ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​បាតុករ​ថៃ​ប្រឆាំង​បម្រាម​​ប៉ូលិស​ ដោយ​​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង​បាងកក​ដើម្បី​ទាមទារ​កំណែ​ទម្រង់​របប​រាជាធិបតេយ្យ


បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​​នាំ​គ្នា​កាន់​ផ្ទាំង​បដា ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​​បណ្ដា​មេដឹកនាំ​បាតុករ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។
បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​​នាំ​គ្នា​កាន់​ផ្ទាំង​បដា ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​​បណ្ដា​មេដឹកនាំ​បាតុករ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។

ក្រុម​បាតុករ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ថៃ​ជាង​មួយ​ពាន់​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​តាមផ្លូវ​បំបែក​ធំ​មួយ​នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃពុធ​ ដោយ​ប្រឆាំង​នឹង​អាជ្ញាធរ​នៅ​ក្នុង​ការ​ជួប​ជុំ​ដ៏​ធំ​លើក​ដំបូង​ចាប់តាំង​ពី​ប៉ូលិស​បាន​ប្រើ​គ្រាប់​កាំភ្លើង​ជ័រ​បាញ់​លើ​ហ្វូង​បាតុករ​កាលពី​ចុង​សប្តាហ៍​មក។​

ចលនា​បាតុកម្ម​នៅ​ប្រទេស​ថៃ​បាន​ចាប់ផ្តើម​នៅ​ខែ​កក្កដា​ដើម្បី​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី Prayut Chan-O-Cha លាលែង​ពី​តំណែង​ និង​តាក់តែង​ជាថ្មី​នូវ​រដ្ឋ​ធម្មនុញ្ញ​ដែល​ចងក្រង​ដោយ​យោធា។​

ប៉ុន្តែ​ការ​ទាមទារ​ដ៏​ចម្រូង​ចម្រាស​បំផុត​នោះ​គឺ​កំណែ​ទម្រង់​របប​រាជាធិបតេយ្យ​ដែល​មិន​អាច​ប៉ះពាល់បាន​ រួម​ទាំង​ការ​លុបចោល​នូវ​ច្បាប់​បរិហារកេរ្តិ៍​ព្រះ​មហា​ក្សត្រ​ដែល​មាន​ចែង​ជា​យូរ​មក​ហើយ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​នេះ​ផង​ដែរ។​

រហូត​មកដល់​ពេល​នេះ​ ក្រុម​បាតុករ និង​មេដឹកនាំ​និស្សិត​ប្រមាណ​ជាង​ ៧០​ នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទប្រមាថរាជាធិបតេយ្យ​ ហើយ​បាតុករប្រហែល​១២​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ។​ ប្រសិន​បើត្រូវ​បាន​ផ្តន្ទាទោស​ ពួកគេ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៥​ឆ្នាំ​សម្រាប់បទ​ចោទ​នីមួយៗ។​

នៅ​ថ្ងៃពុធ​ក្រុម​អ្នក​តវ៉ា​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ក្នុង​សង្កាត់មួយ ដែលមាន​ផ្សារ​ធំៗ​នៅ​ទីក្រុង​បាងកក​ ដោយ​ស្រែក​ថា «ដោះលែង​មិត្ត​ភក្តិ​របស់​យើង» ​និង«លុប​បំបាត់​ច្បាប់​១១២»​ ដែល​ជាច្បាប់​ប្រមាថ​ព្រះ​មហា​ក្សត្រ​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​របស់​ប្រទេស​ថៃ។

ឆាក​មួយ​នៅ​កណ្តាល​ថ្នល់​មាន​បដា​ដ៏​ធំ​មួយ​ដែល​សរសេរ​ថា «កំណែ​ទម្រង់​រាជាធិបតេយ្យ» ខណៈ​បាតុករ​ជាច្រើន​នាក់​បាន​កាន់​រូបថត​អ្នក​ជាប់​ឃុំឃាំង​ ហើយ​បិទជាប់នឹង​ស្លាក​សញ្ញា​ផ្លូវ។​

មាន​ប៉ូលិស​ជាច្រើន​រួមមាន​ប៉ូលិស​ប្រឆាំង​កុបកម្ម​ផង កំពុង​ប្រមូលផ្ដុំគ្នា​នៅ​តំបន់​ក្បែរនោះ​នា​ពេល​ព្រលប់៕

XS
SM
MD
LG