ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​ អ.ស.ប.​ថ្កោល​ទោស​ឃាតកម្ម​ទៅ​លើ​ទីប្រឹក្សា​ផ្នែក​ច្បាប់​របស់​គណបក្ស​កាន់​អំណាច​នៅ​មីយ៉ាន់ម៉ា


ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​ដែល​ចូល​រួម​កាន់​ទុក្ខ​នៅ​ទីក្រុង​ Yangon រោយ​ដី​ខ្សាច់​លើ​សាក​សព​របស់​លោក​ Ko Ni សមាជិក​គណបក្ស​កាន់​អំណាច និង​ជា​មេធាវី។

មន្ត្រី​អង្គការ​សហ​ប្រជា​ជាតិ​បាន​ថ្កោលទោស​ឃាតកម្ម​លើ​ទីប្រឹក្សា​ផ្នែក​ច្បាប់​របស់​គណបក្ស​កាន់​អំណាច​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​បាន​អំពាវនាវ​ឲ្យ​បើក​ការស៊ើប​អង្កេតត្រឹម​ត្រូវ​និង​មិន​លម្អៀងប្រកប​ដោយ​ប្រសិទ្ធភាព​ទៅ​លើ​ករណី​ឃាតកម្ម​នេះ។ ​

លោក Ko Ni ដែល​ជា​សមាជិក​ដ៏​សំខាន់​ម្នាក់​នៃ​អ្នក​កាន់​សាសនា​ឥស្លាម​ភាគ​តិច​នៅ ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ពេល​ដែល​លោក​កំពុង​រង់ចាំ​រថយន្ត​ឈ្នួល​នៅ​ខាង​ក្រៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ក្នុង​រដ្ឋធានី Yangon។ លោក​ទើប​តែ​មក​ដល់​ប្រទេស​មីយ៉ាន់ម៉ា​ពី​ក្រៅ​ប្រទេស។

អ្នក​បើក​បរ​រថយន្ត​ឈ្នួល​ម្នាក់​បាន​រងរបួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ។ ក្រុម​មន្ត្រី​និយាយ​ថា​ខ្មាន់​កាំភ្លើង​ត្រូវ​បាន​ចាប់​ខ្លួន។

លោកស្រី Yanghee Lee ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​មូលហេតុ​នៃ​ការ​សម្លាប់​ដោយ​មិន​សម​ហេតុផល​ទៅ​លើ​បុគ្គល​ដ៏​គួរ​ឲ្យ​គោរព​និង​មាន​ចំណេះដឹង​ម្នាក់ ដែល​ខ្ញុំ​បាន​ជួប​រាល់​ពេល​ដែល​ខ្ញុំ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​នេះ ដោយ​រួម​ទាំង​ទស្សនកិច្ច​លើក​ចុង​ក្រោយ​បង្អស់​របស់​ខ្ញុំ​កាល​ពី​ជាង​មួយ​សប្តាហ៍​មុន​នេះ»។ ​

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា ការស្លាប់​របស់​លោក​គឺ​ជា​ការ​បាត់​បង់​យ៉ាង​ធំធេង​ចំពោះ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​និង​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា។

អ្នក​កាន់​ទុក្ខ​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​កន្លែង​បញ្ចុះ​សព Yayway ដែល​ស្ថិត​នៅ​ជាយ​រដ្ឋធានី ​Yangon ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក Ko Ni ដែល​ជា​មេធាវី​មីយ៉ាន់ម៉ា​ដ៏​សំខាន់​ម្នាក់​និង​ជា​ទីប្រឹក្សា​របស់​គណបក្ស​កាន់​អំណាច​របស់​លោកស្រី ​អង់សាន ស៊ូជី។ ​

ពិធី​បុណ្យ​សព​នោះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ក្តី​ទុក្ខសោក​ពី​សំណាក់​សាធារណជន។ បុរស​កាន់​សាសនា​ឥស្លាម​រាប់​រយ​នាក់​បាន​សូត្រ​ធម៌ ខណៈ​ដែល​ពួកគេ​សែង​ក្ដារ​មឈូស​របស់​លោក​ពី​វិហារ​ឥស្លាម​មួយ​ទៅ​កាន់​ផ្នូរ​សព​ដែល​នៅ​ក្បែរ​នោះ ​ហើយ​ហ្វូង​មនុស្ស​ដ៏​ច្រើន​បាន​នាំ​គ្នា​ឈរ​មើល។ ក្រោយ​មក​មនុស្ស​ជាច្រើន​បាន​នាំ​គ្នា​បាច​ខ្សាច់​ទៅ​លើ​ផ្នូរ​របស់​លោក Ko Ni។

លោក Nyan Win និង​សមាជិក​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យក៏​បាន​ទៅ​ចូលរួម​គោរពវិញ្ញាណក្ខន្ធ​សព​ដែរ៕

XS
SM
MD
LG