ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី អង់សាន ស៊ូជី គ្រោង​នឹង​ចុះ​ហត្ថលេខា​ជាមួយ​ចិន​លើ​គម្រោង​មន្ទីរពេទ្យ និង​ស្ពាន


លោក​ប្រធានាធិបតី Xi Jinping និង​លោកស្រី អង់សាន ស៊ូជី ឈរ​ថត​រូប​ក្នុង​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​វិមាន Great Hall of the People នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥។
លោក​ប្រធានាធិបតី Xi Jinping និង​លោកស្រី អង់សាន ស៊ូជី ឈរ​ថត​រូប​ក្នុង​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​វិមាន Great Hall of the People នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥។

លោកស្រី អង់សាន ស៊ូជី សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​ប្រទេស​មីយ៉ាន់ម៉ា កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន​រយៈពេល​៥​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​រហូត​ដល់​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​បង្អស់​របស់​លោកស្រី បន្ទាប់​ពី​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​លោកស្រី​បាន​ឡើង​កាន់​អំណាច​តាំងពី​ខែ​មេសា​កន្លង​មក​នេះ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ប្រទេស​ចិន និង​ប្រទេស​មីយ៉ាន់ម៉ា​មាន​គម្រោង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​កសាង​ស្ពាន​មួយ​ខ្សែ​នៅ​ជិត​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ និង​កសាង​មន្ទីរពេទ្យ​ពីរ​កន្លែង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​មីយ៉ាន់ម៉ា​មួយ​រូប​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោកស្រី ស៊ូជី បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ចិន Li Keqiang នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ និង​គ្រោង​ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ចិន Xi Jinping នៅ​ថ្ងៃ​សុក្រ​ស្អែក។

លោកស្រី Aye Aye Soe អគ្គនាយក​រង​នៃ​ក្រសួង​ការបរទេស​មីយ៉ាន់ម៉ា បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា៖ «កិច្ច​ព្រមព្រៀង​លើ​ប្រាក់​ជំនួយ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​សម្រាប់​ការ​កសាង​មន្ទីពេទ្យ​ពីរ​កន្លែង និង​ស្ពាន​មួយ​ខ្សែ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ស៊ូជី នេះ‍»។

លោកស្រី Aye Aye Soe បាន​បន្ថែម​ទៀត​ថា មន្ទីរពេទ្យ​ទាំង​ពីរ​នេះ​នឹង​ត្រូវ​កសាង​ឡើង​នៅ​ក្នុង​ទីក្រុង​ធំៗ​ពីរ​របស់​ប្រទេស​មីយ៉ាន់ម៉ា គឺ​ទីក្រុង​រ៉ង់ហ្គូណ និង​ទីក្រុង Mandalay។

រី​ឯ​ស្ពាន​មួយ​ខ្សែ​នោះ​វិញ នឹង​ត្រូវ​កសាង​ឡើង​ក្នុង​ក្រុង Kunlong ដែល​ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​មីយ៉ាន់ម៉ា និង​មាន​ប្រវែង ៣២ គីឡូម៉ែត្រ​ពី​ព្រំដែន​រវាង​ប្រទេស​ចិន និង​ប្រទេស​មីយ៉ាន់ម៉ា ក្នុង​គោលបំណង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​ការ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។

គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​មួយ​ទៀត ដែល​គេ​រំពឹង​ថា​លោកស្រី អង់សាន ស៊ូជី នឹង​លើក​យក​មក​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ចិន គឺ​វាសនា​នៃ​គម្រោង​ទំនប់​វារី​អគ្គិសនី Myitsone ដែល​ឧបត្ថម្ភ​ដោយ​ប្រទេស​ចិន​ក្នុង​ទឹក​ប្រាក់៣,៦ពាន់​លាន​ដុល្លារ​អាមេរិក ដែល​គម្រោង​នេះ​ត្រូវ​បាន​ផ្អាក​ដំណើរការ​អស់​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​ដោយសារតែ​ភាព​ចម្រូង​ចម្រាស​ជាច្រើន​បាន​កើត​ឡើង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG