំ​ទទួល​ចាត់​ការ​នូវ​រាល់​សំណុំ​ឯកសារ​នៃ​ការ​ស្នើ​សុំ​ផ្លាស់​ប្តូរ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​ ដែល​ស្នើ​ឡើង​ដោយ​ក្រុម​មេ​ដឹកនាំ​គណបក្ស​ភ្លើងទៀន ​ពីព្រោះ​ជា​ទង្វើ​រំលោភ​ច្បាប់ ​រំលោភ​សិទ្ធិ​មនុស្ស ​រំលោភ​សិទ្ធិ​នយោបាយ ​និង​រំលោភ​សិទ្ធិ​ពលរដ្ឋ​ម្ចាស់​ឆ្នោត ​ដែល​បាន​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​នៅ​ថ្នាក់​មូលដ្ឋាន​ឃុំ ​សង្កាត់ ​កាលពី​ថ្ងៃទី​ ៥ ​ខែ​មិថុនា ​ឆ្នាំ​ ២០២២ ​កន្លង​ទៅ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG