យោធាបានបញ្ជាក់ថា មូលដ្ឋានទ័ពអាកាសមីយ៉ាន់ម៉ាចំនួន២កន្លែង បានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែតកាលពីថ្ងៃព្រហស្បតិ៍ ខណៈប្រទេសនេះកំពុងប្រឈមនឹងអំពើហិង្សា បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ។ ប្រទេសមីយ៉ាន់ម៉ាមានភាពច្របូកច្របល់ ចាប់តាំងពីពួកឧត្តមសេនីយ៍បានដណ្តើមអំណាច ដោយផ្តួលរំលំមេដឹកនាំស៊ីវិល គឺលោកស្រី Aung San Suu Kyi និងមានការតវ៉ាស្ទើររាល់ថ្ងៃទាមទារឱ្យមានលទ្ធិប្រជាធិបតេយ្យឡើងវិញ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្រុមឃ្លាំមើលក្នុងតំបន់បានឲ្យដឹងថា កម្លាំងសន្តិសុខបានព្យាយាមបង្ក្រាបការតវ៉ាដោយធ្វើការបង្ក្រាបដ៏ឃោរឃៅទៅលើបាតុកម្មដែលមានជនស៊ីវិលជាង៧៥០នាក់បានស្លាប់។
ការប្រយុទ្ធគ្នាក៏បានផ្ទុះឡើងរវាងពួកយោធានិងកងទ័ពឧទ្ទាមជនជាតិភាគតិចនៅមីយ៉ាន់ម៉ាជាច្រើនដែលខ្លះ បានគាំទ្រចលនាតវ៉ានិងបានផ្តល់ជម្រកដល់ក្រុមសកម្មជនដែលកំពុងរត់គេចពីរបបយោធា។
អ្នកនាំពាក្យយោធាបាននិយាយថា មូលដ្ឋានទ័ពអាកាសនៅកណ្តាលទីក្រុង Magway និង Meiktila រងការបាញ់ប្រហារដោយរ៉ុក្កែតកាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ប៉ុន្តែពុំមានការខូចខាតទេ។ គេមិនទាន់ដឹងច្បាស់ទេថា នរណានៅពីក្រោយការវាយប្រហារនោះ ប៉ុន្តែយោធាបានធ្វើការវាយប្រហារតាមអាកាសក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រឆាំងនឹងសហភាពជាតិការ៉ែន (KNU) ដែលជាក្រុមឧទ្ទាមជនជាតិភាគតិចមួយក្នុងចំណោមក្រុមឧទ្ទាមទាំងនោះ។
សហភាពជាតិការ៉ែនដែលកាន់កាប់ទឹកដីនៅជិតព្រំដែនប្រទេសថៃ កាលពីថ្ងៃអង្គារបានវាយប្រហារប៉ុស្តិ៍យោធាមួយដែលជំរុញឱ្យយោធាឆ្លើយតបដោយការវាយប្រហារតាមអាកាស។ ការកើនឡើងនៃការប៉ះទង្គិចគ្នារវាងយោធានិងក្រុមឧទ្ទាមជនជាតិភាគតិច បាននាំឱ្យអ្នកសង្កេតការណ៍មួយចំនួនរួមទាំងអ. ស. ប. ព្រមានថា វិបត្តិរបស់ប្រទេសនេះ អាចឈានដល់ជម្លោះកាន់តែទូលំទូលាយ។ ក្រុមឃ្លាំមើលក្នុងតំបន់បានឱ្យដឹងថា ជនស៊ីវិលប្រហែល៧៥៦នាក់ ត្រូវបានសម្លាប់និងជាង៤.៥០០ នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្ក្រាបរបស់យោធាទៅលើការតវ៉ា។
អាជ្ញាធរយោធាដែលបានចាត់ទុក AAPP ថា ជាអង្គការមិនស្របច្បាប់ ដោយនិយាយថា មានតែបាតុករ២៥៨នាក់ប៉ុណ្ណោះ ដែលត្រូវបានសម្លាប់រួមជាមួយប៉ូលីស១៧នាក់ និងទាហាន៧នាក់។ លោកស្រី ស៊ូជី ដែលត្រូវបានឃុំឃាំងក្នុងផ្ទះចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ហើយហាក់ដូចជាមិនបានដឹងអំពីភាពវឹកវរដែលកំពុងកើតមាននៅក្នុងប្រទេសនោះទេ។ មេដឹកនាំការតវ៉ាក៏កំពុងប្រឈមមុខនឹងការចាត់វិធានការតាមផ្លូវច្បាប់មួយជាមួយលោក Wai Moe Naing ដែលត្រូវបានចោទប្រកាន់ពីបទឃាតកម្មនិងក្បត់ជាតិនេះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋ៕