ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ស្រី អោង ​សាន​ស៊ូជី​ ទុកចិត្ត​លើលទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​មីយ៉ាន់ម៉ា


មេដឹកនាំ​គណបក្ស​ប្រឆាំង​មីយ៉ាន់ម៉ា​ លោកស្រី អោង​ សាន​ស៊ូជី ថ្លែង​សុន្ទរកថា​នៅ​ព្រឹក​ថ្ងៃចន្ទនេះ​ទៅ​កាន់​គាំទ្រ​គណបក្ស​របស់​លោក​ស្រី នៅ​ទីក្រុង​ Yangon ប្រទេស​មីយ៉ាន់ម៉ា​ កាលពីថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៥។

មេ​ដឹកនាំ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​ភូមា លោកស្រី អោង សាន​ស៊ូជី ​ថ្លែងថា ​គណបក្ស​របស់​លោកស្រី​ជា​គណបក្សឈ្នះ​ឆ្នោតយ៉ាង​ជាក់​ស្តែង ​នៅ​ក្នុង​ការ​បោះ​ឆ្នោតជ្រើស​តាំង​សមាជិក​សភា​ជា​ប្រវត្តិសាស្ត្រ​កាល​ពីថ្ងៃ​អាទិត្យ​នេះ។

ថ្លែង​នៅ​ថ្ងៃ​ចន្ទ​នេះ​ នៅ​ឯ​ទីស្នាក់​ការ​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ របស់​លោកស្រី​នៅ​ទីក្រុង ​Yangon ​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​រូប​នេះ បាន​ប្រាប់​ក្រុម​អ្នក​គាំ​ទ្រ​ដែលកំពុង​តែ​សប្បាយ​រីករាយ​ថា ​ទោះ​បី​ជា​វា​លឿន​ពេក​ក្នុង​ការ​សាទរ​បេក្ខជនរបស់​គណបក្ស​ដែល​ឈ្នះ​ឆ្នោតក៏​ដោយ ក៏​មនុស្ស​ម្នា​អាច​ដឹង​អំពី​លទ្ធផល​ចុងក្រោយ​ហើយ។

អ្នក​នាំ​ពាក្យ​គណបក្ស ​NLD ​លោក Win Htein ​បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ គណបក្ស​នេះ បាន​ឈ្នះ​សម្លេង​ឆ្នោត​ជាង​៧០​ភាគរយ។

លទ្ធផល​ជា​ផ្លូវ​ការ​ដើម​ដំបូង ត្រូវ​គ្រោង​ប្រកាស​កាលពី​ម៉ោង​៩​ព្រឹក ម៉ោង​ក្នុង​ស្រុក ក៏​ប៉ុន្តែ​ក្រុម​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​ពន្យា​ការ​ប្រកាស​រហូត​ដល់​ម៉ោង​៦​ល្ងាច​វិញ ដោ​យ​មិន​បាន​ផ្តល់​មូលហេតុ​សម្រាប់​ការពន្យា​ពេល​នេះ​ទេ។

គណបក្ស​ NLD ​ត្រូវគេ​រំពឹង​ថា​នឹង​ឈ្នះ​យ៉ាង​ងាយ​ស្រួល​លើ​គណបក្ស​គ្រប់​គ្រង​អំណាច គឺ​គណបក្ស​អភិវឌ្ឍន៍​សាមគ្គី​សហព័ន្ធ ​ដែល​មាន​សមាជិក​ពីអតីត​របប​យោធា​ផ្តាច់ការ​នៃ​ប្រទេស​មីយ៉ាន់​ម៉ា។​ សមាជិក​សភា​ម្នាក់​នៃ​គណបក្ស​នេះ គឺ​ប្រធាន​សភា ​Shwe Mann​ បាន​ប្រកាស​ចាញ់​គូ​ប្រជែង​របស់​លោក​ពី​គណបក្ស​ NLD ​រួច​ទៅ​ហើយ ក្នុង​កិច្ច​ប្រឹង​ប្រែងយក​កៅ​អីនៅ​ក្រុង Pyu៕

XS
SM
MD
LG