កាលពីថ្ងៃអាទិត្យ ក្រុមអ្នកកាន់សាសនាឥស្លាមបានចូលរួមក្នុងពិធីសូត្រធម៌ក្នុងទម្រង់ជាហ្វូងមនុស្សមួយនៅក្នុងកន្លែងគោរពបូជាសាសនានៅទូទាំងប្រទេសបារាំង និងអ៊ីតាលី ដើម្បីសម្តែងសាមគ្គីភាពក្នុងពេលតែប៉ុន្មានថ្ងៃ បន្ទាប់ពីពួកសង្រ្គាមសាសនាបានធ្វើការសម្លាប់យ៉ាងអាក្រក់ទៅលើបព្វជិតកាតូលិកម្នាក់។
អ្នកគោរពសាសនាឥស្លាមជាង១០០នាក់បានចូលរួមជាមួយមនុស្សប្រមាណពីរពាន់នាក់នៅក្នុងព្រះវិហារ Gothic កសាងកាលពីសតវត្សរ៍ទី១១នៅក្នុងក្រុង Rouen នាប៉ែកខាងជើងនៃប្រទេសបារាំងនៅជិតក្រុងក្នុងតំបន់ Normandie ដែលនៅទីនោះយុវជនពីរនាក់បានអារកបព្វជិតកាតូលិកឈ្មោះ Jacques Hamel នៅមុនពេលយុវជនទាំងនោះត្រូវបានបាញ់សម្លាប់ដោយប៉ូលិស។ ជនធ្វើការវាយប្រហារទាំងពីរនាក់នេះបានអះអាងថា ខ្លួនស្មោះស្ម័គ្រនឹងពួករដ្ឋឥស្លាម នេះបើតាមវីដេអូដែលបានត្រូវចេញផ្សាយដោយពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម។
អាចារ្យក្រុង Rouen លោក Dominique Lebrun បានអរគុណក្រុមអ្នកកាន់សាសនាឥស្លាមទាំងនោះ «ក្នុងនាមនៃក្រុមអ្នកគោរពគ្រឹស្តសាសនាទាំងអស់» ដោយលោកបានបន្ថែមសេចក្តីថា «តាមរយៈវិធីនេះ លោកអ្នកបានបញ្ជាក់ថា លោកអ្នកច្រានចោលការស្លាប់និងអំពើហិង្សាក្នុងព្រះនាមព្រះអាទិទេព»។
នៅក្នុងចំណោមក្រុមអ្នកចូលរួមក្នុងពិធីសូត្រធម៌នេះក្នុងក្រុង Rouen មានដូនជីម្នាក់ក្នុងចំណោមដូនជី ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងនៅក្នុងព្រះវិហារគ្រឹស្តសាសនា ទីដែលបព្វជិតJacques Hamel ត្រូវបានសម្លាប់។ ដូនជីនេះជាមួយក្រុមអ្នកកាន់គ្រឹស្តសាសនានិកាយកាតូលិកដទៃទៀតបានចាប់ដៃរលាក់ជាមួយក្រុមអ្នកគោរពសាសនាឥស្លាម ហើយបានឱបគ្នាបន្ទាប់ពីពិធីនេះផងដែរ៕