ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បំបែក​ក្រុម​អ្នកតវ៉ា​ប្រមូល​ផ្តុំគ្នា​នៅទីក្រុង ​Yangon​ ដោយ​បាញ់​ព្រមាន


ប៉ូលិសមីយ៉ាន់ម៉ានិយាយជាមួយក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារយោធា បន្ទាប់ពីប៉ូលិសបានបាញ់ព្រមាន ដើម្បីបំបែកការប្រមូលផ្តុំរបស់ក្រុមអ្នកតវ៉ា នៅទីក្រុងរ៉ង់ហ្គូន មីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។
ប៉ូលិសមីយ៉ាន់ម៉ានិយាយជាមួយក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារយោធា បន្ទាប់ពីប៉ូលិសបានបាញ់ព្រមាន ដើម្បីបំបែកការប្រមូលផ្តុំរបស់ក្រុមអ្នកតវ៉ា នៅទីក្រុងរ៉ង់ហ្គូន មីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

ប៉ូលិស​និង​កង​កម្លាំង​សន្តិសុខ​នៅក្នុង​ទីក្រុង​ធំបំផុត​របស់​ប្រទេស​មីយ៉ាន់ម៉ា​បាន​បាញ់​ព្រមាន ​កាលពី​ថ្ងៃសុក្រ​ ខណៈ​ពួកគេ​ចាប់​បំបែក​ក្រុម​បាតុករ​ប្រហែល ​១០០០ ​នាក់ ​ដែល​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ផ្សារ​ទំនើប​ដ៏ពេញ​និយម​មួយ​ ក្នុង​សង្កាត់ ​Tamwe ​ក្នុង​ទីក្រុង​ Yangon​ ទាំង​យប់​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​មន្រ្តី​ដែល​តែងតាំង​ដោយ​យោធា។​

ក្រុម​អ្នក​តវ៉ា​បាន​កាន់​បដា​ និង​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​រដ្ឋ​ប្រហារ​ថ្ងៃទី​១​ ខែ​កុម្ភៈ​ ទោះបីមាន​ការកើន​ឡើង​វត្តមាន​កម្លាំង​សន្តិសុខ រថយន្ត​បាញ់​ទឹកនៅ​តំបន់​នោះ​ក៏ដោយ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​និង​សាក្សី​ផ្ទាល់ភ្នែក ​ឲ្យដឹងថា​ ​ប៉ូលិស​បង្ក្រាប​កុបកម្ម​ប្រហែល​ ៥០ ​នាក់ ​បាន​ធ្វើ​សកម្មភាព​ប្រឆាំង​ក្រុមបាតុករ​ ហើយ​បាន​ចាប់ខ្លួន​បាតុករ​យ៉ាងហោច​ណាស់ ​១ នាក់។​

ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​រាយ​ការណ៍​ថា ​អ្នកកាសែត​ជប៉ុន​ម្នាក់​ត្រូវ​បាន​ឃុំខ្លួន​នៅ​ឯ​កន្លែង​តវ៉ា នៅ​ទីក្រុង​ Yangon​ កាលពី​ថ្ងៃ​សុក្រ។​ បើ​ជា​ការណ៍​ពិតនេះជា​ការឃុំខ្លួន​អ្នកកាសែត​បរទេស​ដំបូងគេ​ ចាប់​តាំងពី​រដ្ឋ​ប្រហារ។​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ធនាគារ​ពិភពលោក​បាន​និយាយ​ថា ​ខ្លួន​នឹង​មិន​ផ្តល់​លុយ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ទេ​ បន្ទាប់ពី​ការ​កាន់កាប់​យោធា។​

វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​នេះ​បានកើត​ឡើង​ជាថ្មី​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ នៅពេល​ក្រុម​អ្នក​គាំទ្រ​របប​យោធា​នៅទីក្រុង​ Yangon ​បាន​វាយ​ប្រហារ​បាតុករ​ ដែល​បាន​តវ៉ា​ប្រឆាំង​នឹង​ការ​ផ្តួល​រំលំរដ្ឋាភិបាល​ស៊ីវិល​ កាលពី​ថ្ងៃទី​១​ ខែ​កុម្ភៈ។​

អំពើ​ហិង្សា​បានកើត​ឡើង​មួយ​ថ្ងៃ​ ដែល​បាន​ចាប់ផ្តើម​នៅពេល​អ្នក​គាំទ្រ​យោធា​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​ធ្វើ​បាតុកម្ម​នៅ​កណ្តាល​ទីក្រុង​ Yangon។​ ក្រុមអ្នក​គាំទ្រ​យោធា​ដើរក្បួន​នៅ​ក្បែរ​ស្ថានីយ៍​រថភ្លើង​កណ្តាល​ក្រុង​ នៅពេល​ពួកគេ​ត្រូវបាន​ក្រុមអ្នកឈរ​មើល​ចំអក​ឲ្យ ហើយ​ពួកគេ​បាន​តបតវិញ​ ដោយ​ការបាញ់​ចំពាមនិង​គប់ដុំថ្ម។​

បាតុកម្មប្រឆាំង​រដ្ឋប្រហារ​កើតមាន​ឡើង​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​ជារៀង​រាល់ថ្ងៃ​ ចាប់តាំង​ពីយោធា​បាន​ឃុំខ្លួន​លោកស្រី​ អោង សានស៊ូជី​ មេដឹកនាំ​ពិតប្រាកដ​ និង​សមាជិក​ដទៃ​ទៀត​នៃ​រដ្ឋាភិបាល​ស៊ីវិល​ កាលពី​ថ្ងៃ​ទី១ ​ខែកុម្ភៈ​ ដោយ​អះអាង​ថា​ មានការលួច​បន្លំ​យ៉ាងច្រើន​ក្នុង​ការបោះឆ្នោត​ កាលពី​ខែ​វិច្ឆិកា ​ដែល​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជា​ធិបតេយ្យ​របស់​លោកស្រី​ ស៊ូជី​ បាន​ឈ្នះ​ភ្លូកទឹក​ភ្លូកដី។​

អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​ថា​ មនុស្ស​ ១៥០ ​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ កាលពី​ថ្ងៃចន្ទ​នៅក្នុង​រដ្ឋធានី៕

XS
SM
MD
LG