ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​នៃ​របប​សឹក​យោធា​មីយ៉ាន់ម៉ា​បិទ​បញ្ចប់​សវនាការ​ដោយ​កាត់ក្តី​ឲ្យ​លោក​ស្រី Suu Kyi ជាប់​ពន្ធនាគារ​៣៣​ឆ្នាំ


ក្រុមបាតុកម្មមីយ៉ាន់ម៉ាកាន់រូបលោកស្រី Aung San Suu Kyi ក្នុងអំឡុងបាតុកម្មនៅមុខស្ថានទូតមីយ៉ាន់ម៉ា នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២។

តុលាការនៃ​របប​សឹក​យោធា​មីយ៉ាន់ម៉ា​បាន​បិទ​បញ្ចប់សវនាការ​កាត់​ទោស​មេដឹកនាំ​ស៊ីវិល​ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​អំណាច​គឺ​លោក​ស្រី​ Aung San Suu Kyi នៅ​ថ្ងៃ​សុក្រ​នេះ​ ដោយផ្តន្ទាទោស​ឱ្យ​លោក​ស្រី​ជាប់​ពន្ធនាគារ​សរុប​ទាំង​អស់​រយៈពេល ​៣៣ ​ឆ្នាំ។ នេះ​បើ​ប្រភព​អ្នក​ច្បាប់​មួយ​រូប​ដែលបាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP ។

ជា​អ្នកទោស​មួយ​រូប​នៃ​របប​យោធា ចាប់តាំង​ពីក្រោយ​ថ្ងៃ​រដ្ឋប្រហារកាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ​ ២០២១ ​មក​ លោក​ស្រី Suu Kyi​ ដែល​មាន​វ័យ​ ៧៧​ ឆ្នាំ​ ​ត្រូវ​បាន​កាត់​ទោសលើ​គ្រប់បទ​ចោទ​ប្រកាន់​ទាំង​អស់​ប្រឆាំង​នឹង​លោក​ស្រី​ ដោយ​រាប់​ចាប់តាំង​ពី​អំពើ​ពុករលួយ​ ​ការប្រើប្រាស់វិទ្យុទាក់ទង​អាយកូម​ខុសច្បាប់​ និង​ការ​បំពាន​ទៅលើ​វិធាន​ការ​រឹតបន្តឹង​ច្បាប់​ជំងឺ​កូវីដ​១៩​ ជា​ដើម​ផង​ដែរ។

នៅ​ថ្ងៃ​សុក្រ​នេះ​ លោក​ស្រី​ត្រូវបានរកឃើញ​ថា​មាន​កំហុសលើ​បទ​ចោទប្រកាន់ ៥ ករណី​ទៀត​ ទាក់ទិន​អំពើ​ពុករលួយ និង​ការជួល​ទិញ​ និង​ការ​ជួសជុល​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ ដែល​ធ្វើ​ឱ្យ​បាត់​ប្រាក់​ចំណូល​រដ្ឋ។ នេះ​បើតាម​ការ​ឱ្យ​ដឹងរបស់​ប្រភព​ខាង​លើ​នេះ។

ប្រភពអ្នក​ច្បាប់​នេះ​បន្ថែម​ទៀត​ថា៖ «សំណុំ​រឿងរបស់​លោក​ស្រីទាំង​អស់​ត្រូវ​បានបញ្ចប់ ហើយ​ពុំ​មាន​ការចោទ​ប្រកាន់​អ្វីទៀត​នោះ​ទេ​លើ​លោក​ស្រី Suu Kyi»។

ប្រភព​នេះក៏​បាន​និយាយផង​ដែរ​ថា​ លោក​ស្រី Suu Kyiដែល​ពេល​នេះ​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​សរុប​ ៣៣ ​ឆ្នាំ មាន​វត្តមាន​នៅ​ក្នុង​សវនាការ​ក្តី​ដែល​ប្រើពេល​អស់ ១៨ ​ខែ​នោះ។ ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​រិះគន់សវនាកាត់​ក្តី​នេះ​ថា​ជា​ឆាក​ល្ខោន​ បាន​ឲ្យ​ដឹង​ថា លោកស្រី​ហាក់​ដូច​ជា​នៅ​មាន​សុខភាព​រឹមាំល្អ​នៅ​ឡើយ។

ក្រុម​អ្នក​សារព័ត៌មាន​ត្រូវ​បានគេ​រារាំង​មិន​ឱ្យ​ចូល​រួម​ស្តាប់សវនាការ​នោះ​ឡើយ​ ហើយ​ក្រុមមេធាវី​របស់​លោក​ស្រី​ក៏​ត្រូវ​បាន​ហាម​ប្រាម​មិន​ឱ្យ​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មានផង​ដែរ។

ប្រភព​អ្នក​ច្បាប់​នោះ​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា​ លោក​ស្រី Suu Kyi នឹង​ប្តឹងឧទ្ធរណ៍លើ​សាលក្រម​ចុង​ក្រោយនេះ៕

XS
SM
MD
LG