អង្គការសហប្រជាជាតិនិយាយនៅក្នុងរបាយការណ៍ថ្មីមួយថា ក្នុងឆ្នាំ ២០២៣ ប្រទេសមីយ៉ាន់ម៉ាបានក្លាយជាប្រទេសផលិតអាភៀនច្រើនជាងគេក្នុងពិភពលោក គឺលើសប្រទេសអាហ្វហ្កានីស្ថាន ក្រោយពីក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានការពង្រីកការដាំដើមអាភៀនដែលត្រូវជំរុញដោយសង្គ្រាមស៊ីវិលក្នុងប្រទេសមីយ៉ាន់ម៉ា។
បន្ទាប់ពីរយៈពេលជាងពីរទសវត្សរ៍ក្នុងនាមជាប្រទេសផ្តល់អាភៀននាំមុខក្នុងពិភពលោក តំបន់ដាំដំណាំអាភៀននៅអាហ្វហ្កានីស្ថានបានចុះថយពី ២៣៣.០០០ ហិកតា ក្នុងឆ្នាំ ២០២២ មកនៅក្រោម ១១.០០០ ហិកតា នៅឆ្នាំនេះ ដោយសារពួកតាលីបង់គ្រប់គ្រងប្រទេសបានហាមប្រាមយ៉ាងតឹងរ៉ឹងដល់ការដាំអាភៀន។
ជាមួយគ្នានេះដែរ កសិករច្រើនជាងមុននៅមីយ៉ាន់ម៉ាបានដាំអាភៀនចាប់តាំងពីសេដ្ឋកិច្ចប្រទេសឱនថយខ្លាំងក្រោយរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០២១ ដែលជំរុញប្រទេសឱ្យមានសង្គ្រាមស៊ីវិលទូទាំងប្រទេស។ របាយការណ៍អង្គការសហប្រជាជាតិដែលមានចំណងជើងថា ការស្ទង់មតិអំពីដំណាំអាភៀននៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៣ (Southeast Asia Opium Survey 2023 ) ចេញផ្សាយកាលពីថ្ងៃអង្គារទី ១២ ខែធ្នូ ថា ក្រោយពីបានកើនឡើង ៣៣%កាលពីឆ្នាំទៅ តំបន់ដាំអាភៀនក្នុងមីយ៉ាន់ម៉ាបានកើន ១៨% ទៀត នៅឆ្នាំ ២០២៣ ទៅដល់៤៧.០០០ ហិកតា។
ការណ៍នេះធ្វើឱ្យមានផ្ទៃដីភាគច្រើនបំផុតដែលមីយ៉ាន់ម៉ាដាំអាភៀនតាំងពីឆ្នាំ ២០១៣ មក ហើយក៏ជាលើកដំបូងដែរដែលមីយ៉ាន់ម៉ានាំមុខអាហ្វហ្កានីស្ថានតាំងពីឆ្នាំ ២០២២ មក។
លោក Jeremy Douglas ជាអ្នកតំណាងក្នុងតំបន់នៃការិយាល័យ អ.ស.ប. ខាងគ្រឿងញៀននិងឧក្រិដ្ឋកម្មហៅ UNODC។ លោកបានប្រាប់វីអូអេថា៖ «អស្ថិរភាពនិងអសន្តិសុខក្នុងមីយ៉ាន់ម៉ាបានបណ្តាលឱ្យមានចលាចលសេដ្ឋកិច្ចកាលពីពីរបីឆ្នាំមុននេះ ដោយនាំឱ្យប្រជាពលរដ្ឋរកវិធីផ្សេងទៀតដើម្បីរកកម្រៃ។ ដូច្នេះ មនុស្សដែលមានជម្រើសពីមុន នៅពេលសេដ្ឋកិច្ចល្អគួរសម ក៏វិលទៅផលិតអាភៀនវិញ។ វាជាវិធីរកប្រាក់ចំណូលសម្រាប់ពួកគេនៅពេលពួកគេមានជម្រើសតិចតួចឬគ្មានជម្រើសឯទៀតៗ»។
មនុស្សច្រើនជាងមុនមានការពិបាកក្នុងការទទួលទានអាហារមានជីវជាតិ ឬគ្រាន់តែមានអាហារគ្រប់គ្រាន់។ បើតាមការស្ទង់មតិមួយដោយធនាគារពិភពលោកកាលពីខែឧសភាថា នៅក្នុងប្រទេសមួយដែលគ្រួសារភាគច្រើនមានជីវភាពពីការដាំដំណាំ គ្រួសារកសិករជិតពាក់កណ្តាលនិយាយថា ពួកគេព្រួយបារម្ភអំពីការមានអាហារគ្រប់គ្រាន់ ដោយចំនួននេះកើនឡើង ២៦% ពីមួយឆ្នាំមុននេះ។
ដោយធ្វើឱ្យអាភៀនមានភាពទាក់ទាញជាងមុន ពួកអ្នកជួញដូរអាភៀននិងឈ្មួញកណ្តាលទិញអាភៀនដោយឱ្យតម្លៃក្នុងមួយគីឡូក្រាមនៅឆ្នាំនេះច្រើនជាងឆ្នាំទៅ ហើយបន្តបណ្តាក់ទុនក្នុងប្រព័ន្ធជីនិងបង្ហូរទឹកចូលក្នុងស្រែចម្ការរបស់កសិករ។ ការណ៍នេះបានបង្កើនផលិតផលធ្វើឱ្យដីមួយហិកតាៗមានកសិផលច្រើនជាងមុន។
លោក Douglas ថា៖ «លោកអ្នកដាក់កត្តាអ្វីៗបញ្ចូលគ្នាទាំងអស់ ហើយជាការពិតលោកអ្នកនឹងឃើញកំណើនផលិតផល[អាភៀន]»។
ការិយាល័យ UNODC ប៉ាន់ប្រមាណថា កសិករមីយ៉ាន់ម៉ាដាំអាភៀនគ្រប់គ្រាន់នៅឆ្នាំនេះដើម្បីផលិតអាភៀនស្ងួតរហូតដល់ ១.០៨០ តោន ដោយបានប្រាក់រហូតដល់ ២.៥០០ លានដុល្លារ។ អាភៀននេះ ភាគច្រើន ត្រូវពួកអ្នកជួញដូរដឹកជញ្ជូនទៅទូទាំងអាស៊ីនិងរហូតដល់អូស្ត្រាលី ជាញឹកញយ ដោយកែប្រែអាភៀនទៅជាហេរ៉ូអ៊ីន (heroin)។
ហេរ៉ូអ៊ីន (heroin) ភាគច្រើនឆ្លងកាត់ប្រទេសថៃនៅជិតខាងទៅកាន់កន្លែងឆ្ងាយផ្សេងៗ។ កាលពីខែកញ្ញាប៉ូលិសថៃបានរឹបអូសហេរ៉ូអ៊ីន ៤៤០ដុំ ជាមួយ methamphetamine ប្រមាណ ១៥ លានគ្រាប់ នៅក្រោយការស៊ើបអង្កេតពីរឆ្នាំអំពីបណ្តាញជួញដូរគ្រឿងញៀនស្រវឹងធំមួយ។ លោក Prin Mekanandha នាយកខាងការពង្រឹងច្បាប់របស់ការិយាល័យគ្រប់គ្រងគ្រឿងញៀននៃប្រទេសថៃ បានប្រាប់វីអូអេថា ការចាប់បានគ្រឿងញៀនតម្លៃ ៨លាន ២សែនដុល្លារនេះ ជាការចាប់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។
របាយការណ៍របស់ការិយាល័យ UNODC បន្ថែមថា ការខ្វះអាភៀននិងហេរ៉ូអ៊ីនសាកលដែលត្រូវរំពឹងថានឹងមាននៅក្រោយការធ្លាក់ចុះដំណាំនេះនៅអាហ្វហ្កានីស្ថាន ទំនងនឹងផ្តល់ឱ្យកសិករមីយ៉ាន់ម៉ានូវការលើកទឹកចិត្តច្រើនជាងមុន ដើម្បីចាប់ផ្តើមដាំអាភៀនឬពង្រីកផ្ទៃដីដាំអាភៀនដែលពួកគេមានស្រេចហើយនៅក្នុងរដូវខាងមុខ។
លោក Douglas បានថ្លែងថា ការខ្វះដូចគ្នានេះនឹងទំនងនាំឱ្យមានការដឹកជញ្ជូន ហេរ៉ូអ៊ីនពីតំបន់ត្រីកោណមាស (Golden Triangle) ដែលជាតំបន់ព្រំដែនប្រសព្វគ្នារវាងប្រទេសមីយ៉ាន់ម៉ា ថៃ និងឡាវ ទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ទៅកាន់អឺរ៉ុបនិងទ្វីបអាមេរិកខាងជើងជាថ្មីម្តងទៀត។
កាលពីជាងមួយទសវត្សរ៍មុននេះ ហេរ៉ូអ៊ីនពីអាហ្វហ្កានីស្ថានបានចាប់ផ្តើមវាតទីក្នុងទីផ្សារអឺរ៉ុបនិងអាមេរិកខាងជើង ដោយឈ្នះតំបន់ត្រីកោណមាស ពីព្រោះក្រុមជួញដូរគ្រឿងញៀននៅអាស៊ីអាគ្នេយ៍បានបង្វែរការផ្តោតរបស់ពួកគេពីអាភៀនទៅកាន់ថ្នាំ methamphetamine វិញ។
លោក Douglas បានថ្លែងថា នៅពេលនេះដែលការផ្គត់ផ្គង់អាភៀនពីអាហ្វហ្កានីស្ថានមានតិចជាងមុន «នៅតែមានសេចក្តីត្រូវការច្រើនគួរសមពីទីនោះ ហើយវាទំនងច្រើនជាងមុនថា យើងនឹងចាប់ផ្តើមឃើញមានហេរ៉ូអ៊ីនពីតំបន់ត្រីកោណមាសវិលមកកាន់ទីផ្សារវិញ ដែលមិនមានបែបនេះទេកាលពីប៉ុន្មានឆ្នាំមុននេះ»។
លោកបាននិយាយថា ការណ៍នេះនឹងជាប្រាក់ចំណូលច្រើនសម្រាប់ក្រុមប្រដាប់អាវុធជាច្រើនក្នុងសង្គ្រាមស៊ីវិលនៃប្រទេសមីយ៉ាន់ម៉ា ទាំងសម្រាប់ពួករួមប្រយុទ្ធនិងក្រុមអ្នកប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ ថ្វីបើក្រុមភាគច្រើនដែលជាប់ទាក់ទិននឹងពាណិជ្ជកម្មថ្នាំញៀននៃប្រទេសមីយ៉ាន់ម៉ាភាគច្រើនជួញដូរថ្នាំ methamphetamines នៅពេលនេះ អាភៀននិងហេរ៉ូអ៊ីននៅតែនាំឱ្យមានប្រាក់ចំណូលទៀងទាត់។
លោក Douglas បានថា៖ «ប្រសិនបើការផ្គត់ផ្គង់ហេរ៉ូអ៊ីនសាកលនៅតែមានតិចតទៅទៀតដោយសារស្ថានការណ៍នៅអាហ្វហ្កានីស្ថាន នឹងមានការលើកទឹកចិត្តនៃឱ្យមានការដាំដំណាំនេះឡើងវិញ ហើយក៏នឹងមានការចាប់ផ្តើមជួញដូរហេរ៉ូអ៊ីនច្រើនផងដែរ។ នឹងមានកំណើនការផ្គត់ផ្គង់នៅក្នុងប្រទេស ហើយក៏នឹងមានការដឹកជញ្ជូនទៅកាន់កន្លែងឯទៀតៗដែរ។ ដូច្នេះ ជាការច្បាស់លាស់ពួកគេនឹងបានផលប្រយោជន៍ពីការណ៍នេះ»។
ការកើនឡើងនៃការដាំអាភៀនក៏នាំឱ្យមានការបង់ខាតនៅមីយ៉ាន់ម៉ាដែរ។
ការស្រាវជ្រាវរបស់ការិយាល័យ UNODC រកឃើញថា ក្រុមជនដែលដាំអាភៀនងាយទំនងប្រើអាភៀនជាងក្រុមមនុស្សដែលមិនដាំវា។ ដូច្នេះការដាំអាភៀនច្រើនទំនងនាំឱ្យមានអ្នកញៀនច្រើនជាងមុន ហើយក៏មានសេចក្តីត្រូវការច្រើនជាងមុនដើម្បីព្យាបាលជនទាំងនេះដែរ។ ការកើនឡើងនៃតម្លៃអាភៀនក៏នឹងនាំឱ្យមានការពិបាកជាងមុនក្នុងការពង្រីកកម្មវិធីមួយដែល អ.ស.ប. បាននិងកំពុងដំណើរការក្នុងរដ្ឋ Shan ដែលជាមជ្ឈមណ្ឌលនៃឧស្សាហកម្មអាភៀនរបស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីបញ្ចុះបញ្ចូលកសិករឱ្យទៅដាំកាហ្វេវិញជារៀងរហូត។
ការិយាល័យ UNODC មើលឃើញថា មានឱកាសតិចតួចក្នុងការប្រែក្រឡះទំនោរបច្ចុប្បន្ន នៅពេលដែលការប្រយុទ្ធគ្នាខ្លាំងនៅមីយ៉ាន់ម៉ានីនៅតែមានតទៅទៀត ហើយមិននាំឱ្យមានសង្ឃឹមអំពីការរើបឡើងវិញច្រើនគួរសមនៃសេដ្ឋកិច្ចទេ។ គេរំពឹងថា នឹងមានការដាំអាភៀនច្រើនជាងមុនក្នុងតំបន់ឯទៀតផងដែរ។
លោក Benedikt Hofmann អ្នកតំណាងរងនៃការិយាល័យ UNODC ប្រចាំតំបន់បាននិយាយថា៖ «សហគមន៍កសិករត្រូវជាប់គាំងនៅចន្លោះអសន្តិសុខនិងការលំបាកខាងសេដ្ឋកិច្ច»។
លោកបានបន្ថែមថា ដរាបណាស្ថានភាពទាំងនោះនៅតែមានតទៅទៀត «មនុស្សច្រើនជាងមុននឹងសម្លឹងឃើញអាភៀនថាជាដំណាំអាចដាំបាន ប្រសិនបើគ្មានជម្រើសឯទៀតទេ ជាពិសេសនៅពេលមិនមាននីតិរដ្ឋ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ