ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​មីយ៉ាន់ម៉ា​តម្រូវ​ឲ្យ​ពលរដ្ឋ​រាយការណ៍​អំពី​ភ្ញៀវ​ស្នាក់នៅ​ពេល​យប់ ខណៈ​ប៉ូលិស​តាម​ស្វែងរក​ចាប់​ខ្លួន​បាតុករ


​បាតុករ​ប្រឈម​នឹង​ប៉ូលិស​បង្ក្រាប​ការ​វាយឆ្មក់​ ខណៈ​ដែល​ពួកគេ​សួរ​នាំ​ប៉ូលិស​អំពី​ការ​ចាប់​ខ្លួន​នា​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ទីក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។

យោធា​មីយ៉ាន់ម៉ា​បាន​អនុវត្ត​ឡើង​វិញ​នូវ​ច្បាប់​មួយ​ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​រាយការណ៍​ជូន​អាជ្ញាធរ​អំពី​ភ្ញៀវ​ដែល​មក​ស្នាក់នៅ​ផ្ទះ​របស់​ពួកគេ​ពេល​យប់ ស្រប​ពេល​ដែល​ប៉ូលិស​កំពុង​តាម​ស្វែងរក​អ្នក​គាំទ្រ​ការ​ធ្វើ​បាតុកម្ម​កន្លង​មក តាំង​ពី​ពេល​ដែល​យោធា​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​របស់​អ្នកស្រី Aung San Suu Kyi កាល​ពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ​មក។

វិសោធនកម្ម​ចំពោះ​ច្បាប់​រដ្ឋបាល​បណ្ដុំ​ភូមិ (Ward or Village Tract Administration Law) ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ​លើ​ទំព័រ Facebook របស់​យោធា​មីយ៉ាន់ម៉ា គឺជា​ការ​ផ្លាស់ប្ដូរ​ផ្នែក​ច្បាប់​ថ្មី​ចុងក្រោយ​បង្អស់​ដែល​ធ្វើ​ឡើង​ដោយ​យោធា។

នៅ​ក្រោម​វិសោធនកម្ម​នេះ ពលរដ្ឋ​នឹង​ប្រឈម​នឹង​ការ​ផាក​ពិន័យ ឬ​ការ​ជាប់​ពន្ធនាគារ ប្រសិនបើ​ពួកគេ​មិន​រាយការណ៍​អំពី​ភ្ញៀវ​ដែល​មក​ស្នាក់នៅ​ផ្ទះ​របស់​ពួកគេ​ពេល​យប់​ជូន​អាជ្ញាធរ​មូលដ្ឋាន។

កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​ដែរ យោធា​បាន​ផ្អាក​ច្បាប់​ដែល​រារាំង​កម្លាំង​សន្តិសុខ​មិន​ឲ្យ​ចាប់​ឃុំ​ជន​សង្ស័យ ឬ​ក៏​ឆែកឆេរ​ទ្រព្យ​សម្បត្តិ​ឯកជន​ដោយ​គ្មាន​ដីកា​របស់​តុលាការ និង​បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​អ្នក​គាំទ្រ​ល្បី​ឈ្មោះ​នានា​ចំពោះ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​រដ្ឋប្រហារ។

យោធា​បាន​បញ្ជាក់​ថា ដីកា​ចាប់​ខ្លួន​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ចាប់​ខ្លួន​អ្នក​រិះគន់​លេច​មុខ ៧ នាក់ ដែល​រិះគន់​លើ​ការ​គ្រប់គ្រង​របស់​យោធា ទាក់ទិន​នឹង​ការ​បញ្ចេញ​មតិ​របស់​អ្នក​ទាំង​នោះ​នៅ​លើ​បណ្ដាញ​សង្គម​តាម​អ៊ីនធឺណិត។

ក្រុម​ព័ត៌មាន True News របស់​យោធា​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា ពលរដ្ឋ​ត្រូវ​ផ្ដល់​ដំណឹង​ដល់​ប៉ូលិស ប្រសិនបើ​ពួកគេ​ឃើញ​អ្នក​រិះគន់​ទាំង ៧ ខាង​លើ ហើយ​ពលរដ្ឋ​នឹង​ត្រូវ​ដាក់​ទោស ប្រសិនបើ​ពួកគេ​ផ្ដល់​កន្លែង​ស្នាក់នៅ​ដល់​អ្នក​ទាំង​នោះ។

សមាគម​ជំនួយ​សម្រាប់​អតីត​អ្នក​ទោស​នយោបាយ (The Assistance Association for Former Political Prisoners) ដែល​ជា​អង្គការ​តាមដាន​សិទ្ធិ​មនុស្ស​មួយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ៣៨៤ នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​តាំង​ពី​មាន​រដ្ឋប្រហារ​មក ដែល​ភាគ​ច្រើន​ធ្វើ​ឡើង​នៅ​ក្នុង​ការ​វាយ​ឆ្មក់​បង្ក្រាប​នៅ​ពេល​យប់៕

XS
SM
MD
LG