កិច្ចចរចាសន្តិភាព ដែលមានគោលបំណងបញ្ចប់ជម្លោះរ៉ាំរ៉ៃរវាងយោធារដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមពួកឧទ្ទាមជនជាតិភាគតិចផ្សេងៗ ដែលបានអូសបន្លាយអស់រយៈពេលជាងកន្លះសតវត្សកន្លងមកនេះ គ្រោងនឹងចាប់ផ្តើមធ្វើឡើងនៅក្នុងរដ្ឋធានី Naypyitaw ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃពុធស្អែក។
ការចរចានេះគឺជាការចរចាសន្តិភាពផ្លូវការដំបូងបង្អស់ ចាប់តាំងពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi បានឈ្នះការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំមុន និងបានចូលកាន់អំណាចកាលពីខែមេសាកន្លងមកនេះ ដោយបានសច្ចាថា ឯកភាពជាតិគឺជាអាទិភាពចម្បងបំផុតរបស់គណបក្សនេះ។
លោកស្រី Suu Kyi គ្រោងនឹងថ្លែងសុន្ទរកថានៅក្នុងសន្និសីទរយៈពេល ៥ ថ្ងៃ ដែលនៅក្នុងសន្និសីទនោះមានការចូលរួមពីមេដឹកនាំយោធាប្រទេសមីយ៉ាន់ម៉ាដ៏មានឥទ្ធិពលលោកឧត្ដមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki Moon និងអ្នកតំណាងមកពីក្រុមប្រដាប់អាវុធយ៉ាងតិច ១៧ ក្រុម ក្នុងចំណោមក្រុមប្រដាប់អាវុធទាំង ២០ ក្រុម។ ប្រតិភូរាប់រយនាក់ផ្សេងទៀត ក៏រំពឹងថានឹងចូលរួមនៅក្នុងសន្និសីទនោះផងដែរ។
ក្រុមប្រដាប់អាវុធពួកឧទ្ទាមគ្រប់គ្រងតំបន់ដាច់ស្រយាល ដែលសម្បូរដោយថ្លើមថ្ម និងឈើ ដែលតំបន់ទាំងនោះភាគច្រើនឋិតនៅភាគខាងជើង និងភាគខាងកើតតាមបណ្ដោយព្រំដែនជាមួយប្រទេសចិន និងប្រទេសថៃ។ ពួកគេតំណាងឲ្យក្រុមជនជាតិភាគតិចផ្សេងៗ ដែលបានតស៊ូប្រយុទ្ធដើម្បីស្វ័យភាពរបស់ខ្លួនអស់រយៈពេលរាប់ទសវត្សមកហើយ និងបានបដិសេធមិនព្រមចូលរួមជាមួយភូមាតែមួយ ទៅតាមការចង់បានរបស់ជនជាតិភូមា ដែលជាជនជាតិភាគច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា៕