ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​មីយ៉ាន់ម៉ា​​ប្រើ​គ្រាប់បែក​ធ្វើ​ឲ្យ​ងងីងងើ​លើ​បាតុករ ខណៈ​រដ្ឋមន្ត្រី​អាស៊ាន​​គ្រោង​ប្រជុំ​ជាមួយ​យោធា​មីយ៉ាន់ម៉ា


ក្រុមអ្នកតវ៉ានាំគ្នាបាញ់ទឹកដើម្បីទប់ទល់នឹងឧស្ម័នបង្ហូរទឹកភ្នែកដែលប៉ូលិសបានបាញ់ដើម្បីបង្ក្រាបការប្រមូលផ្តុំរបស់ក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធានៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។
ក្រុមអ្នកតវ៉ានាំគ្នាបាញ់ទឹកដើម្បីទប់ទល់នឹងឧស្ម័នបង្ហូរទឹកភ្នែកដែលប៉ូលិសបានបាញ់ដើម្បីបង្ក្រាបការប្រមូលផ្តុំរបស់ក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធានៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។

ប៉ូលិស​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​បាញ់​ដើម្បី​បំបែក​ហ្វូង​បាតុករ​ដែល​តវ៉ា​ប្រឆាំង​រដ្ឋ​ប្រហារ​យោធា​ នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្តា​ប្រទេស​ជិត​ខាង​នៅ​អាស៊ីអាគ្នេយ៍​បាន​ប្រុង​ប្រៀប​ធ្វើ​ការ​ចរចា​ជាមួយ​ក្រុម​យោធា​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សន្តិវិធី​ចេញ​ពី​វិបត្តិ​នេះ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ការ​ចរចា​ដែល​គ្រោងធ្វើ​ឡើង​តាម​វីដេអូ កើត​មាន​ឡើង​ពីរ​ថ្ងៃ​បន្ទាប់​ពី​ការបង្ក្រាប​ដ៏​បង្ហូរ​ឈាមបំផុត​នៃ​ចលាចល​នៅ​មីយ៉ាន់ម៉ា​នេះ ចាប់​តាំង​ពីក្រុមយោធា​បាន​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នក​ស្រី Aung San Suu Kyi កាល​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​ខឹង​សម្បារ​និង​បាតុកម្ម​ដ៏​ធំ​នៅ​តាម​ផ្លូវ​ទូទាំង​ប្រទេស។

បាតុករ​រាប់​រយ​នាក់ ភាគ​ច្រើន​បាន​ពាក់​មួក​ការពារ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាងក្រោយ​របាំង​នៅ​តាមទីកន្លែង​នានា​នៃ​ទី​ក្រុង​រ៉ង់ហ្គូន ​ដើម្បី​ស្រែក​ពាក្យស្លោក​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​ពួក​យោធា។

មិន​មាន​សេចក្តី​រាយការណ៍​ពី​មនុស្ស​រង​របួស​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ទេ ក៏ប៉ុន្តែមនុស្ស​ ៤ នាក់ បាន​រង​របួស​នៅ​ក្នុង​ក្រុង Kale ភាគ​ឦសានទីដែល​ក្រុម​ប៉ូលិស​បាន​បាញ់​គ្រាប់​កាំភ្លើង​ពិតៗ​ ដើម្បី​បំបែក​ហ្វូង​មនុស្ស​ បន្ទាប់ពី​ពួក​បាតុករ បាន​ចោល​របស់​របរ​ដាក់​ប៉ូលិស។ នេះ​បើតាមអ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ម្នាក់។

រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី​លោក Vivian Balakrishnan បាន​និយាយ​ថា សមភាគី​របស់​លោក នៅ​ក្នុង​សមាគម​អាស៊ាន នឹង​និយាយ​ដោយ​ត្រង់ៗ នៅ​ពេល​ដែល​ពួកគេ​ជួបពិភាក្សា​តាម​វីដេអូ​នៅ​ថ្ងៃ​អង្គារ​នេះ​ ហើយ​នឹង​ប្រាប់​អ្នក​តំណាង​របស់​ក្រុម​យោធា​មីយ៉ាន់ម៉ា​ថា ពួកគេ​មាន​ការ​រន្ធត់​ពី​អំពើ​ហិង្សា​នៅ​ទី​នោះ។

នៅ​ក្នុង​កិច្ចសម្ភាសន៍​តាម​ទូរទស្សន៍​មួយ​ កាល​ពី​យប់​ថ្ងៃ​ច័ន្ទ លោក Balakrishnan បាន​បញ្ជាក់​ថា អាស៊ាន នឹង​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​សន្ទនា​រវាង​អ្នកស្រី Suu Kyi និង​ក្រុម​ឧត្តមសេនីយ៍​មីយ៉ាន់ម៉ា។

រដ្ឋ​ប្រហារនេះ​បាន​បញ្ឈប់ដំណើររបស់​មីយ៉ាន់ម៉ា​ឆ្ពោះ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ ក្រោយការ​កាន់​អំណាច​របស់យោធា​អស់ ៥០ ឆ្នាំ ហើយ​បាននាំ​ឱ្យ​មាន​ការ​ថ្កោល​ទោស​និង​ការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក​និង​បណ្តា​ប្រទេស​លោក​ខាង​លិច ហើយ​នឹង​ការ​កើន​ឡើង​នូវ​ការ​ព្រួយ​បារម្ភ​ក្នុង​ចំណោម​ប្រទេស​ជិត​ខាង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG