ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី Aung San Suu Kyi នឹង​ឡើង​តុលាការ​អំពី​ការលួច​បន្លំ​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី១៤ ខែកុម្ភៈ


រូបឯកសារ៖ លោកស្រី Aung San Suu Kyi នៅពេល​លោកស្រី​ចូលរួម​សន្និសីទ​សារព័ត៌មាន​រួមគ្នា​នៃ​កិច្ចប្រជុំ​កំពូល​ជប៉ុន-មេគង្គ​នៅក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨។
រូបឯកសារ៖ លោកស្រី Aung San Suu Kyi នៅពេល​លោកស្រី​ចូលរួម​សន្និសីទ​សារព័ត៌មាន​រួមគ្នា​នៃ​កិច្ចប្រជុំ​កំពូល​ជប៉ុន-មេគង្គ​នៅក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨។

តុលាការ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​គ្រប់គ្រង​ដោយ​ពួក​យោធា នឹង​ចាប់ផ្តើម​ការកាត់​ទោស​លោក​ស្រី Aung San Suu Kyi មេដឹកនាំ​ដែល​គេ​ទម្លាក់​ចេញ​ពី​តំណែង​ពី​បទ​លួច​បន្លំ​ការ​បោះឆ្នោត នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ខាង​មុខ។ នេះ ​បើ​តាម​ប្រភព​មួយ​ដែល​បាន​ដឹង​ពី​ដំណើការ​កាត់​ទោស​នេះ​ បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​លោក​ស្រី បាន​រង​ការ​ចោទប្រកាន់​ពី​ការប្រើ​ប្រាស់​ឥទ្ធិពល​លើ​ការបោះឆ្នោតឆ្នាំ២០២០​ ដើម្បី​ឈ្នះ​ការ​កាន់​តំណែង​អាណត្តិ​ទី២។ នេះ ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក​ស្រី Suu Kyi ប្រឈម​ការកាត់ទោស​នៅ​ក្នុង​រឿង​ក្តីជា​ច្រើន​ករណី ហើយ​រហូត​មកទល់​ពេល​នេះ​ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​សរុបទាំង​អស់​ចំនួន៦ឆ្នាំ ​ដោយ​តុលាការ​មួយ​នៅ​ក្នុង​រដ្ឋធានី​ណៃពិដោ នៅ​ក្នុង​ដំណើរការ​ផ្លូវ​ច្បាប់​ដែលត្រូវ​បាន​រិះគន់​ដោយ​សហគមន៍​អន្តរជាតិ​ថា ​គ្រាន់​តែជាឆាក​ល្ខោន។

លោក​ស្រី បាន​ច្រានចោល​ការចោទប្រកាន់​របស់​ពួក​យោធា​ពី​ការលួច​បន្លំ​ការបោះឆ្នោត​ឆ្នាំ ២០២០​ ដែលពេល​នោះ​គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​លោកស្រី​ បាន​ឈ្នះ​ភ្លូក​ទឹក​ភ្លូកដី។

ជ័យ​លាភី​ណូបែល​សន្តិភាព​លោក​ស្រី Suu Kyi អាយុ៧៦ឆ្នាំ ត្រូវ​បាន​រង​ការចោទប្រកាន់​ពី​ការ​ប្រើ​ឥទ្ធិពល​ដល់​គណៈកម្មការ​រៀបចំ​ការបោះឆ្នោតក្នុង​អំឡុង​នៃ​ការ​បោះឆ្នោត។ អតីត​ប្រធានាធិបតី​ និង​សម្ព័ន្ធមិត្ត​លោក Win Myint និង​លោក Min Thu អតីត​សមាជិក​គណៈរដ្ឋមន្ត្រី ប្រឈម​មុខ​ការចោទប្រកាន់​ដូច​គ្នា។ នេះ​ បើ​តាម​ប្រភព​មួយ​ដែល​សុំ​មិន​ប្រាប់​អត្តសញ្ញាណ​ដោយ​សារ​ជា​រឿងរសើប។

អ្នក​នាំពាក្យ​ពួក​យោធា មិន​បាន​ឆ្លើយ​នឹង​ការហៅ​ទូរស័ព្ទ​សុំ​អត្ថាធិប្បាយ​នោះ​ទេ។ កន្លង​មក រដ្ឋាភិបាល​យោធា បាន​និយាយ​ថា លោក​ស្រី Suu Kyi នឹង​អាច​ទទួល​បាន​ការកាត់ទោស​ត្រឹមត្រូវ​ដោយ​តុលាការ​ឯករាជ្យ។

ថ្ងៃ​អង្គារ​ទី​១ ​ខែ​កុម្ភៈ​ ស្អែក​នេះ​ នឹង​កត់​សម្គាល់​ខួប​១​ឆ្នាំ​នៃ​រដ្ឋប្រហារ​យោធា​ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី Suu Kyi ៕

XS
SM
MD
LG