លទ្ធផលបណ្តោះអាសន្នថ្មីនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអ៊ូហ្គង់ដាដ៏មានភាពចម្រូងចម្រាសបានបង្ហាញថា លោកប្រធានាធិបតី Yoweri Museveni ដែលបានកាន់អំណាចអស់រយៈពេល៣០ឆ្នាំនោះបាននាំមុខគេ ដោយទទួលបានសម្លេងគាំទ្រជិត៦២ភាគរយ។ គេរំពឹងថា លទ្ធផលចុងក្រោយបង្អស់នឹងចេញនៅល្ងាចថ្ងៃសៅរ៍នេះ ម៉ោងក្នុងស្រុក។
តួលេខនេះត្រូវបានបង្ហាញប៉ុន្មានម៉ោងមុនកាលកំណត់នៃលទ្ធផលចុងក្រោយបង្អស់ ដោយ៨៣ភាគរយនៃសន្លឹកឆ្នោតត្រូវបានរាប់រួចរាល់។
លោកKizza Besigye ដែលជាគូប្រជែងដ៏ធំបំផុតរបស់លោក Museveni ទទួលបានសម្លេងគាំទ្រ៣៤ភាគរយ ហើយលោក Amama Mbabazi ទទួលបាន១,៥ភាគរយ។
បេសកកម្មឃ្លាំមើលការបោះឆ្នោតរបស់សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយប៉ុន្មានម៉ោងមុនកាលកំណត់នៃលទ្ធផលបោះឆ្នោតចុងក្រោយបង្អស់ ដោយបញ្ជាក់ថា គណបក្សចលនាតស៊ូជាតិដែលជាគណបក្សកាន់អំណាចបានជះឥទ្ធិពលទៅលើទិដ្ឋភាពនយោបាយ ដែលបានធ្វើឲ្យប៉ះពាល់ដល់ភាពយុត្តិធម៌នៃយុទ្ធនាការបោះឆ្នោត ហើយក្រុមមន្រ្តីរដ្ឋាភិបាលបានបង្កើតបរិយាកាសភ័យខ្លាចដល់ម្ចាស់ឆ្នោតនិងបេក្ខជនឈរឈ្មោះនៅក្នុងថ្ងៃបោះឆ្នោតនិងប៉ុន្មានថ្ងៃក្រោយមក៕