រដ្ឋាភិបាលដែលគាំទ្រដោយយោធារបស់មីយ៉ាន់ម៉ាបានដោះលែងអ្នកទោសចំនួន១០២នាក់ ដោយរួមមានទាំងអ្នកទោសមួយចំនួនដែលត្រូវបានដាក់ពន្ធនាគារពីបទចោទពាក់ព័ន្ធនឹងនយោបាយ នៅក្នុងជំហានទៅមុខមួយមុនពេលប្រគល់អំណាចទៅឲ្យគណបក្សគាំទ្រប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងនោះ។
អ្នកទោសទាំងនោះត្រូវបានគេដោះលែងនៅថ្ងៃសុក្រនេះពីពន្ធនាគារ Insein ដែលស្ថិតនៅក្បែររដ្ឋធានីរ៉ុងហ្គូន (Yangon)។ នេះបើយោងតាមអ្នកនាំពាក្យម្នាក់របស់ប្រធានាធិបតី។ ក្រុមមន្ត្រីបានថ្លែងថា យ៉ាងហោចណាស់អ្នកជាប់ឃុំឃាំងចំនួន២០នាក់ដែលត្រូវបានគេដោះលែងគឺជាអ្នកទោសមនសិការ ខណៈដែលអ្នកទោសផ្សេងទៀតគឺជាឧក្រិដ្ឋជនទូទៅ។
ក្នុងចំណោមអ្នកទាំងនោះ ក៏មានជនជាតិ New Zealand ម្នាក់ឈ្មោះ Philip Blackwood អាយុ ៣២ឆ្នាំ ដែលត្រូវបានគេកាត់ទោសកាលពីឆ្នាំមុនឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះ ចំពោះការប្រើប្រាស់រូបថតរបស់ព្រះពុទ្ធនៅលើខិតប័ណ្ណផ្សព្វផ្សាយមួយ ដែលចៅក្រមបានហៅថា ជាការប្រមាថដល់ព្រះពុទ្ធសាសនា។
ស្ថិតក្រោមការដឹកនាំរបស់អ្នកធ្វើកំណែទម្រង់ គឺលោកប្រធានាធិបតី Thein Sein រដ្ឋាភិបាលរបស់មីយ៉ាន់ម៉ាបានដោះលែងអ្នកទោសនយោបាយជាង១៣០០នាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលនៅតែបន្តចាប់ខ្លួនសកម្មជន និងអ្នកប្រឆាំងនឹងរដ្ឋាភិបាលនានាដាក់ពន្ធនាគារ។
មានអ្នកទោសយ៉ាងហោចណាស់ចំនួន៥៣៧នាក់នៅជាប់ក្នុងពន្ធនាគារពីបទចោទពាក់ព័ន្ធនឹងនយោបាយ។ នេះបើយោងតាមអង្គការការពារអ្នកទោសនយោបាយ (Assistant Association for Political Prisoners)៕