ភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិកដែលស៊ើបអង្កេតទៅលើករណីផ្ទុះរថយន្ដមួយគ្រឿងនៅទីក្រុង Nashville រដ្ឋ Tennessee បានឆែកឆេរផ្ទះមួយខ្នងកម្ពស់ពីរជាន់នៅជាយក្រុង កាលពីថ្ងៃសៅរ៍ ដើម្បីស្វែងរកភស្តុតាងពាក់ព័ន្ធនឹងហេតុការណ៍ផ្ទុះនោះ។ ហេតុការណ៍ផ្ទុះនោះបានធ្វើឲ្យមនុស្សចំនួន ៣ នាក់រងរបួសនៅចំថ្ងៃបុណ្យណូអែល នៅក្នុងទីក្រុង Nashville ដែលជាក្រុងតន្ត្រីស្រុកស្រែរបស់សហរដ្ឋអាមេរិក។
ភ្នាក់ងារសហព័ន្ធក៏បានព្យាយាមកំណត់អត្តសញ្ញាណនៃកម្ទេចកម្ទីដែលទំនងជាផ្នែកនៃរាងកាយមនុស្ស ដែលត្រូវបានគេរកឃើញនៅជិតកន្លែងផ្ទុះរថយន្ដនោះផងដែរ។
រថយន្ដដែលបានផ្ទុះនោះ មានកន្លែងស្នាក់នៅបានដូចជាផ្ទះចល័ត។ រថយន្ដនោះត្រូវបានចតនៅតាមដងផ្លូវមួយនៅកណ្ដាលទីក្រុង Nashville ហើយរថយន្ដនោះបានផ្ទុះកាលពីព្រឹកព្រហាមថ្ងៃសុក្រ។ ការផ្ទុះនោះកើតឡើងបន្ដិចក្រោយពីប៉ូលិសបានឆ្លើយតបទៅនឹងការរាយការណ៍មួយដែលថាមានការបាញ់កាំភ្លើង និងបានឮសារសំឡេងស្វ័យប្រវត្តិមួយចេញពីរថយន្ដនោះថាមានគ្រាប់ផ្ទុះ។
ហេតុការណ៍ផ្ទុះនោះបានបំផ្លាញរថយន្ដអស់មួយចំនួន បំផ្លិចបំផ្លាញអាជីវកម្មជាង ៤០ កន្លែង និងបន្សល់ទុកនូវកម្ទេចកម្ទីបែកបាក់នៃកញ្ចក់បង្អួចពាសពេញទីកន្លែងនោះផងដែរ។
ក្រោយពីតាមដានលើតម្រុយនានាចំនួនជាង ៥០០ មក ប៉ូលិសមូលដ្ឋាន និងភ្នាក់ងារការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) និងការិយាល័យគ្រឿងស្រវឹង ថ្នាំជក់ អាវុធ និងគ្រឿងផ្ទុះ (ATF) នៃក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានចុះឆែកឆេរផ្ទះមួយខ្នងដែលធ្វើពីឥដ្ឋពណ៌ក្រហមនិងមានកម្ពស់ពីរជាន់នៅផ្លូវ Bakertown នៅក្រុង Antioch រដ្ឋ Tennessee ដែលមានចម្ងាយ ១៨ គីឡូម៉ែត្រប៉ែកអាគ្នេយ៍ទីក្រុង Nashvilleដោយផ្ដោតយកចិត្តទុកដាក់ទៅលើជាន់ក្រោមដីរបស់ផ្ទះនោះ។ នេះបើយោងតាមការបញ្ជាក់របស់សាក្សីម្នាក់ដែលថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។
កាលពីថ្ងៃសៅរ៍ អាជ្ញាធរបានបដិសេធមិនព្រមបញ្ជាក់ឈ្មោះរបស់មនុស្សម្នាក់ដែលអាចមានការពាក់ព័ន្ធនឹងហេតុការណ៍ផ្ទុះនេះទេ ប៉ុន្តែបណ្ដាញព័ត៌មាន CBS News បានរាយការណ៍ថា ការស៊ើបអង្កេតនោះផ្ដោតលើបុរសម្នាក់វ័យ ៦៣ ឆ្នាំដែលបច្ចុប្បន្ននេះរស់នៅផ្លូវ Bakertown។ នេះបើយោងតាមទិន្នន័យសាធារណៈ។
បើយោងតាមឯកសារមួយច្បាប់ដែលត្រូវបានគេបង្ហោះលើបណ្ដាញអ៊ីនធឺណិត កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា បុរសម្នាក់នោះបានចុះហត្ថលេខាប្រគល់ផ្ទះនោះទៅឲ្យស្ត្រីម្នាក់នៅទីក្រុង Los Angeles រដ្ឋ California ដោយមិនតម្រូវឲ្យស្ត្រីម្នាក់នោះចំណាយថវិកាអ្វីទាំងអស់។ ឯកសារនោះត្រូវបានចុះហត្ថលេខាដោយបុរសម្នាក់នោះ ប៉ុន្តែស្ត្រីម្នាក់នោះមិនបានចុះហត្ថលេខាអ្វីនោះទេ។
រូបភាពមើលតាមដងផ្លូវតាមអ៊ីនធឺណិតរបស់ក្រុមហ៊ុន Google កាលពីឆ្នាំ ២០១៩ បង្ហាញថា ផ្ទះនោះមានរថយន្ដបែបផ្ទះចល័តមួយគ្រឿងពណ៌ស ចតនៅលើផ្លូវចតរថយន្ដនៃផ្ទះនោះ។ អ្នកជិតខាងបានប្រាប់ទូរទស្សន៍ WKRN ដែលជាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកថា រថយន្ដនោះត្រូវបានចតចោលនៅទីនោះអស់រយៈពេលរាប់ឆ្នាំមកហើយ ហើយឥឡូវនេះរថយន្ដនោះបានបាត់ហើយ៕