ប្រទេសមីយ៉ាន់ម៉ាដែលពីមុនមានឈ្មោះថាភូមានោះ បានចាប់បើកទំព័រថ្មីមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនហើយនៅថ្ងៃច័ន្ទនេះ នៅពេលដែលរដ្ឋសភាដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់ខ្លួន បានបើកសម័យប្រជុំលើកដំបូង ដោយបញ្ចប់ជាផ្លូវការនូវការគ្រប់គ្រងតាមបែបកណ្តាប់ដៃដែករបស់ក្រុមយោធាអស់រយៈពេលជាង៥០ឆ្នាំមកនេះ។
មេដឹកនាំប្រជាធិបតេយ្យគឺលោកស្រី អង់សាន ស៊ូជី បានដឹកនាំសមាជិកសភាដែលទើបនឹងជាប់ឆ្នោតថ្មីៗមកពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី ចូលទៅកាន់សភាជាតិនៅក្នុងរដ្ឋធានីណៃពិដោ (Naypyitaw)។
គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ បានយកជ័យជម្នះលើគណបក្សសាមគ្គីភាពនិងអភិវឌ្ឍសហភាព ដែលគាំទ្រដោយក្រុមយោធា ដោយទទួលបានអាសនៈ៨០ភាគរយនៃអាសនៈទាំងអស់នៅក្នុងសភាទាំងពីរ។
សម័យប្រជុំលើកដំបូងនេះ ក៏បានធ្វើឲ្យក្លាយជាការពិតនូវគ្រាមួយដែលត្រូវបានពន្យាពេល ចាប់តាំងពីឆ្នាំ១៩៩០មកដែលនៅពេលនោះក្រុមយោធាបានបដិសេធមិនឲ្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យឡើងកាន់អំណាច ក្រោយពីគណបក្សនេះបានឈ្នះការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅឆ្នាំនោះ៕