ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ភូមិ​មីយ៉ាន់ម៉ា​រាប់ពាន់នាក់​ត្រៀម​ខ្លួន​រត់​គេច​ពី​អំពើហិង្សា​ទៅ​កាន់​ប្រទេស​ថៃ


អ្នកភូមិជនជាតិភាគតិច Karen ដែលបានរត់គេចពីជំរំ Ee Thu Hta ដោយសារការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ានិងក្រុមឧទ្ទាម Karen កំពុងសម្រាកនៅភូមិ Mae Hong Son ក្នុងប្រទេសថៃ កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២១។
អ្នកភូមិជនជាតិភាគតិច Karen ដែលបានរត់គេចពីជំរំ Ee Thu Hta ដោយសារការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ានិងក្រុមឧទ្ទាម Karen កំពុងសម្រាកនៅភូមិ Mae Hong Son ក្នុងប្រទេសថៃ កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២១។

អ្នកភូមិ​ជនជាតិ​ភាគ​តិច​ Karen រាប់​ពាន់​នាក់នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​ត្រៀម​ខ្លួន​ឆ្លង​ព្រំដែន​ទៅ​កាន់​ប្រទេស​ថៃ ​តាម​ការរំពឹង​ទុក ស្របពេល​ដែល​មាន​ការប្រយុទ្ធគ្នា​កាន់​តែ​ខ្លាំងឡើងៗ​រវាង​យោធា​មីយ៉ាន់ម៉ា​និង​ក្រុម​ឧទ្ទាម​ Karen។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្រុម​ឧទ្ទាម Karen និង​យោធា​មីយ៉ាន់ម៉ា បាន​ប្រយុទ្ធ​គ្នា​ក្បែរ​ព្រំដែន​ថៃនៅប៉ុន្មាន​សប្ដាហ៍​នេះ ​ចាប់​តាំង​ពី​ថ្ងៃទី ១ ខែកុម្ភៈមក នៅ​ពេល​ដែលនាយ​ឧត្តមសេនីយ៍​យោធា​មីយ៉ាន់ម៉ា​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ដែល​ដឹក​នាំ​ដោយ​អ្នកស្រី Aung San Suu Kyi ដែលបាន​បង្ក​ឲ្យ​អ្នកភូមិ​នៅ​ជាប់​ព្រំដែន​ទាំង​សង​ខាង​គ្មានទីកន្លែង​រស់​នៅ។

លោក Chu Wah បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ថា៖ «ប្រជាជន​និយាយ​ថា ទាហាន​មីយ៉ាន់ម៉ា​នឹង​មក​បាញ់​ពួក​យើង ដូច្នេះ​យើង​បាន​រត់គេច​ខ្លួន​ចេញពីទី​នេះ»។

អ្នក​ភូមិ​ជនជាតិ​ភាគតិច Karen ម្នាក់​បាន​និយាយ​ថា លោកបាន​ឆ្លង​ព្រំដែន​ទៅ​កាន់​ប្រទេស​ថៃ​ជាមួយ​ក្រុម​គ្រួសារ​ក្នុង​សប្ដាហ៍​នេះ ដោយ​ចាក​ចេញ​ពី​ជំរំ Ee Thu Hta ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

លោក Chu Wah បាន​និយាយថា​៖ «ខ្ញុំត្រូវ​ឆ្លង​ទន្លេ» ដោយ​និយាយ​សំដៅ​ទន្លេ Salween ដែល​បែង​ចែក​ព្រំដែន​ប្រទេសមីយ៉ាន់ម៉ា​និងថៃ។

ក្រុម​បណ្ដាញ​គាំទ្រ​សន្តិភាព Karen បាន​និយាយ​ថា ​អ្នកភូមិ​រាប់ពាន់​នាក់​កំពុង​ស្នាក់នៅ​ជាប់​ទន្លេ​Salween ខាង​ប្រទេស​មីយ៉ាន់ម៉ា ហើយ​ពួក​គេ​នឹង​ឆ្លងទៅ​ប្រទេស​ថៃ បើសិន​ជា​ការ​ប្រយុទ្ធ​គ្នា​កាន់តែរីកធំ​ឡើង។

ក្រុម​នេះ​បាន​បង្ហោះ​សារ​ក្នុង​បណ្ដាញ​សង្គម Facebook ថា៖ «នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ពលរដ្ឋ​ Karen ជាង​ ៨០០០ នាក់ នៅ​តាម​បណ្ដោយ​ទន្លេ Salween នឹងឆ្លងទៅ​ប្រទេស​ថៃ។ យើង​សង្ឃឹម​ថា ទាហាន​ថៃ ​នឹង​ជួយ​យើង​រត់គេចពី​សង្គ្រាម​នេះ»។

ក្រុម​អ្នក​ប្រយុទ្ធ Karen កាលពី​ថ្ងៃ​អង្គារ បាន​វាយ​កម្ទេច​មូលដ្ឋានកងទ័ព​មីយ៉ាន់ម៉ា​នៅ​ភាគ​ខាង​លិច​ឆ្នេ​ទន្លេ Salween នៅ​ក្នុង​ការវាយ​ប្រហារ​មួយនាមុនពេល​ថ្ងៃ​រះ។ ក្រុម​ជន​ជាតិ​ភាគ​ Karen បាន​បញ្ចាក់​ថា ទាហានមីយ៉ាន់ម៉ា​ ១៣ ​នាក់ ​និងអ្នក​ប្រយុទ្ធ Karen ៣ នាក់​បាន​ស្លាប់។ យោធា​មីយ៉ាន់ម៉ា បាន​ធ្វើ​ការឆ្លើយ​តប​ដោយ​ការវាយ​ប្រហារ​តាម​អាកាស ​នៅ​ក្នុង​តំបន់​ជាច្រើន​នៅ​ជិត​ព្រំដែន​ថៃ៕

XS
SM
MD
LG