ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​មីយ៉ាន់ម៉ា​ចោទ​បន្ថែម​លើ​អ្នកស្រី Suu Kyi មួយ​ថ្ងៃ​​ក្រោយ​​មនុស្ស​​យ៉ាង​តិច​១៨​នាក់​​បាន​ស្លាប់​ក្នុង​ការ​បង្ក្រាប​ថ្ងៃ​អាទិត្យ


និស្សិត​វេជ្ជសាស្ត្រ​លើក​រូប​មេដឹកនាំ​មីយ៉ាន់ម៉ា​អ្នកស្រី Aung San Suu Kyi ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​ការ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

តុលាការ​មីយ៉ាន់ម៉ា​បាន​ចោទ​ប្រកាន់បន្ថែម​ប្រឆាំង​នឹង​មេដឹកនាំ​ដែល​គេ​បណ្តេញ​ចេញពី​តំណែង​អ្នកស្រី Aung San Suu Kyi នៅ​ថ្ងៃ​ច័ន្ទ​នេះ។ នេះ​តាម​ការ​បញ្ជាក់​របស់មេធាវី​របស់​អ្នកស្រី ខណៈ​បាតុករ​បន្តដើរ​ដង្ហែ ជម្នះ​នឹងការ​បង្ក្រាប​ដោយ​កងកម្លាំង​សន្តិសុខ​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១៨​នាក់​ដែរ ​កាល​ពីអាទិត្យ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

អ្នកស្រី Suu Kyi ហាក់​មាន​សុខភាព​ល្អ​នៅ​ពេល​ដែល​អ្នកស្រី​បាន​ចូលរួម​ក្នុង​សវនាការ​តុលាការ​តាម​វីដេអូ​នៅ​ក្នុង​រដ្ឋធានី​ណៃពីដោ ថ្វី​បើ​អ្នកស្រី​ទំនង​បាន​ស្រក​ទម្ងន់​ខ្លះ​ក៏​ដោយ ហើយ​អ្នកស្រី​បាន​សុំ​ជួប​ក្រុម​មេធាវី​របស់​អ្នកស្រី។ នេះ​បើ​ការ​បញ្ជាក់​របស់​មេធាវី Min Min Soe។

មេដឹកនាំ​របស់​គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (NLD)​ រូប​នេះ​មិន​ត្រូវ​បាន​គេ​ឃើញ​នៅ​កន្លែង​សាធារណៈ​ចាប់​តាំង​ពី​រដ្ឋាភិបាល​របស់​អ្នកស្រី​បាន​ត្រូវ​បណ្តេញ​ចេញ​ពី​តំណែង​នៅ​ក្នុង​រដ្ឋប្រហារ​យោធា​ថ្ងៃ​ទី១ ខែ​កុម្ភៈ​មក ​ហើយ​អ្នកស្រី​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​ជាមួយ​មេដឹកនាំ​ផ្សេង​ទៀត​របស់​គណបក្ស។ ​

អ្នកស្រី​ដំបូង​ឡើយបាន​រង​ការ​ចោទ​ប្រកាន់​ពី​ការ​នាំចូល​ខុស​ច្បាប់​វិទ្យុ​ទាក់ទង​អៃកូម​ចំនួន​៦​គ្រឿង។ ក្រោយ​មក គេ​បាន​បន្ថែម​ការ​ចោទប្រកាន់​ពី​ការ​រំលោភ​ច្បាប់​គ្រោះ​ធម្មជាតិ​ទៀត។

ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​អាទិត្យ កងកម្លាំង​សន្តិសុខ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​បាញ់​លើ​ពួក​បាតុករ​ ​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏​១៨​នាក់ ​ហើយ​និង​ធ្វើ​ឲ្យ​របួស​ជាង​៣០​នាក់​ទៀត ​ដែល​ជា​ថ្ងៃ​បាតុកម្ម​ដ៏​ប្រល័យ​បំផុត​ចាប់តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី១ ខែ​កុម្ភៈ​មក។

សហរដ្ឋ​អាមេរិក​កាល​ពី​យប់ថ្ងៃ​អាទិត្យនោះ ​បាន​ថ្កោល​ទោស​ការ​បង្ក្រាប​ដ៏​ប្រល័យលើ​បាតុករ​នេះ ហើយ​បាន​បញ្ហាក់​ពី​ការ​អាច​ដាក់​ទណ្ឌកម្ម៕

XS
SM
MD
LG