កាលពីថ្ងៃទី ៩ ខែតុលា បាតុករគាំទ្រប៉ាឡេស្ទីនរាប់រយនាក់បានដើរក្បួនតវ៉ាកាត់តាមទីក្រុង Sydney ប្រទេសអូស្ត្រាលី ដែលនៅទីនោះពួកគេបានប្រមូលផ្ដុំគ្នានៅកាំជណ្ដើរនៃសាល Opera House។ ដំបូលរាងដូចក្ដោងកប៉ាល់ដ៏ល្បីល្បាញរបស់សាលនេះត្រូវបានបំភ្លឺដោយភ្លើងពណ៌ខៀវនិងពណ៌សដែលជាពណ៌ទង់ជាតិអ៊ីស្រាអែលដើម្បីជាការបង្ហាញសាមគ្គីភាពជាមួយសហគមន៍ជ្វីហ្វក្នុងប្រទេសអូស្ត្រាលី។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានអំពាវនាវឱ្យរំសាយការដើរក្បួនគាំទ្រប៉ាឡេស្ទីននេះនៅក្នុងទីក្រុង Sydney។ មេដឹកនាំបក្សប្រឆាំងអភិរក្សនិយមលោក Peter Dutton បានថ្កោលទោសការតវ៉ានេះថា «គួរឱ្យខ្ពើមរអើម» និង «មិនអាចនឹកស្មានដល់នៅក្នុងប្រទេសអូស្ត្រាលីសម័យទំនើប»។
សកម្មជនគាំទ្រប៉ាឡេស្ទីនម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាវាជា «ការសោកស្ដាយដែលឃើញជនស៊ីវិលត្រូវបានគេសម្លាប់» នៅក្នុងតំបន់ Gaza ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។
រដ្ឋាភិបាលអូស្ត្រាលីបានសម្ដែងការគាំទ្ររបស់ខ្លួនចំពោះអ៊ីស្រាអែលបន្ទាប់ពីមានអំពើហិង្សានៅមជ្ឈិមបូព៌ានេះ។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីអ្នកស្រី Penny Wong បានប្រាប់បណ្ដាញព័ត៌មាន Australian Broadcasting Corp កាលពីថ្ងៃទី ១០ ខែតុលាថា ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់លើអ៊ីស្រាអែលគឺជាអំពើ «គួរឱ្យស្អប់ខ្ពើម» ។
អ្នកស្រីថ្លែងដូច្នេះថា៖ «អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ហើយនេះគឺជាការវាយប្រហារដ៏គួរឱ្យស្អប់ខ្ពើម។ ហើយការចាប់ចំណាប់ខ្មាំង ការវាយប្រហារលើជនស៊ីវិល ដែលជារូបភាពដ៏អាក្រក់ដែលយើងកំពុងឃើញទាំងនេះបានរំឭកយើងអំពីស្ថានភាពសន្តិសុខដែលអ៊ីស្រាអែលកំពុងប្រឈម»។
ចុចចូលទំព័រពិសេសព័ត៌មានអំពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់
អូស្ត្រាលីបានធ្វើបច្ចុប្បន្នភាពសេចក្ដីណែនាំរបស់ខ្លួនអំពីការធ្វើដំណើរចាប់តាំងពីអំពើហិង្សានេះបានចាប់ផ្ដើម ហើយកំពុងជំរុញឱ្យពលរដ្ឋរបស់ខ្លួន «ពិចារណាឡើងវិញនូវតម្រូវការរបស់ពួកគេក្នុងការធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលនិងដែនដីប៉ាឡេស្ទីនដែលអ៊ីស្រាអែលកំពុងកាន់កាប់ទាំងមូល ដោយសារស្ថានភាពសន្តិសុខប្រែប្រួលខ្លាំង ដែលក្នុងនោះរួមទាំងការគំរាមកំហែងនៃអំពើភេរវកម្ម ជម្លោះប្រដាប់អាវុធ និងចលាចលស៊ីវិលផងដែរ»។
អូស្ត្រាលីមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលតាំងពីឆ្នាំ ១៩៤៩ មក។ ក្រសួងកិច្ចការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលីបានបញ្ជាក់ថា៖ «អូស្ត្រាលីមានទំនាក់ទំនងដ៏កក់ក្ដៅនិងជិតស្និទ្ធជាមួយអ៊ីស្រាអែល»។
សម្រាប់ផ្នែកនយោបាយ អូស្ត្រាលីបានប្ដេជ្ញាគាំទ្រដំណោះស្រាយរដ្ឋពីរដែលអ៊ីស្រាអែលនិងរដ្ឋប៉ាឡេស្ទីននាពេលអនាគតមួយអាចរួមរស់ជាមួយគ្នានៅក្នុងព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។
នៅកន្លែងផ្សេងទៀតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រដ្ឋាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថាម៉ាឡេស៊ីឈរដោយសាមគ្គីភាពជាមួយនឹងការតស៊ូរបស់ប៉ាឡេស្ទីន។ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសគាំទ្របុព្វហេតុប៉ាឡេស្ទីនយូរមកហើយ ក្រុមមន្ត្រីបាននិយាយថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ហើយបានអំពាវនាវឱ្យបញ្ចប់អំពើហិង្សានេះ។
រីឯនៅក្នុងប្រទេសកូរ៉េខាងត្បូងវិញ ក្រសួងការបរទេសនៃប្រទេសនេះបានថ្កោលទោស «ការវាយប្រហារដោយមិនរើសមុខលើអ៊ីស្រាអែល» នេះ៕
ប្រែសម្រួលដោយលោក ម៉ែន គឹមសេង