អាជ្ញាធរថៃបានប្រាប់ VOA កាលពីដើមខែកុម្ភៈថា ប្រតិបត្តិការឆបោកតាមអនឡាញនៅក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងពង្រីកទៅទិសខាងត្បូងនៅតាមព្រំដែនជាប់ជាមួយប្រទេសថៃ ហើយពួកគេនៅតែបន្តធ្វើប្រតិបត្តិការដដែល ដរាបណាពួកគេនៅតែអាចបន្តប្រើប្រាស់ស៊ីមកាត ផ្កាយរណប Starlink អគ្គិសនី និងអ្នកប្រព្រឹត្តបទល្មើសឆបោកដែលជាធនធានរបស់ពួកគេ។
ក្រុង Myawaddy នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតនៅទល់មុខទីក្រុង Mae Sot របស់ប្រទេសថៃ គឺជា «រដ្ឋធានីសាកល» នៃក្រុមឆបោកតាមអនឡាញ។ នេះបើតាមការបញ្ជាក់របស់លោក Rangsiman Rome ដែលជាតំណាងរាស្ត្រគណបក្ស People's Party ដែលជាគណបក្សប្រឆាំងនៅប្រទេសថៃ និងជាប្រធានគណៈកម្មាធិការសន្តិសុខជាតិនិងកិច្ចការព្រំដែននៃរដ្ឋសភាថៃ។
លោក Rangsiman បានលើកឡើងដូច្នេះថា៖ «នៅពេលយើងនិយាយពីរឿងនេះ យើងចាត់ទុកតំបន់នេះថាជាអាណាចក្ររបស់ពួកគេ»។ លោកបានប៉ាន់ប្រមាណថា ជនប្រព្រឹត្តការឆបោកមានចំនួនប្រមាណ ៣០០.០០០ នាក់នៅក្នុងទីតាំងសំខាន់ៗយ៉ាងតិចចំនួន ៤០ កន្លែង។
លោកថ្លែងថា៖ «ពួកគេឆបោកបានទឹកប្រាក់ច្រើនជាងផលិតផលក្នុងស្រុកសរុបទាំងអស់របស់ប្រទេសមួយចំនួនទៅទៀត ហើយមើលទៅប្រតិបត្តិការរបស់ពួកគេហាក់គ្មានទីបញ្ចប់នោះទេ»។
មន្ត្រីប៉ូលិស អ្នកនយោបាយ និងអតីតអ្នកប្រព្រឹត្តការឆបោកបានប្រាប់ VOA ថា ដោយអំណាចនៃទឹកប្រាក់ខុសច្បាប់រាប់ពាន់លានដុល្លារដែលរកបានពីការឆបោក មេឧក្រិដ្ឋកម្មបានផ្លាស់ប្ដូរទីកន្លែងរបស់ពួកគេពីក្រុង Myawaddy ទៅទីតាំងថ្មីនៅភាគខាងត្បូងនៅតាមបណ្ដោយព្រំដែនជាប់ជាមួយប្រទេសថៃ។
មូលដ្ឋានថ្មីសម្រាប់ប្រតិបត្តិការឆបោកត្រូវបានបង្កើតឡើងរួចហើយនៅចម្ងាយរាប់រយគីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Mae Sot របស់ថៃ ក្នុងតំបន់ព្រំដែននៃប្រទេសមីយ៉ាន់ម៉ាដែលកាន់កាប់ដោយក្រុមឧទ្ទាមភាគតិចចាប់ពីស្រុក Sangkhlaburi របស់ថៃឡើងទៅ។ នេះបើតាមការបញ្ជាក់របស់អនុព័ន្ធសន្តិសុខមួយរូបដែលសុំមិនបញ្ចេញឈ្មោះនៃស្ថានទូតមីយ៉ាន់ម៉ាប្រចាំទីក្រុងបាងកក ដែលដោះស្រាយដោយផ្ទាល់ជាមួយជនរងគ្រោះនៃអំពើឆបោក។
ការទទួលផលប្រយោជន៍ពីក្រុមឧក្រិដ្ឋជនឆ្លងដែនដ៏គ្រោះថ្នាក់និងការការពាររបស់ក្រុមប្រដាប់អាវុធភាគតិចនិងរបបយោធាមីយ៉ាន់ម៉ា បានជួយឲ្យក្រុមជនអន្ធពាលឆបោកទាំងនេះរីកលូតលាស់ស្ទើរតែបើកចំហតែម្ដង។
លោក Rangsiman ថ្លែងដូច្នេះថា៖ «អ្វីដែលខ្ញុំព្រួយបារម្ភបំផុតនោះគឺលុយខុសច្បាប់របស់ថៃត្រូវបានប្រើជាឈ្នាន់សម្រាប់លុយខុសច្បាប់របស់ចិន ដែលធ្វើឲ្យការអនុវត្តច្បាប់កាន់តែមិនអាចទៅរួច»។
ការបាត់បង់ប្រាក់រាប់ពាន់លានដុល្លារ
របាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) កាលពីឆ្នាំមុនបានប៉ាន់ប្រមាណថា ទឹកប្រាក់ចន្លោះពី ១៨ ពាន់លានដុល្លារទៅ ៣៧ ពាន់លានដុល្លារបានបាត់បង់នៅក្នុងអំពើឆបោកនៅទូទាំងតំបន់អាស៊ីខាងកើតនិងអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២៣។
បណ្ដាញក្រុមឆបោកទាំងនេះភាគច្រើនធ្វើប្រតិបត្តិការដោយក្រុមឧក្រិដ្ឋជនចិននៅក្នុងប្រទេសចិននិងប្រទេសផ្សេងទៀត ដោយប្រើប្រាស់ជនបរទេសមកពីជុំវិញពិភពលោកដើម្បីធ្វើប្រតិបត្តិការឆបោកបែបស្នេហាឬបែបវិនិយោគ។
ពួកគេស្វែងរកជនរងគ្រោះតាមអនឡាញឬតាមរយៈការទូរស័ព្ទទៅផ្ទាល់តែម្ដង។ ជនរងគ្រោះភាគច្រើនត្រូវបានបោកបញ្ឆោតឲ្យធ្វើដំណើរទៅប្រទេសថៃដើម្បីទទួលបានការងារដែលមានប្រាក់ខែខ្ពស់ ប៉ុន្តែធាតុពិតពួកគេត្រូវបានជួញដូរទៅប្រទេសមីយ៉ាន់ម៉ាឲ្យធ្វើការជាជនឆបោកតាមអនឡាញផ្ទុយពីឆន្ទៈរបស់ពួកគេ។
កាលពីឆ្នាំមុន អាជ្ញាធរចិនបានឆ្លងចូលទៅក្នុងប្រទេសមីយ៉ាន់ម៉ានិងបានចាប់ខ្លួនជនជាតិរបស់ខ្លួនជាង ៥០.០០០ នាក់ដែលធ្វើប្រតិបត្តិការមជ្ឈមណ្ឌលឆបោកនៅតាមបណ្ដោយព្រំដែនខាងកើតរបស់មីយ៉ាន់ម៉ាជាប់នឹងខេត្ត Yunnan របស់ចិន។
លោក Liu Zhongyi អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈរបស់ចិន បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Mae Sot នៃប្រទេសថៃកាលពីថ្ងៃទី ២៩ ខែមករាកន្លងទៅនេះ ដែលជាទស្សនកិច្ចបង្ហាញពីការផ្ដល់អាទិភាពរបស់រដ្ឋាភិបាលចិនលើបញ្ហាឆបោកតាមអនឡាញនៅក្រុង Myawaddy។ នេះបើយោងតាមលោក Thatchai Pitanilabut ដែលជាអគ្គស្នងការនគរបាលថៃនិងជាប្រធានកងកម្លាំងប្រយុទ្ធប្រឆាំងបទល្មើសមជ្ឈមណ្ឌលឆបោកតាមទូរស័ព្ទនិងការជួញដូរមនុស្ស (Combat Call Center Crimes and Human Trafficking Task Force)។
លោកបានប្រាប់អ្នកសារព័ត៌មានថា៖ «រដ្ឋាភិបាលចិនកំពុងយកចិត្តទុកដាក់លើបញ្ហានេះយ៉ាងម៉ឺងម៉ាត់។
លោកបន្តថា ប្រទេសថៃដែលជា «ច្រកចេញចូល» នៃទីតាំងប្រតិបត្តិការឆបោក ត្រូវតែដោះស្រាយបញ្ហានេះដោយសារតែវាធ្វើឲ្យប្រទេសនេះមានរូបភាពអាក្រក់ដោយត្រូវគេមើលឃើញថាជាប្រទេសដែលសមគំនិតក្នុងអំពើជួញដូរមនុស្សដើម្បីយកទៅដាក់នៅមជ្ឈមណ្ឌលឆបោក»។
អាជ្ញាធរអនុវត្តច្បាប់របស់ថៃដែលកំពុងធ្វើការជាមួយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀននិងឧក្រិដ្ឋកម្មនិងស្ថាប័នដទៃទៀតលើបញ្ហានេះបានអះអាងថា ពួកគេប្ដេជ្ញាជួយសង្គ្រោះនិងការពារជនរងគ្រោះនៃអំពើជួញដូរមនុស្ស ក៏ដូចជាស៊ើបអង្កេតនិងកាត់ទោសអ្នកប្រព្រឹត្តបទល្មើសមជ្ឈមណ្ឌលឆបោកនិងអំពើជួញដូរមនុស្សផងដែរ។
តើជនឆបោកទាំងនោះជាជនរងគ្រោះឬមិនមែន?
ខណៈដែលការបង្ក្រាបទៅលើក្រុមនេះអាចនឹងធ្វើឡើងនាពេលឆាប់ៗនេះ ក្រុមអ្នកការពារសិទ្ធិមនុស្សកំពុងជំរុញរដ្ឋាភិបាលថៃឲ្យធានាថា ជនបរទេសដែលត្រូវបានបោកបញ្ឆោតឲ្យមកធ្វើការនៅតាមមជ្ឈមណ្ឌលឆបោកត្រូវតែដោះលែងឲ្យមានសេរីភាពនិងត្រូវចាត់ទុកថាជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស។
មនុស្សមួយចំនួនទៀតដែលទើបរត់គេចពីមជ្ឈមណ្ឌលឆបោកនៅក្រុង Myawaddy បានរៀបរាប់អំពីទិដ្ឋភាពស្មុគស្មាញពាក់ព័ន្ធនឹងមូលហេតុដែលជំរុញឲ្យជនឆបោកទាំងនេះធ្វើបែបនេះ។
ជនជាតិហ្វីលីពីនម្នាក់ដែលសុំប្រើឈ្មោះ May ដែលមិនមែនជាឈ្មោះពិតរបស់ខ្លួន ធ្លាប់បានស្ម័គ្រចិត្តចូលទៅធ្វើការក្នុងមជ្ឈមណ្ឌលឆបោកដ៏អាក្រក់បំផុតមួយនៅមីយ៉ាន់ម៉ា។
ជនជាតិហ្វីលីពីននោះបានប្រាប់ VOA ថា៖ «រឿងឆបោកនេះត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាននិងបណ្ដាញសង្គមអនឡាញគ្រប់កន្លែងទាំងអស់។ ដូច្នេះ វាមិនអាចទៅរួចទេដែលថាពួកគេមិនបានដឹងអំពីការឆបោកនេះ»។
ជនជាតិហ្វីលីពីននោះបានបន្ថែមថា៖ «វាជារឿងដ៏គួរឲ្យសោកស្ដាយ ប៉ុន្តែវាជាការពិត។ ...លុយគឺជាមូលហេតុតែមួយគត់ ហើយវាបានទាក់ទាញមនុស្សឲ្យចូលទៅធ្វើការនេះ»។
ជនជាតិហ្វីលីពីននោះបានបញ្ជាក់ទៀតថា ដោយសារតែការភ័យខ្លាចថាមានការបង្ក្រាបដែលដឹកនាំដោយចិន មេខ្លោងរបស់ក្រុមឆបោកពេលនេះបានប្ដូរយុទ្ធសាស្ត្រដោយពួកគេគិតថាត្រូវជួលមនុស្សបែបណាដើម្បីធ្វើប្រតិបត្តិការនេះ ជាជាងប្រើប្រាស់មនុស្សដែលត្រូវបានគេជួញដូរមក។
ជនជាតិហ្វីលីពីននោះថ្លែងដូច្នេះថា៖ «គោលការណ៍ថ្មីរបស់ពួកគេគឺថា អ្នកដែលចូលមកធ្វើការនេះត្រូវតែដឹងថាពួកគេកំពុងធ្វើការអ្វី»៕