ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​ដឹក​នាំ​របប​យោធា​មីយ៉ាន់ម៉ា​អំពាវនាវ​ឲ្យ​​ធ្វើ​សកម្មភាព​សេដ្ឋកិច្ច​ ស្រប​ពេល​ដែល​បស្ចិម​ប្រទេស​​​បង្កើន​ការ​ដាក់​សម្ពាធ​​​


រូប​ឯកសារ៖ អគ្គមេបញ្ជាការ​យោធា​មីយ៉ាន់ម៉ា លោក Min Aung Hlaing ត្រួតពល​ នៅ​ក្បែរ​រដ្ឋធានី​ណៃពិដោ កាល​ពីថ្ងៃ​ទី២៩ ខែសីហា ឆ្នាំ២០១៨។

ទីភ្នាក់ងារ​ព័ត៌មាន ​Reuters ផ្សាយ​ឲ្យ​ដឹង​ថា​ មេ​ដឹក​នាំរបប​យោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ បាន​អំពាវ​នាវ​ឲ្យ​មានការ​ប្រឹង​ប្រែង​ដ៏​ស្វាហាប់មួយ​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់​ចុះ។ នេះ​បើតាម​ការ​ផ្សាយរបស់​ប្រព័ន្ធ​ឃោសនា​រដ្ឋ​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​អង្គារ​មិ្សល​មិញ​ ស្រប​ពេល​ដែល​បស្ចិម​ប្រទេស​កំពុង​ពិចារណា​ដាក់​ទណ្ឌ​កម្ម​បន្ថែម​ទៀត​ទៅ​លើ​ប្រទេស​នេះ​ដើម្បី​ដាក់​សម្ពាធលើក្រុម​ឧត្តម​សេនីយ​យោធា​ ឲ្យ​បញ្ឈប់ការ​បង្ក្រាបដោយ​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​អ្នក​ប្រឆាំង​តវ៉ា​នោះ។

ការ​អំពាវ​នាវ​ឲ្យផ្តោត​ទៅលើ​ការ​ស្តារ​ជាតិ​ឡើង​វិញ​បាន​កើត​មាន​ឡើង​បន្ទាប់​ពីកូដកម្មទូ​ទៅ​បានបិទ​អាជីវកម្ម​ជា​ច្រើន​កាល​ពី​ថ្ងៃ​ចន្ទ ហើយ​ពលរដ្ឋ​មីយ៉ាន់ម៉ា​ជា​ច្រើននាក់​ បានប្រមូល​ផ្តំ​គ្នា​ដើម្បី​ថ្កោល​ទោសរដ្ឋប្រហារ​យោធា​កាល​ពី​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ។ ពួក​គេ ក៏​បាន​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​មេដឹកនាំ​ជាប់​ឆ្នោត​អ្នក​ស្រី Aung San Suu Kyi បើ​ទោះ​បី​មាន​ការ​ព្រមាន​ពី​ក្រុម​អាជ្ញាធរ​ដែល​ថា ការ​ប្រ ឈម​មុខ​គ្នា​រវាង​អាជ្ញាធរ​និង​អ្នក​តវ៉ា​ អាច​បណ្តាល​ឲ្យ​មានមនុស្ស​ស្លាប់​យ៉ាង​ណា​ក្តី។​

អ្នក​ប្រឆាំង​តវ៉ា​នឹង​រដ្ឋប្រហារ​យោធា​ដែលបាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ​ មាន​ចំនួន​តិចជាង​កាល​ពី​ថ្ងៃ​ចន្ទ។ ទន្ទឹម​នឹង​នេះ​ដែរ​ ក៏​មានអ្នកដើរ​ហែក្បួន​ក្នុង​ចំនួន​តិច​តួចផង​ដែរ ដើម្បី​គាំទ្រ​របប​យោធានោះ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ឃោសនា​រដ្ឋ​មីយ៉ាន់​ម៉ា។​

មិន​មាន​សេចក្តី​រាយការណ៍​ណា​មួយ​ពី​ករណី​ហិង្សា​កើត​មាន​ឡើង​ទេ​កាល​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ។ អគ្គ​មេបញ្ជា​ការ​យោធា​មីយ៉ាន់ម៉ា នាយ​ឧត្តមសេនីយ Min Aung Hlaing នៅ​ក្នុង​កិច្ច​ប្រជុំ​មួយកាល​ពីថ្ងៃ​ចន្ទ​ជា​មួយ​ក្រុមប្រឹក្សា​យោធា​ដែល​កំពុង​គ្រប់​គ្រង​ប្រទេស​ បានអំពាវ​នាវឲ្យមាន​ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ​និង​ការ​នាំ​ចូល​ហើយ​បង្កើន​ការ​នាំ​ចេញវិញ។

ក្រុម​ប្រឹក្សា​យោធា​ ចាំបាច់​ខិតខំ​ស្តារ​សេដ្ឋកិច្ចដែល​កំពុងចុះ​ខ្សោយ​ឡើង​វិញ​។ វិធាន​ការ​ដោះ​ស្រាយ​បញ្ហា​សេដ្ឋ​កិច្ច​ ត្រូវ​តែកើត​មាន​ឡើង​។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ឃោសនា​រដ្ឋ​ដែល​បាន​ស្រង់​សម្តី​មេដឹកនាំ​យោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ាដែល​បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នោះ។

បណ្តាញ​ផ្សាយ​របស់​ព័ត៌មាន​រដ្ឋ​បាន​បញ្ជាក់​ថា នាយ​ឧត្តម​សេនីយ​ Min Aung Hlaing មិន​បាន​ភ្ជាប់​ការ​ប្រឆាំង​តវ៉ា​របស់​ពលរដ្ឋ​មីយ៉ាន់ម៉ា​ទៅនឹង​បញ្ហា​សេដ្ឋកិច្ច​ទេ​ ប៉ុន្តែ​លោក​និយាយ​ថា​ អាជ្ញាធរ​មីយ៉ាន់ម៉ា​ កំពុង​អនុវត្ត​មាគ៌ាប្រជា​ធិបតេយ្យជា​មួយ​ក្រុម​អ្នក​ប្រឆាំង​តវ៉ា​ ហើយ​ក្រុម​ប៉ូលិស​ បាន​ប្រើ​ប្រាស់​កម្លាំង​តិច​តួច​ប៉ុណ្ណោះ​ក្នុង​ការ​ប៉ះ​ទង្គិច​ជា​មួយ​អ្នក​តវ៉ា ដូច​ជា​គ្រាប់​កាំភ្លើង​ជ័រ​ជា​ដើម៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG