អ្នកកាសែត៣នាក់ដែលធ្វើការឲ្យ Dawei Watch សារព័ត៌មានតាមវេបសាយឯករាជ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានត្រូវចាប់ខ្លួននៅសប្តាហ៍នេះតាមការចោទប្រកាន់មិនជាក់លាក់។នេះបើតាមនិពន្ធនាយកនៃសារព័ត៌មាននេះ។
និពន្ធនាយកដែលសុំមិនបញ្ចេញឈ្មោះដើម្បីសុវត្ថិភាពរបស់ខ្លួនបាននិយាយថាការចាប់ខ្លួននេះបានកើតមានឡើងកាលពីថ្ងៃអង្គារនិងថ្ងៃពុធនៅក្នុងទីក្រុង Dawei ភាគខាងត្បូងជាទីកន្លែងរបស់វេបសាយសារព័ត៌មាននេះឋិតនៅ។លោកបាននិយាយទៀតថាមូលហេតុនៃការចាប់ខ្លួននៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
និពន្ធនាយកនោះបានប្រាប់ VOA ភាសាភូមាថា«សមាជិកគ្រួសារត្រូវបានអនុញ្ញាតឲ្យផ្ញើម្ហូបអាហារនិងថ្នាំពេទ្យ។ យើងមិនដឹងថាបន្ទាប់ទៀតនឹងទៅជាយ៉ាងណាទេ។ក្រុមគ្រួសារ មិនត្រូវបានអនុញ្ញាតឲ្យអង្គុយនិងនិយាយជាមួយពួកគេទេដោយគ្រាន់តែបានមើលឃើញគ្នាតែប៉ុណ្ណោះ»។
អ្នកកាសែតម្នាក់បាននិយាយថាអ្នកដែលត្រូវឃុំខ្លួនទាំងនោះមិនមានស្លាកស្លាមវាយដំទេ។លោកបាននិយាយថា«ពួកគេសុខសប្បាយហើយមានស្ថានភាពហ្នឹងន។នេះបើតាមសមាជិកក្រុមគ្រួសារ»។
អ្នកកាសែតដែលត្រូវបានចាប់ខ្លួនមុនគេគឺអ្នកស្រី Moe Myint។ អ្នកកាសែតអាយុ៣៥ឆ្នាំដែលមានកូន៣នាក់នេះបានត្រូវឃុំខ្លួនកាលពីថ្ងៃអង្គារ។សហការីរបស់អ្នកស្រី២នាក់ទៀតគឺ Ko Zaw និងThar Gyi អ្នករចនាវេបសាយបានត្រូវចាប់ខ្លួននៅថ្ងៃបន្ទាប់។
ពួកយោធាបាននិយាយថាខ្លួនគោរពតួនាទីរបស់បណ្តាញព័ត៌មានក៏ប៉ុន្តែមិនអនុញ្ញាតឲ្យរាយការណ៍ព័ត៌មានមិនពិតឬញុះញង់ឲ្យមានចលាចលនោះទេ។
អ្នកនាំពាក្យយោធាឧត្តមសេនីយ៍ទោ Zaw Min Tun បានប្រាប់ VOA ភាសាភូមាកាលពីពេលថ្មីៗនេះថា«មិនមានហេតុផលចាប់ខ្លួនចោទប្រកាន់ឬដាក់គុកបុគ្គលិកសារព័ត៌មានទេបើពួកគេធ្វើការងារព័ត៌មានរបស់ពួកគេ»។
លោកបាននិយាយទៀតថាបណ្តាញព័ត៌មានបរទេសនិងក្នុងស្រុកកំពុងធ្វើការនៅក្នុងទីក្រុងរ៉ង់ហ្គូនណៃពិដោនិង Madalayហើយថាបណ្តាញព័ត៌មានត្រូវបានអញ្ជើញឲ្យចូលរួមសន្និសីទកាសែត។
និពន្ធនាយកសារព័ត៌មាន Dawei Watchបានអំពាវនាវឲ្យដោះលែងសហការីរបស់លោក៕
(Khin Soe Win រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ ហើយព័ត៌មានខ្លះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Reuters)