ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បារម្ភ​អំពី​សុវត្ថិភាព​ពលរដ្ឋ​ខ្លួន​នៅ​មីយ៉ាន់ម៉ា ក្រោយ​មាន​ការ​វាយ​ប្រហារ​លើ​រោងចក្រ​ខ្លួន​នៅ​ទីនោះ


ផ្សែង​ខ្មៅ​ហើរ​ចេញ​ពី​តំបន់​ឧស្សាហកម្ម​ Hlaing Thar Yar ក្នុង​ទីក្រុង​រ៉ង់ហ្គូន មីយ៉ាន់ម៉ា ក្នុង​អំឡុងពេល​ដែល​ក្រុម​បាតុករ​នាំ​គ្នា​វាយប្រហារ​ទៅ​លើ​រោងចក្រ​ចិន​នៅ​ទីនោះ ដោយចោទ​ថា​ចិន​គាំទ្រ​រដ្ឋប្រហារយោធា​មីយ៉ាន់ម៉ា ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។
ផ្សែង​ខ្មៅ​ហើរ​ចេញ​ពី​តំបន់​ឧស្សាហកម្ម​ Hlaing Thar Yar ក្នុង​ទីក្រុង​រ៉ង់ហ្គូន មីយ៉ាន់ម៉ា ក្នុង​អំឡុងពេល​ដែល​ក្រុម​បាតុករ​នាំ​គ្នា​វាយប្រហារ​ទៅ​លើ​រោងចក្រ​ចិន​នៅ​ទីនោះ ដោយចោទ​ថា​ចិន​គាំទ្រ​រដ្ឋប្រហារយោធា​មីយ៉ាន់ម៉ា ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។

រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ខ្លួន​មាន «ការ​បារម្ភ​ជា​ខ្លាំង» អំពី​សុវត្ថិភាព​នៃ​ពលរដ្ឋ​របស់​ខ្លួន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បន្ទាប់ពី​រោងចក្រ​របស់​ចិន​មួយ​ចំនួន​បាន​ទទួល​រង​ការ​វាយ​ប្រហារ ស្រប​ពេល​ដែល​អាជ្ញាធរ​មីយ៉ាន់ម៉ា​ធ្វើ​ការ​បង្រ្កាប​ដោយ​ប្រល័យ​លើ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​ចិន​បាន​រាយការណ៍​ថា រោងចក្រ​ចិន​ចំនួន ៣២ កន្លែង​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ត្រូវ​បាន​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​បណ្តាល​ឲ្យ​មាន​ការ​ខូចខាត​គិត​ជា​ទឹក​ប្រាក់​សរុប​អស់​ប្រមាណ ៣៧ លាន​ដុល្លារ និង​ធ្វើ​ឲ្យ​បុគ្គលិក​ពីរ​នាក់​រង​របួស ស្រប​ពេល​ដែល​អាជ្ញាធរ​មីយ៉ាន់ម៉ា​ធ្វើការ​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ដោយ​ធ្វើ​ឲ្យ​អ្នក​តវ៉ា​រាប់​សិប​នាក់​បាន​ស្លាប់។

ច្បាប់​អាជ្ញា​សឹក​ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​តំបន់​ដែល​មាន​រោងចក្រ​ចិន​ទាំង​នោះ។ ស្ថានទូត​ចិន​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​បាន​ចោទ​ប្រកាន់​ក្រុម​បាតុករ​ថា​បាន​វាយ​ប្រហារ​ទៅ​លើ​រោងចក្រ​របស់​ខ្លួន។

អ្នក​តវ៉ា​ជា​ច្រើន​នាក់​ជឿ​ថា ប្រទេស​ចិន​បាន​គាំទ្រ​ក្រុម​យោធា​មីយ៉ាន់ម៉ា ចាប់​តាំងពី​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី Aung San Suu Kyi កាលពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ​មក។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Zhao Lijian បាន​ជំរុញ​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា​ចាត់​វិធានការ​ឲ្យ​បាន​ខ្លាំងក្លា «ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ហេតុការណ៍​ដូច​នេះ​កើតឡើង​ជា​ថ្មី​ម្ដង​ទៀត»។

លោក​បាន​បន្ត​ថា ប្រទេស​ចិន «មាន​ការ​បារម្ភ​ជា​ខ្លាំង​អំពី​ផល​ប៉ះពាល់​លើ​សុវត្ថិភាព​របស់​ស្ថាប័ន​និង​បុគ្គលិក​របស់​ខ្លួន។ ...សកម្មភាព​របស់​ក្រុម​មនុស្ស​ក្រៅ​ច្បាប់​ទាំង​នេះ​មិន​បម្រើ​ឲ្យ​ផល​ប្រយោជន៍​របស់​ប្រទេស​មីយ៉ាន់ម៉ា​និង​ពលរដ្ឋ​មីយ៉ាន់ម៉ា​នោះ​ទេ»។

លោក Zhao បាន​បន្ថែម​ថា នៅ​ពេល​នេះ កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​បាន​ពង្រឹង​ការ​គ្រប់គ្រង​នៅ​ក្នុង​តំបន់​ជុំវិញ​រោងចក្រ​ទាំង​នោះ​ហើយ៕

XS
SM
MD
LG