លោកស្រីអង់សាន ស៊ូជីមេដឹកនាំលម្អៀងទៅខាងលទ្ធិប្រជាធិបតេយ្យនៃប្រទេសភូមាបានចូលរួមជាមួយក្រុមជនរួមជាតិរបស់លោកស្រីរាប់លាននាក់ក្នុងការបោះឆ្នោត ដែលបានត្រូវពណ៌នាថា ជាការបោះឆ្នោតលើកទីមួយក្នុងប្រទេសនេះ ដែលមានភាពសេរីគួរសមនៅក្នុងរយៈពេលមួយភាគបួននៃមួយសតវត្សរ៍កន្លងមកនេះ។
លោកស្រីអង់សាន ស៊ូជីមិនបាននិយាយ ឬអបអរសាទរដល់ក្រុមអ្នកគាំទ្រលោកស្រី និងក្រុមអ្នកកាសែតច្រើននាក់ទេ នៅពេលដែលលោកស្រីបានអញ្ជើញទៅដល់ស្ថានីយ៍បោះឆ្នោតមួយនៅក្នុងក្រុង Rangoon នៅក្នុងអ្វីដែលលោក Steve Herman អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេ ដែលឋិតនៅក្នុងក្រុងធំបំផុតនៃប្រទេសភូមាបានពណ៌នាថាជា «កន្លែងមួយមានការស្រែកឡូឡាយ៉ាងខ្លាំង»។
ការបោះឆ្នោតរបស់លោកស្រីជាការបោះឆ្នោតផ្ទាល់ខ្លួនលើកទីមួយសម្រាប់ឥស្សរជនល្បីឈ្មោះខាងការពារលទ្ធិប្រជាធិបតេយ្យមានអាយុ ៧០ឆ្នាំរូបនេះ។លោកស្រីបានឋិតនៅក្នុងការឃុំឃាំងក្នុងផ្ទះនៅក្នុងការបោះឆ្នោតដោយសេរីនៃប្រទេសភូមាកាលពីឆ្នាំ ១៩៩០។
គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យហៅកាត់ថា NLD របស់បេក្ខជនជ័យលាភីពានរង្វាន់ណូបែលសន្តិភាពរូបនេះហាក់ដូចជាប្រុងប្រៀបនឹងឈ្នះការបោះឆ្នោតនៅថ្ងៃអាទិត្យនេះនៅក្នុងអ្វីដែលអាចជាការមានជាថ្មីឡើងវិញនូវជ័យជម្នះដ៏ធំមហិមានៅក្នុងការបោះឆ្នោតកាលពីឆ្នាំ ១៩៩០។ ក្រុមប្រឹក្សាយោធាភូមា ដែលគ្រប់គ្រងប្រទេសមិនបានអើពើដល់លទ្ធផលនៃការបោះឆ្នោតនោះទេហើយលោកស្រីអង់សាន ស៊ូជីបានឋិតនៅក្នុងការឃុំឃាំងក្នុងផ្ទះក្នុងភាគច្រើននៃរយៈពេល ២០ឆ្នាំបន្ទាប់មក។
លោកស្រីអង់សាន ស៊ូជីបានត្រូវរារាំងមិនឲ្យកាន់តំណែងប្រធានាធិបតីទេពីព្រោះរដ្ឋធម្មនុញ្ញនៅក្នុងប្រទេសភូមា បានរារាំងជនទាំងឡាយណា ដែលមានគូស្រករ ឬកូនកើតក្នុងប្រទេសក្រៅមិនឲ្យកាន់តំណែងប្រធានាធិបតីឡើយ។ស្វាមីលោកស្រីជាជនជាតិអង់គ្លេស ហើយកូនទាំងពីរនាក់របស់លោកស្រីបានកើតនៅក្នុងប្រទេសអង់គ្លេស។ ក៏ប៉ុន្តែលោកស្រីបានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រសិនបើគណបក្សលោកស្រីឈ្នះឆ្នោតលោកស្រីនឹងមានមុខនាទីមួយក្នុងរដ្ឋាភិបាល «ខ្ពស់ជាងតំណែងប្រធានាធិបតី»។ លោកស្រីមិនបានពន្យល់អំពីសេចក្តីថ្លែងដូចនេះរបស់លោកស្រីទេ៕