ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កា​រ​​ពិនិត្យ​អង្កេត​​របស់​​អង្គការ​​ណា​​សាបញ្ជាក់​​ថា​​ពិត​​ចំពោះ​​ទ្រឹ​​ស្តី​​ទំនាញ​​ផែន​​ដី​​របស់​លោក​​អាញស្ដាញ


គំនិត​របស់​វិចិត្រករ​អំពី​យានអវកាស​ពិនិត្យ​អង្កេត​ទំនាញ​ផែន​ដី​ប៊ី​ Gravity Probe B ដែល​វិល​ជុំវិញ​​ផែនដីដើម្បី​វាស់​មើល​ អវកាស​និង​ពេល​វេលា​ ជា​ការ​ពិពណ៌នា​ជ្រុង​៤​ អំពី​ចក្រវាឡ​រួម​មាន​កំពស់​ ទទឹង​បណ្ដោយ​ហើយនឹង​ពេលវេលា​​។​
គំនិត​របស់​វិចិត្រករ​អំពី​យានអវកាស​ពិនិត្យ​អង្កេត​ទំនាញ​ផែន​ដី​ប៊ី​ Gravity Probe B ដែល​វិល​ជុំវិញ​​ផែនដីដើម្បី​វាស់​មើល​ អវកាស​និង​ពេល​វេលា​ ជា​ការ​ពិពណ៌នា​ជ្រុង​៤​ អំពី​ចក្រវាឡ​រួម​មាន​កំពស់​ ទទឹង​បណ្ដោយ​ហើយនឹង​ពេលវេលា​​។​

អង្គការ​ណា​សា​ ដែល​ជា​ទី​ភ្នាក់​ងារ​អវកាសរបស់​សហរដ្ឋ​អាមេរិកបាន​ចេញ​ផ្សាយទិន្នន័យមកពីយានអវកាស​ពិនិត្យ​អង្កេត​ទំនាញ​ផែន​ដី​ប៊ី​ ឬ​ហៅ​ជា​ភាសា​អង់​គ្លេស​ថា​ Gravity Probe B ​ក្នុង​ឆ្នាំ​២០០៤​ ដែល​បេសកកម្ម​ចម្បង​របស់​ខ្លួនក្នុង​ពេល​នៅ​លើ​គន្លង​ផែន​ដី ​ត្រូវ​សាក​ល្បងទៅ​លើ​ ទ្រឹស្តីនៃ​ទំនាញ​ចក្រវាឡ (Theory of Relativity) ​កាល​ពី​ឆ្នាំ​១៩១៦​ របស់​លោក​ អាល់​ប៊ើត​ អាញស្តាញ (Albert Einstein)។ ខណៈ​ដែល​ការ​ធ្វើ​ពិសោធន៍​នេះ​បាន​វិវត្តន៍អស់​ជា​ច្រើន​ទសវត្សរ៍​រួច​មក​ លទ្ធ​ផល​ចុង​ក្រោយ ​អះ​អាង​បន្ថែម​ទៅ​លើ​ ស្នាដៃ​រកឃើញ​របស់​ លោក អាញស្តាញ​ស្តី​ពី​ទំនាញ​ផែនដី​និង​ច្បាប់​រូបវិទ្យា​របស់​ចក្រ​វាឡ​នេះ។

អ្នក​វិទ្យា​សាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ស្តេន​ហ្វដ (Stanford University) ​បាន​ស្នើ​ឡើង​ជា​លើក​ដំបូង​ ឱ្យធ្វើ​ពិសោធន៍​ ដើម្បីសាក​ល្បងទ្រឹស្តីរបស់​លោក​ អាញស្តាញ ​កាល​ពី​ឆ្នាំ​១៩៥៩​ តាម​រយៈ​ការ​បង្វិលឧបករណ៍ប្រាប់​ចំណុច​ផ្ទៃ​ដើម​ ឬហៅថា​ ហ្ស៊ីរ៉ូស្កូប ​នៅ​ក្នុង​លំហ​អាកាស។ លោក​ ហ្វ្រង់​ស៊ីស អេវើរីត (Francis Everitt) ​បាន​ចូល​រួមក្នុង​គម្រោង​នោះ​ នៅ​ឯសាកល​វិទ្យាល័យ​ស្តេន​ហ្វដ​ កាល​ពី​ឆ្នាំ​១៩៦២។ ​នៅ​ទី​បញ្ចប់​ អស់​រយៈពេល​មួយ​ទសវត្សរ៍​ក្រោយ​មក​ លោក​មាន​ឱកាស​ធ្វើ​ពិសោធ​ នៅ​ពេល​ដែលលោក​ ត្រូវ​បាន​តែង​តាំង​ជាអ្នក​ស៊ើប​អង្កេត​នាំ​មុខ​គេ​ស្តី​ពី​បេសក​កម្មនៃ​យាន ​Gravity Probe B ​ក្នុង​ឆ្នាំ​២០០៤ ​របស់​អង្គការ​ណា​សា។

«ដូច្នេះយើង​សម្រេច​បាន​នូវ​ការ​ធ្វើ​ពិសោធន៍​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​នេះដោយ​សាក​ល្បង​ទៅ​លើ​ទ្រឹស្តី​នៃ​ទំនាញ​ចក្រ​វាឡរបស់​លោក​ អាញស្តាញ។ ​ហើយ​លោក​ អាញស្តាញ ​នៅតែមាន​អត្ថិ​ភាពជានិច្ច»។

បន្ទាប់ពីទទួល​រងនូវ​ការ​ពន្យារ​ពេល​ក្នុង​ការ​បាញ់​បង្ហោះដោយសារ​បញ្ហា​ថវិកា​ ទិន្នន័យ​មិន​ត្រឹម​ត្រូវ​ និង​ការ​ស៊ើប​អង្កេតរបស់​សហព័ន្ធ​ជា​ច្រើន​ដង​ បេសកកម្មរបស់​យាន​ Gravity Probe B ​ត្រូវ​បានអនុម័ត​ និង​បាន​ចំណាយ​ពេល១៧​ខែ​នៅ​លើគន្លង​ផែន​ដី។​ ការពិសោធន៍​នៅ​ក្នុង​យានអវកាស​បាន​សាក​ល្បងទ្រឹស្តី​ចំនួន​ពីរ​របស់លោក​ អាញស្តាញ។ លោក​ អេវើរីតពន្យល់​ថាទ្រឹស្តីទី​មួយ​គឺ«អានុភាព​ប្រថពីវិភាគ»។

«តាមទ្រឹស្តីទំនាញ​ចក្រវាឡរបស់​ ​លោក​ អាញស្តាញ​ លំហអាកាសនិងពេល​វេលាត្រូវប្រែប្រួលទៅតាមទំនាញផែនដី។ ផែនដី​ ផ្លាស់ប្តូរ​លំហ​អាកាសដែល​នៅ​ជុំវិញបន្តិច​ម្តងៗ​ តាម​រយៈ​ទំនាញ​ផែន​ដី។ ហើយ​ទំនាញ​នោះ​មាន​រង្វាស់​ ១,១ អ៊ីញ​ ក្នុង​រយៈ​ចម្ងាយ​ ២៥.០០០​ម៉ាយ​ ឬ​ស្មើនឹង ២,៧៥​សង់​ទី​ម៉ែត្រ​ក្នុង​រយៈ​ចម្ងាយ​៤០.០០០​គីឡូម៉ែត្រ។ ​ដូច្នេះ​វា​ជា​ការ​ផ្លាស់​ប្តូរ​មិន​សូវ​ខ្លាំងប៉ុន្មាន​ទេ»។

ទ្រឹស្តីទីពីររបស់លោក​ អាញស្តាញ​ដែល​ត្រូវបានដាក់ឲ្យសាកល្បងនោះគឺ ​«ទំនាញ​បម្រែ​បម្រួល» ដែលជានិន្នា​ការរបស់​វត្ថុវិលចុះ​ឡើងៗ​ ដើម្បី​ទាញ​យក​បែបផែន​របស់​លំហអាកាស​និងពេល​វេលា​ ជាមួយនឹងវត្ថុ​នោះ​នៅពេល​វត្ថុ​នោះវិល​ចុះ​ឡើង​ដែល​ជា​អព្ភូត​ហេតុមួយដែល​លោក​អេវើរីតបានប្រដូចផែនដី​ទៅនឹង​ការ​ជ្រមុជ​ចូល​ទៅ​ក្នុង​សមុទ្រ​ទឹក​ឃ្មុំ។

«ហើយ​អ្នក​អាច​ស្រមៃថា​ទឹក​ឃ្មុំ​ត្រូវ​បាន​អូស​ជុំវិញ​វត្ថុ​នោះ​ដូច្នេះប្រដាប់​ចង្អុល​របស់អ្នក​នៅ​ក្នុង​ទឹក​ឃ្មុំ​នោះ​ក៏​ត្រូវ​បាន​អូស​ជុំ​វិញ​ដែរ​ហើយ​នោះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ដូច​ទៅ​នឹង​ឧបករណ៍​ប្រាប់​ចំណុច​ផ្ទៃ​ដើមដែរ។ ដូច្នេះ​ផែន​ដី​ពិត​ជា​បាន​ទាញ​យក​លំហ​អាកាស​និង​ពេល​វេលា​ឲ្យ​នៅ​ជុំវិញ​ដែរ»។

រហូតមក​ដល់​ពេលនៃ​ការ​បាញ់​បង្ហោះ​ក្នុង​ឆ្នាំ​២០០៤​ យាន​Gravity Probe B បានប្រមូល​ផ្តុំ​បច្ចេកវិទ្យា​ទាន់​សម័យ​ជា​ច្រើន​ដែល​មិនធ្លាប់មាន​នៅ​ពេល​ដែល​ក្រុម​របស់​សាកល​វិទ្យាល័យ​ស្តេន​ហ្វដ​បានធ្វើ​ពិសោធន៍ពីទំនាញ​ផែន​ដី​ជា​លើកដំបូង។ ក្នុង​ចំណោមនោះរួម​មាន​ឧបករណ៍​ប្រាប់​ចំណុច​ផ្ទៃដើមដ៏​ច្បាស់​លាស់​ចំនួន​៤ ​ដែល​ឆាប់​ទទួល​សញ្ញា​ក្នុង​ល្បឿន​លើស​១​លាន​ដង​ច្រើន​ជាង​ឧបករណ៍​ដែល​ធ្លាប់​មាន​កាល​ពី​ទសវត្សរ៍​១៩៦០។

«ដូច្នេះ​ នេះ​គឺ​ជា​ដែន​មួយ​ដែល​មាន​ទំហំ​ប៉ុន​គ្រាប់​ប៉េង​ប៉ុង​ ដែល​ដាក់​ចូល​ទៅ​ក្នុងកែវកញ្ចក់​គ្រីសស្តាល់។ យើងធ្វើ​ឲ្យ​គ្រាប់​នោះ​មាន​លំនឹង​ដោយ​ប្រើ​ចរន្ត​អគ្គិ​សនី។ ​យើង​បង្វិល​វា​ឡើង​ទៅ​លើ​ដោយ​ប្រើ​ឧស្ម័ន។ យើង​ធ្វើ​ឲ្យ​គ្រាប់​នោះវិល​ក្នុង​ល្បឿន ​៥​ពាន់​ដង​ក្នុង​មួយនា​ទី​បូម​ឧស្ម័ន​នោះ​ចេញ​ដើម្បី​ផ្ទុក​ក្នុង​សញ្ញាកាស​មាន​កម្រិត​ខ្ពស់​បំផុត​ហើយនៅ​ពេល​នោះ​យើង​នឹង​បានឧបករណ៍ប្រាប់​ចំណុច​ផ្ទៃ​ដើម»។

នៅ​ពេល​ចូល​ក្នុង​គន្លង​តារា​វិថី​ឧបករណ៍​ប្រាប់​ចំណុច​ផ្ទៃ​ដើមដែលវិលខ្ញាល់​ដូច​ដុំ​បង្វិល​សម្រាប់​ក្មេងលេង​ (ឬដុំវូ) ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​រក្សា​យាន​ Gravity Probe B ឲ្យត្រូវទិស​គ្នាយ៉ាង​ល្អឥត​ខ្ចោះ​ជាមួយ​នឹង​ផ្កាយ​គោល​ដែល​ស្ថិត​នៅ​ពី​ចម្ងាយ។ ស្របដូចទ្រឹ​ស្តីរបស់​លោក​ អាញស្តាញ ​ពួក​គេទទួលបាន​នូវ​ការ​ផ្លាស់​ប្តូរ​តិចតួច​មួយចំនួនប៉ុន្តែ​អាចវាស់​បាននៅ​ក្នុង​ទិស​ដៅ​នៃ​ការ​វិលដោយ​សារ​វត្ថុ​ទាំង​នោះត្រូវ​បាន​ទាញ​ដោយ​សារ​ទំនាញ​ផែន​ដី។

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ទស្សនៈ​វិស័យ​ដែល​ទទួល​បាន​ពី​ការពិសោធន៍​នៃ​យាន​Gravity Probe B ​បាន​បង្កើត​បច្ចេក​វិទ្យា​ថ្មីៗ​ជា​បន្ត​បន្ទាប់​ដោយ​រាប់​ទាំង​ប្រព័ន្ធ​កំណត់​ទី​តាំង​ភូមិ​សាស្រ្ត​សកល ​ឬ​ហៅ​កាត់​ថា​ GPS ​ដែល​ជា​បណ្តាញ​ផ្កាយ​រណប​នៅ​លើ​គ​ន្លង​ផែន​ដី​ដែល​មាន​សារៈ​សំខាន់សម្រាប់​ចលនា​ដ៏​ជាក់​លាក់​នៅ​លើ​ដី​និង​សមុទ្រ។

លោក រ៉េច ជីវីដេន (Rex Geveden) ​អតីត​អ្នក​គ្រប់​គ្រង​នៃ​អង្គការ​ណាសា​មាន​ប្រសាសន៍​ថាបើ​ទោះ​ជា​មាន​លទ្ធភាព​ដែល​ថា​បេសកកម្មរបស់​យាន Gravity Probe B ​អាច​ត្រូវ​បរាជ័យ​ក៏​ដោយ​ភាព​ជោគជ័យក្នុង​បេសកកម្ម​លើកនោះ​គឺ​ជា​ជ័យ​ជម្នះខាង​ស្មារតី​និង​ចំណេះ​ដឹង​របស់​មនុស្ស។

«វា​ជា​ការ​រំឭក​ដល់ភាព​អស្ចារ្យ​ដែល​មនុស្ស​អាច​សម្រេចបានដែលពួក​គេ​អាច​ដាក់​ចិត្ត​គំនិត​របស់​ពួក​គេ​ទៅ​លើ​គោល​ដៅ​បែប​នេះ»។

លោក​ អាល់ប៊ើត អាញស្តាញ ​ដែល​បាន​ទទួល​មរណៈ​ភាព​ក្នុង​ឆ្នាំ​១៩៥៥​ មិន​ដែល​ស្រមៃ​ឃើញ​ថា​ ទ្រឹស្តី​ទំនាញ​ចក្រ​វាឡ​នឹង​ឬ​ក៏អាច​ត្រូវ​បាន​បញ្ជាក់​ថា​ពិត​នោះ​ទេ។ ​នៅ​ក្នុង​សៀវភៅ​របស់​លោក​ ក្រោម​ចំណង​ជើង​ថា​ «អត្ថន័យ​នៃ​ទំនាញចក្រ​វាឡ​»​ ឬ​ហៅជា​ភាសា​អង់​គ្លេស​ថា The Meaning of Relativity ​អ្នក​រូប​វិទ្យា​ដ៏​ល្បីល្បាញនេះ​បាន​សរសេរ​ថា៖ ​«…..​ការ​បញ្ជាក់​អំពី​ទំនាញ​ផែន​ដី​ តាម​រយៈ​ការ​ពិសោធន៍​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ មិន​ត្រូវ​បាន​គិតដល់ទេ»។

«ប៉ុន្តែ​ដោយ​សារ​អង្គការ​ណា​សា​យើង​បាន​ធ្វើ​កិច្ចការ​ច្រើន​ជាង​យើង​បាន​គិត​ទៅ​ទៀត។ យើង​ពិត​ជា​អាច​វាស់​ស្ទង់​បាន​មែន»។

លោក ហ្វ្រង់​ស៊ីស អេវើរ៉ាត​ អ្នក​ស៊ើប​អង្កេត​នាំ​មុខ​គេ​នៃ​បេសកកម្ម​យាន​ Gravity Probe B ​បញ្ជាក់​ថា​ការ​រក​ឃើញ​នេះ​នឹង​មាន​ចុះ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​ត្រួត​ពិនិត្យ​ខាង​រូប​វិទ្យា​នៅ​ក្នុង​ច្បាប់​ចេញផ្សាយឆាប់ៗ​នេះ៕

ប្រែសម្រួល​ដោយ លី​ សុខឃាង

XS
SM
MD
LG