បណ្តាប្រទេសនៅក្នុងអនុតំបន់ទន្លេមេគង្គបានប្រមូលផ្តុំគ្នាក្នុងទីក្រុងភ្នំពេញនៅថៃ្ងពុធនេះដើម្បីរិះរកមធ្យោបាយឲ្យកាន់តែមានប្រសិទិ្ធភាព ដើម្បីពង្រឹងកិច្ចសហប្រតិបតិ្តការអន្តរជាតិលើការស៊ើបអង្កេត និងការផ្តន្ទាទោសពួកជួញដូរមនុស្ស។
អ្នកចូលរួមចំនួន៤៥នាក់មកពីប្រទេសចំនួនប្រាំមួយនៅក្នុងអនុតំបន់ទន្លេមេគង្គ រួមមានប្រទេសកម្ពុជា ប្រទេសចិន ប្រទេសឡាវ ប្រទេសភូមា ប្រទេសថៃ និងប្រទេសវៀតណាម បានចាប់ផ្តើមពិភាក្សាលើប្រធានបទសំខាន់បី នៅក្នុងសិក្ខាសាលារយៈពេលបីថ្ងៃ គឺកិច្ចសហប្រតិបតិ្តការក្រៅផ្លូវការរវាងនគរបាលនៃប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ កិច្ចសហប្រតិបតិ្តការផ្លូវការលើផ្នែកច្បាប់ពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស និងតួនាទីរបស់ទីភ្នាក់ងារជួយគាំពារជនរងគ្រោះ។
លោកស្រី Lisa Rende Taylor ប្រធានទីប្រឹក្សាបចេ្ចកទេសនៃអង្គការសហប្រជាជាតិ UNIAP បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន នៅក្នុងពេលសម្រាកពិសាកាហ្វេថា តាមការប៉ាន់ស្មាន ប្រជាពលរដ្ឋកម្ពុជាជាង២០០០០នាក់ត្រូវបានគេជួញដូរក្នុងមួយឆ្នាំៗ ហើយតួលេខនេះមានលក្ខណៈស្រដៀងគ្នានឹងបណ្តាប្រទេសក្នុងតំបន់។
លោកស្រី Lisa Rende Taylor បានបញ្ជាក់យ៉ាងដូច្នេះថា៖
«ការជួញដូរមនុស្សនៅកម្ពុជាមានទម្រង់ច្រើនយ៉ាងណាស់។ ដូច្នេះ វាពិបាក មិនអាចគូរទម្រង់តាមតែវិធីមួយប៉ុណ្ណោះទេ។ មានករណីជួញដូរផ្លូវភេទជាច្រើន ព្រមទាំងមានករណីជួញដូរពលកម្មជាច្រើន»។
ការសិក្សារបស់អង្គការសហប្រជាជាតិ UNIAP ក្នុងឆ្នាំ២០០៨ ឆ្នាំ២០០៩ និង២០១០បានរកឃើញថា មានការជួញដូរមនុស្សពីប្រទេសកម្ពុជាទៅប្រទេសថៃច្រើនរាប់រយពាន់នាក់ ដើម្បីស្វែងរកការងារធើ្វ។
លោកស្រី Lisa Rende Taylor បានលើកឡើងថា ប្រជាពលរដ្ឋខែ្មរទាំងនេះអាចនឹងត្រូវគេជួញដូរ និងធើ្វអាជីវកម្មដោយងាយស្រួល។
លោកអង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថែ្លងបើកសិក្ខាសាលានេះថា ការឆ្លើយតបថ្នាក់តំបន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សគឺជាជម្រើសដ៏មានប្រសិទិ្ធភាពយ៉ាងពិតប្រាកដ។
«ផែនការសកម្មភាពអនុតំបន់ទី៣ ដែលបានចាប់ផ្តើមពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៣ ទាមទារឲ្យរដ្ឋជាសមាជិកកំណត់អំពីភាពខ្វះចន្លោះក្នុងការឆ្លើយតប នាពេលបច្ចុប្បន្ន ចំពោះការជួញដូរមនុស្សក្នុងមហាអនុតំបន់ និងចាត់វិធានការដោះស្រាយភាពខ្វះចន្លោះទាំងនោះឲ្យបានប្រសិទិ្ធភាព។ សិក្ខាសាលានាពេលនេះគឺជាឧបករណ៍មួយក្នុងជំហាន ដែលកំពុងអនុវត្តដើម្បីកំណត់ការវិវត្ត ដែលបានធ្វើកន្លងមកក្នុងកិច្ចសហប្រតិបតិ្តការដើម្បីប្រឆាំងអំពើជួញដូរមនុស្ស និងកំណត់វិស័យដែលគួរពង្រឹងបន្ថែម»។
លោកឧត្តមសេនីយ៍ទោ ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃដែលបានចូលរួមក្នុងសិក្ខាសាលានេះ បានថែ្លងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានក្រៅកិច្ចប្រជុំថា ការជួញដូរមនុស្សឆ្លងដែនទៅធើ្វជាអ្នកនេសាទនៅប្រទេសថៃមានសភាពស្ងាត់ ប៉ុន្តែអាជ្ញាធរកម្ពុជានៅតែខំប្រឹងប្រែងទប់ស្កាត់ករណីជួញដូរមនុស្សនេះ។
«សិក្ខាសាលានេះគឺមានសារៈសំខាន់សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិទាក់ទិនទៅនឹងប្រទេសនៅក្នុងអនុតំបន់ទន្លេមេគង្គ ហើយក្នុងការជួយគ្នាទៅវិញទៅមកទាក់ទងទៅនឹងការជួយជនរងគ្រោះ និងការផ្តន្ទាទោសជនល្មើស។ យើងមិនចង់ឲ្យមាននិទណ្ឌភាពក្នុងការជួញដូរមនុស្សនេះទេ»។
ពលករខ្មែរជាង៦០នាក់ ដែលត្រូវបានជួញដូរឲ្យទៅធើ្វជាអ្នកនេសាទនៅប្រទេសថៃ ត្រូវបានបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញកាលពីចុងឆ្នាំ២០១១ បន្ទាប់ពីបានឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសឥណ្ឌូនេស៊ី និងត្រូវបានចាប់ខ្លួនដោយអាជ្ញាធរឥណ្ឌូនេស៊ី៕