ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋ​សភា​ភូមា​ស្វែង​រក​មធ្យោបាយ​ដើម្បី​​លុប​ចោល​សិទ្ធិ​វេតូ​របស់​ក្រុម​យោធា


​​មេដឹកនាំ​គណបក្ស​ប្រឆាំង​​​​​​​​​លោក​​​ស្រី​ Aung​​​ San ​​​Suu ​​​Kyi​ ​​​ឡើង​​​ថ្លែង​​ឡើង​​​ថ្លែង​​​សុន្ទរកថា​​​ ក្នុង​​​អំឡុង​​​ពេល​​​ជួប​​​ជុំ​​​ជា​​​សាធារណៈ​​​ជា​​​មួយ​​​អ្នកគាំទ្រ ​​​បក្ស​​​របស់​​​លោក​​​ស្រី​​​​​​ នៅ​​​ទី​​​ក្រុង ​​​Yangon​​​ ប្រទេស​​​មីយ៉ាន់ម៉ា​​​ កាលពី​​​ថ្ងៃ​​​ទី​​​ ១៧​​​ ខែ​​​ឧសភា​​​ឆ្នាំ​​​ ២០១៤​​​។

គណបក្ស​ប្រឆាំងធំ​ជាង​គេ​របស់​ប្រទេស​មីយ៉ាន់ម៉ា គឺ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ (National ​League​ for ​Democracy)​ ​បាន​ប្រមូល​ស្នាម​មេ​ដៃ​ប្រជា​ពលរដ្ឋ​ចំនួន​ ៣​ លាន​នាក់​រួចរាល់​ហើយ ​ក្នុង​គោលដៅ​ដើម្បី​ដាក់​ញត្តិ​ អំពាវនាវឲ្យ​លុបចោល​ សិទ្ធិ​នៃ​ការ​ធ្វើ​វេតូ​របស់​ក្រុម​ទាហាន ​ចេញ​ពី​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​មាន​ចែង​ក្នុងមាត្រា៤៣៦។

នៅ​ប្រទេស​មីយ៉ាន់ម៉ា​ឬ​ភូមា ​កាល​ពី​ដើម​សប្ដាហ៍​មុន​នេះ​ មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ស្រី​ Aung​ San ​Suu ​Kyi​ បាន​ថ្លែង​ប្រាប់​ហ្វូង​អ្នក​គាំទ្រមួយ​ក្រុមអំពី​សារៈ​សំខាន់​នៃ​ចំណាត់​ការ​នេះ​ចំពោះប្រទេស​មីយ៉ាន់ម៉ា​។

លោក​ស្រី​ Aung San Suu Kyi​ ថ្លែង​ថា​៖​ ​«ប្រសិន​បើ​យើង​មិន​ធ្វើ​ការ​កែ​ប្រែ​រដ្ឋធម្មនុញ្ញ​មាត្រា៤៣៦​ ទេ​នោះ​ វា​មាន​ន័យ​ថា​ ក្រុម​ទាហាន​នឹង​នៅ​តែ​បន្ត​មាន​សិទ្ធិធ្វើ​វេតូ​(Veto) ​លើ​អ្វី​ដែល​គេ​អាច​ឬ​មិន​អាចកែ​ប្រែ​បាន។ ហើយ​ខ្ញុំ​គិត​ថា​ អ្នក​ដែល​មាន​សិទ្ធិ​ធ្វើ​ដូច្នោះ​គឺ​គួរ​តែ​ជា​អ្នកតំណាងរាស្ត្រ​ដែល​កើត​ចេញពី​ការជាប់ឆ្នោត នឹងគាំទ្រ​ដោយ​ប្រជា​ពលរដ្ឋ។»

យោងតាម​មាត្រា​ ៤៣៦​ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​មីយ៉ាន់ម៉ា​ចែង​ថា​ ដើម្បី​អាច​ធ្វើ​វិសោធនកម្ម​ច្បាប់​ណា​មួយ​ សភា​ត្រូវការ​សំឡេង​គាំទ្រ​យ៉ាងតិច ​៧៥​% ដែល​មាន​ន័យថាមាត្រានេះ​ បាន​ផ្ដល់​សិទ្ធិ​វេតូ​ទៅ​ឲ្យ​ក្រុម​ទាហាន ដែល​ក្ដោបក្ដាប់សំឡេង​មួយ​ភាគ​បួន​ក្នុង​សភារួច​ជា​ស្រេច​ទៅ​ហើយ។

​យុទ្ធនាការ​នៃ​ការ​ប្រមូល​ស្នាម​មេដៃ​ដើម្បី​ដាក់​ញត្តិ​នេះ ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៩​ខែ​កក្កដា​ខាងមុខ។

លោក​ Ko Ni​ ទី​ប្រឹក្សា​ច្បាប់​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ ហើយ​លោក​ក៏​មាន​តួនាទី​ នៅ​ក្នុង​គណៈកម្មាធិការ​វិសោធនកម្ម​របស់​គណបក្ស​នេះ​ដែរ​។ ​លោក​ទទួល​ស្គាល់​ថា​ ​វា​ពិត​ជា​រឿង​ដ៏​លំបាកមួយ​ សម្រាប់​គណបក្ស​របស់​លោក​ ក្នុង​ការ​ទាម​ទារ​ឲ្យ​គេ​យល់​ព្រម​ធ្វើ​វិសោធនកម្មរដ្ឋ​ធម្មនុញ្ញ​លើ​មាត្រា​ ៤៣៦ ​ពីព្រោះ​ គណបក្ស​របស់​លោក​មាន​អាសនៈត្រឹម​តែ ​៧%ប៉ុណ្ណោះ​ក្នុង​រដ្ឋសភា។​

ទីប្រឹក្សា​ដដែលសង្ឃឹម​ថា​ យុទ្ធនាការ​ប្រមូល​ហត្ថលេខា​របស់​ប្រជា​ពលរដ្ឋ​នឹង​ក្លាយ​ជា​កម្លាំង​ចលករ​មួយ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​កែប្រែ​។ ​ក៏​ប៉ុន្តែ​លោក​បញ្ជាក់​ថា​ ចង់​មិន​ចង់​វា​នៅ​តែ​ត្រូវការ​សំឡេង​គាំទ្រ​ពីមន្ត្រី​យោធា​មួយ​ចំនួន​ដែល​មាន​ឆន្ទៈ​ចង់​ងាក​ចេញ​ពី​សមាជិក​សភា​ក្រុម​យោធា។

​លោក​ Ko Ni​ ថ្លែង​ដូច្នេះ​ថា​៖ ​«ខ្ញុំ​គិត​ថា ​វា​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​ទេ ក៏​ប៉ុន្តែ​យើង​ឃើញ​សំពាធពី​ប្រជាពលរដ្ឋ​ ដែល​ចង់​ឲ្យ​មានកែប្រែ​មាន​កាន់តែ​ច្រើន។ ​ប្រសិន​បើ​ពួក​គេ​ពិតជា​គោរព​ឆន្ទៈ​របស់​ពលរដ្ឋ​ ​ពួកគេ​ប្រហែល​ជា​អាច​យល់​ព្រម​ ធ្វើ​វិសោធនកម្ម​លើ​មាត្រា​នោះ។ ​ប្រសិន​បើ​គេ​មិនហ៊ាន​ទេ​នោះ យុទ្ធនា​ការ​របស់​យើងទំនង​ជា​មិន​បាន​ជោគជ័យ​ទេ។»

​លោក ​Ko Ni ​បន្ថែម​ថា​ បើ​ទោះ​បី​ជាសំណើ​ធ្វើ​វិសោធនកម្ម​អាច​ឆ្លង​ផុត​សភា​ដោយ​សំឡេង​ភាគ​ច្រើន​ ៧៥%​យ៉ាងណាក្ដី​ វា​ត្រូវ​ការ​សំឡេង​គាំទ្រ​យ៉ាង​តិច​ ៥១%​ ទៀត​ ពី​ការ​ធ្វើ​ប្រជាមតិ​ទូទាំង​ប្រទេស​ មុន​នឹង​គេ​អាច​ដក​ចេញ​សិទ្ធិ​ធ្វើ​វេតូ​ របស់​ក្រុម​ទាហាន​បាន។​

ចាប់​តាំង​ពី​រដ្ឋាភិបាល​របស់​លោក​ Thein Sein ​បាន​ចូល​កាន់​អំណាច​ចាប់​តាំង​ពី​ឆ្នាំ​២០១០ មក​ រដ្ឋាភិបាល​នេះ​បាន​រង​ការ​រិះគន់​ថា ​ជា​រដ្ឋាភិបាលស៊ីវិល​ដែល​មាន​តែ​ឈ្មោះ​ ​និង​កើត​ចេញ​ដោយ​ការ​លើក​បន្តុប​ដោយ​ក្រុម​យោធា។ ​ជា​ឧទាហរណ៍​ការ​ធ្វើវិសោធនកម្មច្បាប់​រដ្ឋ​ធម្មនុញ្ញ​ត្រូវ​សុំការ​អនុញ្ញាត​ពី​យោធា​។

ថ្លែង​នៅ​ក្នុង​បណ្ឌិត​សភា ​យោធា​នៅ​រដ្ឋធានី​ណៃពិដោ​ (Naypyitaw) ​កាល​ពី​ ចុង​ខែ​មិថុនា​លោក​ ឧត្ដមសេនីយ៍​ទោ​របស់​សហរដ្ឋ​អាមេរិក​ Anthony​ Crutchfield​ ថ្លែង​ទៅ​កាន់​មន្ត្រី​យោធា​ថា ​កងកម្លាំង​យោធា​ដែល​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ គឺ​ចាំ​បាច់​ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​ស៊ីវិល ​មិន​មែន​បញ្ច្រាស​ពី​នេះ​ទេ។​

​ក្រុម​មេដឹកនាំ​យោធា​ភាគ​ច្រើន​តែង​ពន្យល់​ថា ​អំណាច​នយោបាយ​របស់​ខ្លួន​សំខាន់ដើម្បី​ទប់​ស្កាត់​ភាព​ចលាចល​នៅ​ក្នុង​ប្រទេស។ ប៉ុន្តែ​លោក David Law ​សាស្ត្រាចារ្យ​ច្បាប់​និង​វិទ្យាសាស្ត្រ​នយោបាយ​ នៅ​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន​ បាន​ហៅ​ការ​អះអាង​បែប​នេះ​ថា ​ជាលេសបម្រើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​តែប៉ុណ្ណោះ​។

ទោះបី​ជា​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ តាមរយៈ​ផ្លូវច្បាប់​មាន​ការ​លំបាក​ខ្លាំង​យ៉ាង​ណា​ក្តី​ ក៏​លោក​ Law បញ្ជាក់​ថា គេ​នៅ​មាន​វិធី​ផ្សេងៗ​ទៀត​ដើម្បី​បញ្ចៀស​ការ​លំបាក​ទាំង​នោះ ដូចជា តាម​រយៈ​តុលាការ​ធម្មនុញ្ញ​ ការ​ធ្វើ​ប្រជាមតិ​ថ្មី ឬ​តាម​សេចក្ដី​សម្រេច​របស់​តុលាការ។ ​ក៏​ប៉ុន្តែ​លោក​ព្រមាន​ថា​ ការ​ព្យាយាម​ដក​ហូត​អំណាច​ ពី​ក្រុម​យោធា​ប្រញាប់​ប្រញាល់​ពេក​នោះ​ អាច​នឹង​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​វិញ។

លោក​ David ​Law​ ថ្លែង​ថា៖​ «ប្រសិន​បើ​ពួក​គេ​មិន​មាន​អាសនៈ​នៅ​ក្នុង​សភា​ នោះ​គ្រោះថ្នាក់​ផ្សេង​វិញ​ត្រង់​ថា​ សភា​អាច​ធ្វើ​ការ​សម្រេច​តែ​ឯង ដែល​អាច​នាំ​ឲ្យ​ក្រុម​យោធា​ធ្វើ​រដ្ឋ​ប្រហារ។​ សំណួរ​សួរ​ថា តើ​អ្នក​អាច​បង្កើត​ប្រទេស​ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ​មួយ​ ដែល​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ក្រុម​ទាហាន ​អាច​មាន​សមត្ថភាព ​ឬ​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​(​ស៊ីវិល)​របស់​អ្នក។»

​ជំហាន​បន្ទាប់​ សម្រាប់​ការ​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​មាត្រា ៤៣៦​នេះ​ គឺ​ត្រូវ​រង់​ចាំ​គណៈកម្មាធិការ​រដ្ឋសភា​ប្រទេស​មីយ៉ាន់ម៉ា​រៀបចំ​ជា​សេចក្ដី​ព្រាង​ និងដាក់​ចូល​ក្នុង​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​ ដែល​គេ​រំពឹង​ទុក​ថានឹង​អាច​ចាប់​ផ្ដើម​មុន​ដំណាច់​ខែ​កក្កដា​នេះ៕

XS
SM
MD
LG