ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិក​មួយ​ចំនួន​ទទួល​បាន​ទូរស័ព្ទ​ហៅ​ចូល​ស្វ័យប្រវត្តិ​ដោយ​មិន​ដឹង​ប្រភព តែ​គ្មាន​សញ្ញា​ពី​ការ​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​ទេ


អ្នកបោះឆ្នោតតម្រង់ជួរត្រៀមចូលក្នុងការិយាល័យបោះឆ្នោតដើម្បីបោះឆ្នោត នៅក្នុងសាលារៀន Reilly ក្នុងទីក្រុង Lowell រដ្ឋ Massachusetts ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ (ពិន ស៊ីសុវណ្ណ/វីអូអេ)

ពលរដ្ឋ​អាមេរិក​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​ទទួល​បាន​ការ​ហៅ​ទូរស័ព្ទ​ចូល​ស្វ័យប្រវត្តិ​ដោយ​មិន​ដឹង​ពី​ប្រភព ដែល​ប្រាប់​ឲ្យ​ពួកគេ​ស្នាក់នៅ​ក្នុង​ផ្ទះ​នៅ​ថ្ងៃ​បោះឆ្នោត។ នេះ​បើ​យោង​តាម​ក្រុម​មន្ត្រី​នៅ​តាម​រដ្ឋ និង​មន្ត្រី​របស់​គណបក្ស​នយោបាយ។

ត្រឹម​ពាក់​កណ្ដាល​ថ្ងៃ​បោះឆ្នោត​នេះ ដោយ​រំពឹង​ថា​មាន​អ្នក​បោះឆ្នោត​ជាង​ពាក់​កណ្ដាល​បាន​បោះឆ្នោត​រួច​ហើយ មិន​មាន​សញ្ញា​បញ្ជាក់​ថា មាន​ការ​ជ្រៀតជ្រែក​ផ្នែក​ឌីជីថល​ទៅ​លើ​ក្រុម​ការងារ​រៀបចំ​ទុកដាក់​សន្លឹកឆ្នោត​ឲ្យ​មាន​សុវត្ថិភាព​នោះ​ទេ។

ការ​ព្រួយ​បារម្ភ​ដែល​ថា ប្រហែល​ជា​អាច​មាន​ការ​ជ្រៀតជ្រែក​ពី​បរទេស​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ឆ្នាំ ២០២០​ នេះ បាន​កើត​មាន​ឡើង​ចាប់​តាំង​ពី​ការ​បោះឆ្នោត​លើក​មុន​កាល​ពី​ឆ្នាំ ២០១៦ ​មក​ម៉្លេះ។ ពេល​នោះ ក្រុម​អ្នក​លួច​ចូល​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​រុស្ស៊ី​ បាន​ផ្ញើ​សារ​រាប់​ម៉ឺន​សារ​ចេញ ដើម្បី​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​លោក​ប្រធានាធិបតី Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ និង​មិន​ឲ្យ​គាំទ្រ​អ្នកស្រី Hillary Clinton ដែល​ជា​គូប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

ប៉ុន្តែ​ក្ដី​បារម្ភ​ទាំង​នោះ​មិន​មាន​ទៀត​ទេ ដោយសារ​តែ​ពលរដ្ឋ​អាមេរិក​ជាង ៩៩ លាន​នាក់ បាន​បោះឆ្នោត​រួចហើយ​នៅ​មុន​ថ្ងៃ​បោះឆ្នោត​មក​ដល់ ហើយ​អ្នក​ជំនាញ​រំពឹង​ថា នឹង​មាន​អ្នក​បោះឆ្នោត​សរុប​រហូត​ដល់ ១៦០ លាន​នាក់។

អាជ្ញាធរ​ និង​ក្រុម​មន្ត្រី​គណបក្ស​នយោបាយ​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រណាំងប្រជែង​ខ្លាំង ដូចជា​រដ្ឋ Iowa រដ្ឋ Pennsylvania រដ្ឋ Michigan និង​រដ្ឋ Florida បាន​រាយការណ៍​ថា ពលរដ្ឋ​បាន​ទទួល​ទូរស័ព្ទ​ហៅ​ចូល​ដោយ​ស្វ័យប្រវត្តិ​មួយ​ចំនួន​ ដែល​បាន​ព្រមាន​ពួកគេ​កុំ​ឲ្យ​ទៅ​ការិយាល័យ​បោះឆ្នោត ដោយសារ​ហេតុផល​មិន​ពិត​មួយ​ចំនួន៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG