ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្រាវជ្រាវ​របស់​អង្គការ​ណាសាទៅ​រដ្ឋ Western Australia ដើម្បី​ស្វែងរក​គន្លឹះ​អំពី​ជីវិត​ក្រៅ​ភព​ផែនដី


រូបឯកសារ៖ រូបភាព​ពី​អង្គការ​ណាសា​នេះ បង្ហាញ​ពី​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ធ្វើ​ដំណើរ​នៅ​លើ​ផ្ទៃ​ភព​ព្រះ​អង្គារ ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១។
រូបឯកសារ៖ រូបភាព​ពី​អង្គការ​ណាសា​នេះ បង្ហាញ​ពី​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ធ្វើ​ដំណើរ​នៅ​លើ​ផ្ទៃ​ភព​ព្រះ​អង្គារ ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១។

តំបន់ Yilgarn Craton ជា​តំបន់​សម្បូរ​ទៅ​ដោយ​រ៉ែ​ជាច្រើន​ ដែល​មាន​ចម្ងាយ​ប្រមាណ ៤០០ គ.ម.​ ពី​ភាគ​ខាង​កើត​នៃ​ទីក្រុង Perth ក្នុង​រដ្ឋ Western Australia។

Yilgarn ជា​ពាក្យ​ដែល​ជនជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​នេះ​ប្រើប្រាស់​ដើម្បី​ពណ៌នា​រ៉ែ​ថ្ម​មួយ​ប្រភេទ។ តំបន់​នេះ​ជា​ចំណុច​ស្នូល​នៃ​ការ​រុករក និង​ជីក​រ៉ែ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា វា​អាច​ជា​ចំណុច​គន្លឹះ​អំពី​ចក្រវាល និង​ជីវិត​នៅ​ភព​ដទៃ​ទៀត។

បឹង​ដែល​មាន​ជាតិ​អាស៊ីដ​នៅ​រដ្ឋ Western Australia ត្រូវ​បាន​គេ​ជឿ​ថា មាន​លក្ខណៈ​ដូច​ទៅ​នឹង​ភព​ព្រះ​អង្គារ​ក្នុង​សម័យ​បុរាណ។ ថ្ម​ដែល​មាន​អាយុ​ ៣ ពាន់​លាន​ឆ្នាំ​នៅ​រដ្ឋ Western Australia ជា​ថ្ម​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​នៅ​លើ​ភព​ផែនដី​នេះ ហើយ​អ្នក​សិក្សា​ស្រាវជ្រាវ​ជឿ​ថា វា​មាន​អាយុ​ស្មើ​នឹង​ថ្ម​នៅ​ភព​ក្រហម ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ភព​ព្រះ​អង្គារ​ផង​ដែរ។

ក្រុម​អ្នក​ជំនាញ​សហរដ្ឋអាមេរិក​ដែល​មាន​ការ​គាំទ្រ​ពី​ជនជាតិ​ដើម​ភាគ​តិច​វ័យ​ចំណាស់ៗ​ក្នុង​ស្រុក​កំពុង​ស៊ើបអង្កេត​ថា​តើ «កន្លែង​ដែល​មាន​ជាតិ​អំបិល​ច្រើន​នេះ» មិនគ្រាន់​តែជា​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​នោះទេ តែ​ថែម​ទាំង​ជា​កន្លែង​កត់ត្រា​ប្រវត្តិសាស្ត្រ​យ៉ាង​ដូចម្តេចដែរ។

អ្នកស្រី Britney Schmidt សាស្ត្រាចារ្យរង​មក​ពី​សាកលវិទ្យាល័យCornell ក្នុង​រដ្ឋ​ញូវយ៉ក​បាន​ប្រាប់​សារព័ត៌មាន Australian Broadcasting Corp ថា គម្រោង​នេះ​ទទួល​បាន​មូលនិធិ​ពី​អង្គការ​ណាសា​ ដែល​ជា​រដ្ឋបាល​អវកាស​ជាតិ​សហរដ្ឋអាមេរិក​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

អ្នកស្រី Britney Schmidt ថ្លែង​ថា៖

«យើង​ជា​សមាជិក​នៃ​គម្រោង​មហាសមុទ្រ​នៅគ្រប់​ភពនិងគ្រប់​ពេលវេលា ឬ (Oceans Across Space and Time) ដែល​ជា​កម្មវិធី​មួយ​ផ្តល់​មូលនិធិ​ដោយ​កម្មវិធី​តារាជីវសាស្ត្រ​នៃ​អង្គការ​ណាសា​ ហើយ​យើង​មក​ទីនេះ​ដើម្បី​សិក្សា​ពី​ភាព​ស្រដៀង​គ្នា ឬ​សិក្សា​អ្វី​ដែល​យើង​គិត​ថា​ជា​សណ្ឋាន​នៃភព​ព្រះ​អង្គារ​ពី​បុរាណ​។ រដ្ឋ Western Australia មាន​លក្ខណៈ​ពិសេស ដោយសារ​វា​មាន​ថ្ម​ចាស់ៗ។ នៅ​តំបន់ Yilgarn Craton នេះ​កាលពី​ប្រមាណ ២ ទៅ ៣ លាន​ឆ្នាំ​មុន​មាន​ទឹក​ដែល​មាន​ជាតិ​អាស៊ីដ​យ៉ាង​ច្រើន ហើយ​ការ​រួម​បញ្ចូល​គ្នា​ទាំង​ពីរ​នេះ​ជា​អ្វី​ដែល​យើង​បាន​មើល​ឃើញ​នៅ​លើ​ផ្ទៃ​នៃ​ភព​ផ្សេងៗ​ទៀត។ ដូច្នេះ​វា​ពិត​ជា​ពិសេស​ណាស់»។

ក្រុម​អ្នក​ស្រាវជ្រាវ​សហរដ្ឋអាមេរិក​កំពុង​ធ្វើ​ការ​ជាមួយ​នឹង​ជនជាតិ​ភាគ​តិច​វ័យ​ចំណាស់ៗ ដែល​ពន្យល់​ពី «រឿងរ៉ាវ​ពីក្តីសុបិន្ត» របស់​តំបន់​នេះ​ ដែលបង្ហាញ​ពី​ការ​បង្កើត​ទឹកដី​ដោយ​ដូនតា​បុរាណ​របស់​ពួកគេ។

មាន​សំណួរ​សំខាន់ៗ​ជាច្រើន​ដែល​ត្រូវ​ឆ្លើយ។ ប្រសិនបើ​មាន​ជីវិត​រស់រាន​នៅ​ក្នុង​បរិយាកាស​ដែល​មាន​ជាតិ​ពុល និង​ជាតិ​អំបិល​ច្រើន​បែប​នេះ​នៅ​រដ្ឋ Western Australia តើ​ជីវិត​បែប​នេះ​អាច​មាន​ដែរ​ឬ​ទេ​នៅ​ក្នុង​បរិយាកាស​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​នៅ​ភព​ដទៃ​ទៀត?

យើងប្រហែលមិន​អាច​រកចម្លើយ​បាន​នោះ​ទេ ប៉ុន្តែ​ការ​រួម​បញ្ចូល​គ្នា​រវាង​វិទ្យាសាស្ត្រ និង​ចំណេះដឹង​បុរាណ​អាច​ផ្តល់​គន្លឹះ​ដ៏​មាន​តម្លៃ។

ទិន្នន័យ​ជាច្រើនដែល​ប្រមូល​បាន​នឹង​ជួយ​ដល់​និក្ខេបបទ​ថ្នាក់​បរិញ្ញបត្រ​ជាន់​ខ្ពស់ និង​ថ្នាក់​បណ្ឌិត​នៅ​ពេល​ក្រុម​ការងារ​នេះ​ត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG