ក្រុមតំណាងរាស្រ្តរបស់រដ្ឋាភិបាលក្រុង Naypyidaw បានឯកភាពនឹងសំណើរបស់គណបក្ស សម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដើម្បីបើកកិច្ចពិភាក្សាលើរបាយការណ៍របស់អ.ស.ប.ដែលបានរិះគន់យ៉ាងខ្លាំងលើចំណាត់ការរបស់ប្រទេសមីយ៉ាន់ម៉ាទៅលើជនជាតិភាគតិច Rohingya។ ចរន្តនេះអាចនឹងនាំឲ្យរដ្ឋាភិបាលបដិសេធទទួលយកឯកសារអ.ស.ប.នេះ។
អ្នករាយការណ៍ពិសេស អ.ស.ប.អំពីសិទ្ធិមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ា លោកស្រី Yanghee Lee បានសរសេរក្នុងសេចក្តីថ្លែងការណ៍ជាបឋមថា របាយការណ៍របស់លោកស្រីនឹងបង្ហាញពីស្ថានភាពសិទ្ធិមនុស្សដែល"ពិបាកនឹងធ្វើឲ្យប្រសើរឡើង” ចាប់តាំងពីរយៈកាលនៃការវាយតម្លៃកាលពីឆ្នាំមុន។ តាមរយៈរបាយការណ៍នេះ លោកស្រី Lee បានធ្វើការចោទប្រកាន់លើអំពើឃោរឃៅដែលបានប្រព្រឹត្តលើប្រជាជន Rohingya ក្នុងរយៈពេលទស្សនកិច្ច១២ថ្ងៃដែលបានបញ្ចប់កាលពីថ្ងៃសុក្រ (ទី២១ ខែកក្កដា)កន្លងទៅនេះ។
ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ លោកស្រី ក៏បានចោទប្រកាន់គោលនយោបាយរដ្ឋាភិបាលមីយ៉ាន់ម៉ាដែលធ្វើឲ្យនឹកដល់រដ្ឋាភិបាលយោធាពីអតីតកាល និងក្នុងអំឡុងពេលដែលខ្លួនកំពុងគ្រប់គ្រងលើស្ថានការណ៍សន្តិសុខ និងស្ថានភាពសិទ្ធិមនុស្សដែលកាន់តែយ៉ាប់យឺនទៅៗ។
ជនជាតិ Rohingya ក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាជនជាតិភាគតិចកាន់សាសនាម៉ូស្លីមក្នុងប្រជាជាតិដែលភាគច្រើនកាន់សាសនាព្រះពុទ្ធ។ លោកស្រី Lee បានសរសេរក្នុងរបាយការណ៍ដដែលថាលោកស្រីបានដឹងពីព័ត៌មាននៃការកាប់សម្លាប់ ការធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់មនុស្សជាខែលដោយក្រុមសន្តិសុខ [និង] ការបាត់បង់ជីវិតក្នុងមន្ទីរឃុំឃាំង។
“វិបត្តិមនុស្សធម៌នៅតែកើតមានឡើងជាបន្តបន្ទាប់”
តាមរយៈការចេញរបាយការណ៍រួមគ្នា អ្នកតំណាងអ.ស.ប. បាននិយាយថា "វិបត្តិមនុស្សធម៌ដែលនៅតែកើតមានឡើងជាបន្តបន្ទាប់” នៅតែមានដដែល តួយ៉ាងក្រុមជនជាតិភាគតិចក្នុងប្រទេសមីយ៉ាន់ម៉ាដែលត្រូវបានគេបង្ខំឲ្យចាកចោលផ្ទះសម្បែង។
ការិយាល័យរបស់លោកស្រី Aung San Suu Kyi មេដឹកនាំប្រទេសមីយ៉ាន់ម៉ា បានចេញផ្សាយរបាយការណ៍ដែលបង្ហាញពីការខកចិត្តជាមួយនឹងសេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់អ្នករាយការណ៍ពិសេសនេះ។
ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋសភាកាលពីថ្ងៃ២៥ ខែកក្កដា អនុរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា លោក Kyaw Tin បាននិយាយថា ក្រុមតំណាងរាស្រ្ត បង្ហាញពីក្តីបារម្ភ "សមហេតុផល” អំពីសេចក្តីថ្លែងការណ៍អ្នករាយការណ៍ពិសេសផងដែរ។ លោកក៏បានសម្គាល់ឃើញថា សេចក្តីថ្លែងការណ៍នេះមាន"ភាពមិនត្រឹមត្រូវ"មួយចំនួនផងដែរ។
លោក Kyaw Tin បាននិយាយថា៖ "លោកស្រី Yanghee Lee នឹងត្រូវប្រគល់របាយការណ៍របស់គាត់ដល់មហាសន្និបាតអ.ស.ប. ក្នុងខែតុលានេះ ហើយប្រសិនបើក្រឡេកមើលលើរបាយការណ៍នេះ គឺវាមានលក្ខណៈចោទប្រកាន់ និងមិនត្រឹមត្រូវមួយចំនួន។ ការណ៍នេះអាចនឹងនាំឲ្យមហាសន្និបាតអ.ស.ប. ទទួលយកសេចក្តីថ្លែងការណ៍អវិជ្ជមានស្តីពីប្រទេសមីយ៉ាន់ម៉ា ដែលពួកយើងទាំងអស់គ្នាមិនចង់ឃើញបែបនោះឡើយ។ ដូច្នេះ យើងត្រូវវិភាគបញ្ហានេះ និងមានវិធានការចាំបាច់ជាបន្តបន្ទាប់"។
ចំណាត់ការរបស់រដ្ឋសភាកាលពីថ្ងៃទី២៦ ខែកក្កដា តាមរយៈការបើកវេទិកាពិភាក្សាពីសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអ.ស.ប. និងរបាយការណ៍នានាបន្ថែមទៀត ដែលអាចនឹងនាំឲ្យមានការជំទាស់ពីរដ្ឋាភិបាលមីយ៉ាន់ម៉ា។
ជាជនជាតិដែលត្រូវបានគេបដិសេធផ្តល់សញ្ជាតិរាប់សិបជំនាន់មកហើយ
ជនជាតិ Rohingya ប្រហែល១លាននាក់ កំពុងរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែរដ្ឋអំណាចយល់ឃើញថាក្រុមជនជាតិនេះគឺជាជនអន្តោប្រវេសន៍ខុសច្បាប់មកពីប្រទេសបង់ក្លាដេស និងបានបដិសេធការផ្តល់សញ្ជាតិ បើទោះជាមានក្រុមគ្រួសារជាច្រើនបាននឹងកំពុងរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាជាច្រើនជំនាន់មកហើយ។
ក្រុមមន្រ្តីអង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា៖ "ការខកខានមិនទទួលបានសិទ្ធិចូលសញ្ជាតិពេញលេញនេះ មានន័យថាជនជាតិ Rohingya ងាយនឹងទទួលរងការរំលោភបំពាននានា ដូចជាការរឹតត្បិតសេរីភាពក្នុងការដើរហើរ ការរឹតត្បិតបែបរើសអើងលើសិទ្ធិក្នុងការទទួលបានការអប់រំ និងការដកហូតទ្រព្យសម្បត្តិនានាតាមរយៈប្រព័ន្ធតុលាការ”។
ការធ្វើទុក្ខបុកម្នេញលើជនជាតិ Rohingya ដែលបានតាំងទីតាំងពីដើមដំបូងក្នុងរដ្ឋ Rakhine របស់ប្រទេសមីយ៉ាន់ម៉ាបានទាញឲ្យមានការផ្តោតយកចិត្តទុកដាក់ពីអន្តរជាតិ។នៅដើមខែនេះ សហរដ្ឋអាមេរិកបានអំពាវនាវឲ្យប្រទេសមីយ៉ាន់ម៉ាអនុញ្ញាតឲ្យក្រុមបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិធ្វើការស៊ើបអង្កេតទូលំទូលាយលើករណីការចោទប្រកាន់ការកាប់សម្លាប់ ការចាប់រំលោភ និងការធ្វើទុក្ខបុកម្នេញដោយកងកម្លាំងសន្តិសុខរដ្ឋាភិបាលក្នុងរដ្ឋ Rakhine។
ទោះជាយ៉ាងនេះក៏ដោយ ប្រទេសមីយ៉ាន់ម៉ា បាននិយាយកាលថ្ងៃទី៣០ ខែមិថុនា ថាខ្លួននឹងធ្វើការជំទាស់ការស្នើសុំចូលខ្លួនពីក្រុមស្វែងរកការពិតរបស់អ.ស.ប. ដែលក្រុមនេះមានបេសកកម្មផ្សេងដោយឡែកពីអ្នករាយការណ៍ពិសេស។
អ.ស.ប. ជាអ្នកបង្កឲ្យមានបញ្ហា
ក្រុមតំណាងរាស្រ្តទាំង១៣រូបមកពីគ្រប់គណបក្សធំៗក្នុងរដ្ឋសភាបានថ្លែងនូវការចាប់អារម្មណ៍អំពីរបាយការណ៍របស់អ្នករាយការណ៍ពិសេសរបស់អ.ស.ប.។ ក្រុមតំណាងរាស្រ្តនេះ មានអ្នកតំណាងរាស្រ្តមកពីគណបក្ស NLD ដែលកាន់កាប់អាសនៈភាគច្រើនក្នុងអាសនៈសភាចំនួន៤៤០ ដែលជាគណបក្សរបស់លោកស្រី Aung San Suu Kyi និងមកពីអតីតគណបក្សដឹកនាំប្រទេសគណបក្សសម្ព័ន្ធសាមគ្គីដើម្បីអភិវឌ្ឍន៍ (USDP) ដែលបានបាត់បង់អាសនៈចំនួន២១៨ កាលពីពេលបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះ ដែលគណបក្ស NLD បានឈ្នះកាន់កាប់អំណាច ហើយក្រុមតំណាងរាស្រ្តផ្សេងទៀតតំណាងមកពីគណបក្សជាតិ Arakan (ANP) ជាអ្នកតំណាងឲ្យជនជាតិ Raphine ដែលរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ថែមពីនេះក៏មានអ្នកតំណាងរាស្រ្តមួយរូបដែលតែងតាំងដោយក្រុមយោធាដែលក្រុមនេះមានអាសនៈ១ភាគ៣នៃអាសនៈសភាទាំងមូល។
តំណាងរាស្រ្តមួយរូបមកពីគណបក្ស ANP លោក Aung Thaung Shwe ដែលមណ្ឌលរបស់លោកមានជនជាតិ Rohingya រស់នៅច្រើនកុះករដែរនោះ បានរិះគន់សកម្មភាពរបស់ក្រុមអ.ស.ប. និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិនានា ដែលគេហៅកាត់ថា INGOs ដោយលោកបាននិយាយថា ពួកគេទាំងអស់នេះហើយដែលជាអ្នកបង្កបញ្ហាក្នុងរដ្ឋ Rakhine។
អាជ្ញាធរក្នុងស្រុក និងសាធារណជន មិនបានដឹងថាតើមានរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមអង្គការអន្តរជាតិទាំងនោះ មានការយោគយល់គ្នា និងចំណាត់ការជាមួយគ្នានឹងគ្នាយ៉ាងណាឡើយ។
តំណាងរាស្រ្តមួយរូបមកពីគណបក្ស ANP បាននិយាយថា៖ "ការណ៍ដែលមន្រ្តីអ.ស.ប. និងមន្រ្តី INGO អាចធ្វើដំណើរគ្រប់ទីកន្លែងដោយសេរីតាមដែលពួកគេចង់ទៅ គឺជាការបង្កើតឲ្យមានភាពតានតឹងរវាងគ្នាទៅវិញទៅមក”។ លោកបានដាក់ពាក្យប្តឹងជំទាស់ទៅរដ្ឋាភិបាលទីក្រុង Naypyidaw ឲ្យហាមប្រាមអ.ស.ប. និងអង្គការផ្សេងៗទៀតចុះមកបំពេញបេសកកម្មពិនិត្យស្ថានភាពប្រជាជនជាក់ស្តែងក្នុងរដ្ឋ Rakhine ដែលអាចនឹងបញ្ឆេះឲ្យមានជម្លោះនានារវាងសហគមន៍នៃក្រុមជនជាតិ និងជំនឿសាសនាផ្សេងៗគ្នា។
ទោះជាយ៉ាងណាក៏ដោយ សកម្មជនសិទ្ធិមនុស្ស Aung Myo Min ដែលជាប្រធាននៃអង្គការសមភាពមីយ៉ាន់ម៉ា បានជំរុញឲ្យរដ្ឋាភិបាលធ្វើការសហការជាមួយអ.ស.ប. និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិផ្សេងៗធ្វើការលើសិទ្ធិមនុស្ស។ លោក Aung Myo Min បាននិយាយថា៖ “ស្ថាប័ននីតិប្បញ្ញត្តិមិនគួរយល់ព្រមលើចរន្តដែលនាំឲ្យមានការពិភាក្សា” របាយការណ៍នៃអ្នករាយការណ៍ពិសេសដូចនេះទេ។ ទង្វើបែបនេះនឹងធ្វើឲ្យខូចកេរិ៍្តឈ្មោះស្ថាប័ននីតិប្បញ្ញតិ្តវិញទេ។
តំណាងរាស្រ្តមួយរូបទៀតលោក Maung Myin មកពីគណបក្ស USDP ក៏បានជំរុញឲ្យរដ្ឋាភិបាលធ្វើការរឹតត្បិតសកម្មភាពនានារបស់អ.ស.ប. និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិនានាផងដែរ។
លោក Maung Myin បាននិយាយថា៖ “យើងជាប្រជាជាតិមានអធិបតេយ្យភាព ប្រសិនបើយើងអនុវត្តតាមសេចក្តីថ្លែងការណ៍មិនមានលក្ខណៈពេញលេញ និងបង្កឲ្យមានការដាក់សម្ពាធពីអន្តរជាតិនោះ យើងនឹងត្រូវវិនាសមិនខាន។ ខ្ញុំគាំទ្រលើចំណាត់ការដែលបដិសេធរបាយការណ៍អ្នករាយការណ៍ពិសេសនេះ”៕
ប្រែសម្រួលដោយ កោះ សុគន្ធី