ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ស្រាវជ្រាវ​និពន្ធ​សៀវភៅ​នាំ​ឲ្យ​កវីនិពន្ធ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ម្នាក់​ ដឹង​ពី​អាថ៌កំបាំង​នៃ​ការ​ស្លាប់​របស់​ឪពុក

  • Elizabeth Lee

អ្នកស្រី​ យឹម វ៉ារីនី​ ដែល​ជា​កវីនិពន្ធ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ម្នាក់​និយាយ​ថា៖ «ខ្ញុំ​មាន​ការ​ចងចាំ​បន្តិច​បន្តួច​ប៉ុណ្ណោះ​អំពី​ឪពុក​របស់​ខ្ញុំ​ ហើយ​ការ​ចងចាំ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​រន្ធត់​ខ្លាំង​បំផុត​នោះ​ គឺ​ថ្ងៃ​ដែល​ខ្ញុំ​ចាកចេញ​ពី​ប្រទេស​កម្ពុជា»។

ពេល​ខ្លះ​ការ​និពន្ធ​បែប​ប្រលោមលោក​ អាច​ដោះស្រាយ​បញ្ហា​តានតាំង​ផ្លូវចិត្ត​ ដែល​មាន​ភាព​ឈឺចាប់​ក្នុង​ការ​និយាយ​ចេញ​ទៅ​ក្រៅ។ ​អ្នកស្រី​ យឹម វ៉ារីនី​ គឺ​ជា​កវីនិពន្ធ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ម្នាក់​ ដែល​បាន​ឆ្លង​កាត់​បទពិសោធន៍​នេះ​ ហើយ​បាន​សរសេរ​រៀបរាប់​នៅ​ក្នុង​សៀវភៅ​ប្រលោមលោក​ដំបូង​របស់​អ្នកស្រី​ មាន​ចំណងជើង​ថា​ ព្រះនាង​ដែល​និរទេស​ខ្លួន។

​ដោយ​មាន​ការ​លើក​ទឹកចិត្ត​ពី​ក្រុម​គ្រួសារ​របស់​អ្នកស្រី​ សៀវភៅ​ប្រលោម​លោក​របស់​អ្នកស្រី​ យឹម វ៉ារីនី ​រៀបរាប់​ពី​ស្ត្រី​បី​ជំនាន់​នៃ​គ្រួសារ​ញាតិវង្សានុវង្ស​របស់​ប្រទេស​កម្ពុជា​ ដែល​បាន​ព្យាយាម​កសាង​ជីវិត​ថ្មី​ នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក។​ ឪពុក​របស់​អ្នកស្រី​បាន​ក្លាយ​ជា​មនុស្ស​សំខាន់​ម្នាក់​ ដែល​ធ្វើ​ឲ្យ​អ្នកស្រី​នឹក​ដល់​ នៅពេល​អ្នកស្រី​សរសេរ​ប្រលោម​លោក​នេះ។​

អ្នកស្រី​ យឹម វ៉ារីនី​ ចងចាំ​ពី​កុមារភាព​ចុងក្រោយ​របស់​អ្នកស្រី​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់​ពី​ក្រុម​គ្រួសារ​ ប៉ុន្តែ​ត្រូវ​បាន​បិទបាំង​ដោយ​ការ​បាត់បង់​ និង​ការ​ឈឺចាប់​ដោយ​សារ​របប​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា។​ អ្នកស្រី​បាន​ថ្លែង​ថា៖ «ខ្ញុំ​ជឿជាក់​ថា​ បើ​គ្មាន​ព្រលឹង​ឪពុក​ និង​ព្រលឹង​ប្រជាពលរដ្ឋ​ខ្មែរ​ទេ​ នោះ​ខ្ញុំ​មិន​អាច​សរសេរ​សៀវភៅ​នេះ​បាន​ទេ»។​

អ្នកស្រី​ចងចាំ​ថា៖ «ខ្ញុំ​មាន​ការ​ចងចាំ​បន្តិច​បន្តួច​ប៉ុណ្ណោះ​អំពី​ឪពុក​របស់​ខ្ញុំ​ ហើយ​ការ​ចងចាំ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​រន្ធត់​ខ្លាំង​បំផុត​នោះ​ គឺ​ថ្ងៃ​ដែល​ខ្ញុំ​ចាកចេញ​ពី​ប្រទេស​កម្ពុជា។​ គាត់​បាន​ជូន​ពួក​យើង​ទៅ​ព្រលាន​យន្តហោះ»។​ អ្នកស្រី​បាន​បន្ថែម​ថា៖​«កាលនោះ​ខ្ញុំ​នៅ​ក្មេង​ពេក​ មិន​យល់​ពី​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​ប្រទេស​ទេ។ ខ្ញុំ​ចាំ​បាន​ថា​ខ្ញុំ​ដើរ​ឡើង​ជណ្តើរ​ចូល​ក្នុង​យន្តហោះ​ និង​បាន​ក្រលេក​មើល​ទៅ​ផ្លូវ​វិញ​ ហើយ​ឃើញ​ឪពុក​របស់​ខ្ញុំ​គ្រវី​ដៃ​លា​មក​យើង។​ អ្វី​ដែល​ខ្ញុំ​មិន​បាន​គិត​ដល់​នោះ​ គឺ​នោះ​ហើយ​ជា​ពេល​វេលា​ចុងក្រោយ​ដែល​ខ្ញុំ​បាន​ឃើញ​មុខ​ឪពុក​របស់​ខ្ញុំ»។

នៅ​ក្នុង​គ្រួសារ​របស់​អ្នកស្រី​ មាន​តែ​អ្នកស្រី​ វ៉ារីនី​ ប្អូនស្រី​ និង​ជីដូន​ជីតា​របស់​អ្នកស្រី​ ប៉ុណ្ណោះ​ ដែល​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ មុន​របប​ប្រល័យ​ពូជសាសន៍​បាន​ចាប់​ផ្តើម​ក្នុង​ប្រទេស​កម្ពុជា។

ឪពុក​របស់​អ្នកស្រី​ ដែល​ជា​អ្នក​ថែទាំ​ឪពុក​ម្តាយ​វ័យ​ចំណាស់​ បាន​ក្លាយ​ទៅ​ជា​ជន​រងគ្រោះ​ម្នាក់​នា​ពេល​នោះ។​ រយៈពេល​ជាង​បួន​ឆ្នាំ​ ក្រោម​របប​ផ្តាច់​ការ​ដោយ​សមាជិក​កុំម្មុយនិស្ត​ខ្មែរ​ក្រហម​ និង​មេដឹក​នាំ​ប៉ុលពត​ បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​ពីរ​លាន​នាក់។​

អ្នកស្រី​ វ៉ារីនី​ និង​បងប្អូន​របស់​អ្នកស្រី​បាន​មក​រស់នៅ​ជាមួយ​ម្តាយ​អ្នកស្រី​ ដែល​កំពុង​សិក្សា​នៅ​សហរដ្ឋ​អាមេរិក។​ អ្នកស្រី​និយាយ​ថា​ ពួកយើង​បាន​រស់រាន​មាន​ជីវិត​ ដោយសារ​តែ​បាន​ជីតា​របស់​អ្នកស្រី។​ លោក​គឺ​ជា​អ្នក​ដែល​រៀបចំ​ឲ្យ​យើង​រាល់​គ្នា​ចាកចេញ​ពី​ប្រទេស។​ មិន​ដូច​ពលរដ្ឋ​កម្ពុជា​ផេ្សង​ទៀត​ គ្រួសារ​របស់​អ្នកស្រី​ យឹម វ៉ារីនី ​ជា​ញាតិវង្សានុវង្ស​ និង​ជា​សាច់ញ្ញាតិ​របស់​សម្តេច​នរោត្តម​សីហនុ។​ ម្តាយ​របស់​អ្នកស្រី​ គឺ​ជា​ព្រះនាង​ម្ចាស់​ម្នាក់​នៅ​កម្ពុជា​ ប៉ុន្តែ​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។​ ក៏​ប៉ុន្តែ​ម្តាយ​អ្នកស្រី​គឺ​ជា​មនុស្ស​សាមញ្ញ​ ដូច​ជា​ជនភៀស​ខ្លួន​ផេ្សង​ទៀត​ដែរ។​

អ្នកស្រី​បាន​រៀបរាប់​ថា៖ «នេះ​គឺ​ជា​ជីវិត​របស់​ពួកគាត់​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​នៅ​ពេល​មាន​សង្រ្គាម​ និង​របប​ប្រល័យ​ពូជសាសន៍​ចូល​មក​ដល់​ ពួកគាត់​ត្រូវ​សាង​ជីវិត​ថ្មី។​ ពួកគាត់​ត្រូវ​តែ​បោះបង់​ចោល​ជីវិត​ ដែល​ធ្លាប់​តែ​រំពឹង​ទុក​ ហើយ​មក​រស់នៅ​សហរដ្ឋ​អាមេរិក​ និង​ចាប់ផ្តើម​ពី​បាត​ដៃ​ទទេ​ឡើង​វិញ។​ យើង​គ្មាន​ទ្រព្យសម្បត្តិ ​គ្មាន​អ្វី​ទាំងអស់​ ហើយ​នាម​ជា​ញាតិវង្សានុវង្ស​គឺ​គ្មាន​ន័យ​អ្វី​ទាំងអស់​សម្រាប់​ជីវិត​នៅ​សហរដ្ឋ​អាមេរិក​នេះ»។ ​អ្នកស្រី​បន្ត​ថា៖ «នេះ​គឺ​ជា​អ្វី​ដែល​ពួក​យើង​បាន​រក្សា​ទុក​ជាប់​ជាមួយ​ខ្លួន​យើង​ ដូច្នេះ​ហើយ​អ្វី​ដែល​ខ្ញុំ​និយាយ​ វា​គឺ​ជា​បញ្ហា​សំខាន់​សម្រាប់​គ្រួសារ​របស់យើង​»។

រូបថត​របស់​អ្នកស្រី​ យឹម វ៉ារីនី​ ជាមួយ​នឹង​ឳពុក​ម្តាយ​អ្នក​ស្រី។
រូបថត​របស់​អ្នកស្រី​ យឹម វ៉ារីនី​ ជាមួយ​នឹង​ឳពុក​ម្តាយ​អ្នក​ស្រី។

​ដំណើរ​ជីវិត​របស់​កូនស្រី​

អ្នកស្រី​ វ៉ារីនី​ ថ្លែង​ថា​ កាល​ពេល​នៅ​ជា​ក្មេងស្រី​ម្នាក់​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ របប​ប្រល័យ​ពូជ​សាសន៍​គឺ​ស្ថិត​នៅ​ឆ្ងាយ​ពី​អ្នកស្រី​ ពីព្រោះ​អ្នកស្រី​ព្យាយាម​សម្រប​ខ្លួន​ទៅ​របៀប​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ អ្នកស្រី​មិន​បាន​ដឹង​ពី​ការ​ស្លាប់​របស់​ឪពុក​អ្នកស្រី​ ក្នុង​របប​ប្រល័យ​ពូជសាសន៍​ រហូត​ដល់​អ្នកស្រី​ចាប់​ផ្តើម​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រប្រទេស​កម្ពុជា ដើម្បី​សរសេរ​សៀវភៅ​នេះ។ មុន​ពេលនោះ​ ព័ត៌មាន​ពី​ជីវិត​របស់​ឪពុក​អ្នកស្រី​ក្នុង​អំឡុង​របប​ប្រល័យ​ពូជសាសន៍​ និង​ការស្លាប់​របស់​ឪពុក​អ្នកស្រី​ជា​រឿង​អាថ៌កំបាំង។

​អ្នកស្រី​បាន​ស្វែង​រក​ឯកសារ​ចម្លើយ​សារភាព​របស់​អ្នក​រងគ្រោះ​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​មន្ទីរ​ឃុំឃាំងទួលស្លែង​ ក្នុង​របប​ខ្មែរ​ក្រហម​ ដែល​បាន​តម្កល់​ទុក​នៅ​ឯ​សាកលវិទ្យា​ល័យ Cornell។ ​មន្ទីរ​ទួលស្លែង​ គឺ​ជា​មន្ទីរ​ឃុំឃាំង​សម្ងាត់​ក្នុង​របប​ ប៉ុល ពត​ ជា​កន្លែង​ដែល​គេ​ទុក​ធ្វើ​ទារុណកម្ម​ សួរ​ចម្លើយ​ និង​សម្លាប់​អ្នក​ទោស។ ​មាន​ការ​ប៉ាន់ស្មាន​ថា​អ្នក​ទោស​ប្រមាណ​១៤.០០០នាក់​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​មន្ទីរ​ឃុំឃាំង​ទួលស្លែង​នេះ​ ឬ​ហៅ​ថា​មន្ទីរ​ស ២១។​ មាន​អ្នក​ទោស​ចំនួន​តិចតួច​ណាស់​ដែល​បាន​រស់រាន​មាន​ជីវិត។​ ឯកសារ​នៅ​ឯ​សាកល​វិទ្យាល័យ​ Cornellបាន​បង្ហាញ​ពី​អ្វី​បាន​កើតឡើង​ទៅ​លើ​ ឪពុក​របស់​អ្នកស្រី​អំឡុង​ពេល​នោះ។​

អ្នកស្រី​បាន​និយាយ​ក្រោយ​ពេល​អ្នកស្រី​បាន​គិត​ជា​ច្រើន​ឆ្នាំ​ អំពី​អ្វី​ដែល​កើត​ឡើង​ទៅ​លើ​ឪពុក​អ្នកស្រី​ថា៖ «ថ្ងៃ​ដែល​អាក្រក់​ជាង​គេ​សម្រាប់​ខ្ញុំ​នោះ​ គឺ​ជា​ថ្ងៃ​ដែល​ខ្ញុំ​បាន​ទទួល​ដំណឹង​ពី​សាកលវិទ្យាល័យ​ Cornell​ ប្រាប់​ថា​ គេ​បាន​រក​ឃើញ​ឈ្មោះ​ឪពុក​របស់ខ្ញុំ​ និង​ចម្លើយ​សារភាព​របស់​គាត់»។​ អ្នកស្រី​បន្ត​ថា​៖ «ទីបំផុត​ខ្ញុំ​បាន​ដឹង​ការ​ពិត។​ ការ​ពិត​ ពិត​ជា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រឡះ» ទោះបី​ជា​ការ​ពិត​នោះ​ជា​រឿង​ឈឺចាប់​យ៉ាង​ណា​ក៏​ដោយ។

ការ​ចងចាំ​ពី​ឪពុក​ម្តាយ​ និង​ជីដូន​របស់​លោកស្រី​ បាន​បំផុស​ជា​គំនិត​ឲ្យ​អ្នកស្រី​សរសេរ​សៀវភៅ​ប្រលោម​លោក​ ដែល​មាន​ចំណង​ជើង​ថា​ ព្រះនាង​ដែល​និរទេស​ខ្លួន​ នេះ​ ដោយ​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​គេ​ហ៊ាន​ប្រឈម​មុខ​នឹង​អតីតកាល​នោះ​ទេ​ ក៏​ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​គេ​មិន​អាច​បំភ្លេច​របប​ប្រល័យ​ពូជសាសន៍​នេះ​បាន​ដែរ​ ហើយ​ត្រូវ​ចងចាំ​ពី​សម្រស់​នៃ​វប្បធម៌​របស់​កម្ពុជា​ផង​ដែរ។

អ្នកស្រី​ក៏​បាន​បន្ថែម​ថា​ការ​ធំ​ដឹង​ក្តី​របស់​ «អ្នកស្រី​ពោរពេញ​ដោយ​ភាព​រីករាយ​ ការ​ពេញចិត្ត​ សេចក្តី​ស្រឡាញ់​ គុណធម៌​ ហើយ​ដោយសារ​តែ​កម្ពុជា​មាន​វប្បធម៌​សម្បូរ​បែប សិល្បៈ​ ម្ហូប​អាហារ​ និង​គ្រួសារ​ ខ្ញុំ​ចង់​សរសេរ​សៀវភៅ​ដែល​ឆ្លុះ​បញ្ចាំង​ពី​រឿងរ៉ាវ​ទាំង​នេះ»។

អ្នកស្រី​បន្ថែម​ថា​ សៀវភៅ​នេះ​ក៏​រៀបរាប់​ពី​ប្រធានបទ​សំខាន់ៗ​ផងដែរ។​ អ្នកស្រី​ថា៖​

«នេះ​គឺ​ជា​រឿងរ៉ាវ​អំពី​បញ្ហា​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ខ្លួន​ឯង​ និង​ធ្វើ​ការកែប្រែ​ខ្លួន​ឯង។​ រឿងរ៉ាវ​ទាំងអស់​នេះ​ជា​បញ្ហា​សកលលោក​ ពីព្រោះ​វា​គឺ​ជា​ស្មារតី​របស់​មនុស្ស​ និង​បង្ហាញ​ពី​របៀប​ដែល​មនុស្ស​រួច​ពី​ការ​បាត់បង់​ដ៍​តក់ស្លុត​នេះ​ ជា​ពិសេស​ពី​របៀប​ដែល​គេ​កសាង​ជីវិត​ថ្មី​ រៀន​ពី​អ្នក​ដែល​នៅ​ជិត​ខ្លួន​ជាង​គេ​ ដើម្បី​ជួយ​អ្នក​ឲ្យ​កសាង​ខ្លួន​របស់​អ្នក​ និង​តួនាទី​របស់​អ្នក​ក្នុង​សហគមន៍»។

អ្នកស្រី​និយាយ​ថា​ អ្នកស្រី​សរសេរ​សៀវភៅ​នេះ​ឡើង​ ទុក​សម្រាប់​កូនៗ​របស់​អ្នកស្រី​ ដូច្នេះ​ពួកគេ​នឹង​ដឹង​ពី​អ្វី​ដែល​បាន​កើត​ឡើង​ទុក​ជា​សេចក្តី​គោរព​ដល់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នកស្រី​ ដែល​ត្រូវ​បាន​សម្លាប់​ និង​សម្រាប់​ប្រជាជន​កម្ពុជា​ ឲ្យ​ដឹង​ថា​របប​ប្រល័យ​ពូជសាសន៍​ បាន​បន្សល់​ទុក​ស្នាម​របួស​ ប៉ុន្តែ​មិន​បាន​កំណត់​ពួកគេ​ថា​ជា​មនុស្ស។

អ្នកស្រី​និយាយ​ថា​៖ «អ្នក​អាច​ជា​មនុស្ស​ឃោរឃៅ​ អ្នក​អាច​ធ្វើ​រឿង​សាហាវ​ព្រៃផ្សៃ​ អ្នក​អាច​ក្លាយ​ជា​មនុស្ស​ផ្តាច់ការ​ ប៉ុន្តែ​វា​នឹង​មិន​សម្លាប់​ស្មារតី​របស់​មនុស្ស​បាន​ទេ​ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បង្ហាញ​នៅក្នុង​សៀវភៅ​របស់​ខ្ញុំ»៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG