ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​របស់​លោក​គឹម សុខ​ទទូច​ឱ្យ​តុលាការ​កោះហៅ​លោក​ហ៊ុន សែន​លើ​ ​ករណី​កូន​ក្តីរបស់​​លោក​


រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និង​អ្នកវិភាគ​នយោបាយ​លោក​គឹម សុខ។
រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និង​អ្នកវិភាគ​នយោបាយ​លោក​គឹម សុខ។

លោក​ឈួន ចន្ថា​ ​តំណាង​មហា​អយ្យការ​អម​តុលាការ​កំពូល​​ ដែល​មាន​តួនាទី​ដាក់​បន្ទុក​លើ​ចុង​ចោទ​ ​បាន​លើកឡើង​ក្នុង​សវនាការ​នោះ​ថា​ ​បណ្ដឹង​សុំ​កោះ​ហៅ​ដើម​បណ្ដឹង​មក​ឆ្លើយ​តតាំង​គ្នា​នេះ​គឺជា ​រឿង​មិន​ត្រឹមត្រូវ​ ​និង​ពុំ​ចាំបាច់។​​

មេធាវី​ការពារ​ក្តី​ឲ្យ​លោក​គឹម សុខ​ស្នើ​ឲ្យតុលាការកោះ​ហៅ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែនមក​ឆ្លើយ​តទល់​ក្នុង​នាម​ជា​ដើម​បណ្តឹងក្នុង​សវនាការជាមួយ​ចុងចោទ​ ​ដើម្បី​ផ្តល់​យុត្តិធម៌ដល់​កូនក្តី​របស់​លោក។​

លោក​ជូង​ ជូងី​ ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​គឹម សុខ​ ​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​ចេញពីសវនាការ​តុលាការ​កំពូល​នា​ព្រឹក​ថ្ងៃពុធ​នេះថា​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​និង​សាលា​ឧទ្ធរណ៍​បាន​ប្រើ​សិទ្ធិ​បដិសេធ​មិនព្រម​កោះហៅ​លោក​ហ៊ុន សែន​តាម​បណ្ដឹង​របស់​ចុងចោទ​ ​ហើយលោក​បកស្រាយ​ថា​ ការ​មិន​កោះហៅ​លោក​ហ៊ុន សែនតាម​ការ​ទាមទាររបស់​កូន​ក្តី​លោក​គឺ​ជា ​ការ​រំលោភ​សិទ្ធិ​ចុងចោទ​ធ្ងន់ធ្ងរ។​ ​មេធាវី​រូប​នេះ​បន្ថែម​ថា​ ​បទ​បរិហារ​កេរ្តិ៍​ ​និង​បទ​ញុះញង់ ដែល​ប្តឹង​ដោយ​លោក​ហ៊ុន សែនគឺ​ មាន​តែ​លោក​ហ៊ុន សែន​ប៉ុណ្ណោះ​ ដែល​អាច​បក​ស្រាយ​បាន។​

លោកជូង​ ជូងី​ ​មាន​ប្រសាសន៍ថា៖​

«ចង់​ឲ្យ​ដើម​បណ្តឹង​គាត់​បញ្ជាក់​ថា​ ញុះញង់​យ៉ាង​ម៉េច?​ ​សម្តី​ណា​ថា ​ញុះ​ញង់?​ ​ឥរិយាបថ​ណា​ថា​ ញុះញង់?​ ​ហើយ​ប្រសិន​បើ​កើត​មាន​ហិង្សា ​ឬ​ក៏​កើត​មាន​ភាព​ចលាចលហ្នឹង​ឲ្យបញ្ជាក់​ថា​ អាច​កើត​មាន​ហិង្សា​អ្វី?​ ​ព្រោះ​យើង​មិន​គ្រាន់​តែ​ថា ​ញុះញង់​ហើយ​ត្រូវ​តែ​មាន​ទោស​នោះ​ទេ មិន​មែន​អីចឹង​ទេ។ ​ត្រូវ​តែ​ថា​ ញុះញង់​យ៉ាង​ម៉េច​ ​សម្តី​យ៉ាងម៉េច​ ​ឥរិយាបថ​យ៉ាង​ម៉េច?​ ​ហើយ​អាច​កើត​ហិង្សា​យ៉ាង​ម៉េច?​ ហើយ​ពាក្យ​ថា បរិហារកេរ្តិ៍​ក៏​ត្រូវ​បង្ហាញ​ដែរ​ថា​ តើ​ពាក្យ​ណា​អះអាង​ថា ​បរិហារកេរ្តិ៍?​ ​ហើយ​ប៉ះពាល់​កិត្តិយស​យ៉ាង​ម៉េច? ​ចំណុច​ទាំង​អស់​ហ្នឹង​មាន​តែ​ដើម​បណ្តឹង​ខ្លួន​ឯង​ទេ ទើប​អាច​បញ្ជាក់​បាន។​ មេធាវី​តំណាងរបស់​ដើម​បណ្តឹង​មិន​អាច​បញ្ជាក់​បានច្បាស់លាស់​ ស៊ី​ជម្រៅទេ»។

ការ​លើក​ឡើង​របស់​លោក​មេធាវី​ជូង ជូងីធ្វើឡើង ​ក្រោយ​ពីតុលាការ​កំពូលបើក​សវនាការ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ ​លើ​បណ្តឹង​របស់​លោក​គឹម សុខ​ ជា​អ្នកវិភាគ​ ដែល​ប្តឹង​សុំឲ្យ​តុលាការកោះ​ហៅ​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន​មក​ឆ្លើយ​តទល់​គ្នា​ក្នុង​នាម​ជា​ដើម​បណ្ដឹង​ ​ក្នុង​ករណីដែល​លោក​ហ៊ុន សែន​បញ្ជា​ឲ្យ​ចាប់​អ្នក​វិភាគ​នយោបាយ​ដាក់​ពន្ធនាគារ។​

រូបឯកសារ៖ លោក​មេធាវី​ ជួង ជូងី​ និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ខាងក្រោយ​សាលាឧទ្ធរណ៍​អំពីការ​ចង់​បាន​របស់លោក​ គឹម សុខ​ ក្នុង​ការ​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៣១​ ខែ​មីនា​ ឆ្នាំ​ ២០១៧។ (ហ៊ុល​ រស្មី/VOA)
រូបឯកសារ៖ លោក​មេធាវី​ ជួង ជូងី​ និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ខាងក្រោយ​សាលាឧទ្ធរណ៍​អំពីការ​ចង់​បាន​របស់លោក​ គឹម សុខ​ ក្នុង​ការ​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៣១​ ខែ​មីនា​ ឆ្នាំ​ ២០១៧។ (ហ៊ុល​ រស្មី/VOA)

លោក​គឹម សុខ​ ​អ្នកវិភាគ​នយោបាយ​ ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បញ្ជា​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ ​កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៧​ ​ដោយ​ចោទ​ប្រកាន់ពី​បទ​ញុះញង់​ឲ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋជាអាទិ៍​ ​និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ​តាមបណ្ដឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន។​ លោក​ហ៊ុន សែន​បាន​ប្ដឹងថា​ លោក​គឹម សុខ​បាន​អធិប្បាយ​ចោទ​ប្រកាន់​ដែល​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​លោក​កែម ឡី ​ហើយ​លោក​នាយក​រដ្ឋមន្ត្រីទាមទារ​សំណង​ចំនួន​ ៥​សែន​ដុល្លារ។​

ក្រៅ​ពី​នេះ​ ​លោក​ហ៊ុន សែន​ក៏​បាន​ប្ដឹង​លោក​គឹម សុខ​មួយ​ករណី​ទៀត​ចំពោះ​ការ​អត្ថាធិប្បាយ​ថា ​ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋាភិបាល​បច្ចុប្បន្នបណ្ដោយ​ឲ្យមាន​ការ​សម្លាប់​មនុស្ស​ ​ហើយ​មិន​រក​មុខ​ឃាតក​ពិត​ ដូច​ជា​ក្នុង​ករណី​លោក​កែម ឡី​ ​លោក​ជា វិជ្ជា​ ​ព្រះ​សង្ឃ​ សម ប៊ុនធឿន​ ​និង​លោក​ឈុត​ វុទ្ធី​ជា​ដើម។​ ​លោក​ហ៊ុន សែន​បាន​ប្តឹង​ទាមទារ​ប្រាក់​សំណង​ ១០​លាន​រៀល​ផង​ដែរ​សម្រាប់​ករណី​ទាំង​នោះ។​

VOA ​មិន​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​គី តិច​ ​មេធាវី​តំណាង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​បាន​ទេ​ នា​រសៀល​ថ្ងៃ​ពុធ​នេះ។​

ទោះជា​យ៉ាងណា​ ​លោក​គី តិច​ថ្លែងក្នុង​សាល​សវនាការ​របស់​តុលាការ​កំពូល​នា​ព្រឹក​នេះ​ថា​ ​លោក​បាន​ទទួល​សិទ្ធិ​ពីដើម​បណ្ដឹង​គ្រប់គ្រាន់​ហើយ​ ​ដូច្នេះ​មិន​ចាំបាច់​កោះ​ហៅ​ លោក​ហ៊ុន សែន​មក​ឆ្លើយ​តតាំង​គ្នា​ជាមួយ​ចុង​ចោទ​នោះ​ទេ។​

លោក​ឈួន ចន្ថា​ ​តំណាង​មហា​អយ្យការ​អម​តុលាការ​កំពូល ដែល​មាន​តួនាទី​ដាក់​បន្ទុក​លើ​ចុង​ចោទ​ ​បាន​លើកឡើង​ក្នុង​សវនាការ​នោះ​ថា​ ​បណ្ដឹង​សុំ​កោះ​ហៅ​ដើម​បណ្ដឹង​មក​ឆ្លើយ​តតាំង​គ្នា​នេះ​គឺជា ​រឿង​មិន​ត្រឹមត្រូវ​ ​និង​ពុំ​ចាំបាច់។

ក្រោយ​បញ្ចប់​សាល​សវនាការ​នោះ​ ​ លោក​សឹង បញ្ញាវុឌ្ឍ​ ប្រធាន​ក្រុមប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​ បាន​សម្រេចយក​ថ្ងៃទី៥​ ​ខែ​កក្កដា​ ដើម្បី​ប្រកាស​សាលដីកា។​ ​ចំណែក​បណ្តឹង​មួយ​ទៀតរបស់​លោក​គឹម សុខ​ ​ដែល​បាន​ប្តឹង​សុំ​នៅ​ក្រៅ​ឃុំពាក់ព័ន្ធនឹង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ និងបទបរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ដែលប្តឹង​ដោយ​លោក​ហ៊ុន សែន​ក៏​ត្រូវ​បាន​តុលាការ​កំពូលសម្រេច​លើក​ពេល​ប្រកាស​ទៅ​ថ្ងៃ​ទី៥ ​ខែកក្កដា​ ​ដូច​គ្នា​ដែរ។​

លោក​សុក សំអឿន​ ​មេធាវីជើង​ចាស់​មួយ​រូប​ ​ប្រាប់​ ​VOA​ ​ថា​ ​ជាទូទៅ​ ​ដើម​បណ្តឹង​មាន​សិទ្ធិមិន​ចូលរួម​ឆ្លើយ​តទល់​នឹងចុង​ចោទ។​

លោក​មាន​ប្រសាសន៍​ថា៖

«ច្បាប់​អត់​មាន​បង្ខំ​ឲ្យ​ដើម​បណ្តឹង​ថា ​ត្រូវ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ទេ​ ​ទោះបី​ជាដើម​បណ្តឹង​បែប​ណា​មួយ​ក៏​ដោយ។​ ​ ក៏​ប៉ុន្តែ ​បើសិន​ដើម​បណ្តឹង​ចង់​ប្តឹង​ ​ចង់​ប្រឆាំង​នរណា​មួយ​ ហើយ​អត់​ចូល​ខ្លួន​ ​វា​អាច​ខាត​សម្រាប់​ដើម​បណ្តឹង។ ​ដូច្នេះ​ដើម​បណ្តឹង​អាច​គិត​មើល​ថា​ ខាត​ ​ឬក៏​ចំណេញ?​ ​ប៉ុន្តែ​ច្បាប់​អត់​មាន​បង្ខំ​ថា​ ដើម​បណ្តឹង​ត្រូវ​តែ​មក​ឆ្លើយ​តប​ទេ»។​

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ដែរ​ ​តុលាការ​កំពូល​ក៏​បានលើក​ពេល​ប្រកាស​សាល​ដីកា​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់មន្រ្តី​អាដហុក​ចំនួន​៤​នាក់​ ​និង​មន្រ្តីគ.ជ.ប.​ម្នាក់​ ដែល​មាន​វ័យ​ចំណាស់​ ​និងកំពុង​មាន​ជំងឺ​ ​ដែល​ត្រូវ​ជាប់​ឃុំ​ពី​បទ​ចោទ​ប្រកាន់គួរ​ឲ្យ​មន្ទិល​ថា ​សូកប៉ាន់​សាក្សី​ ​និង​សម​គំនិត​សូកប៉ាន់​សាក្សីរឿង​អាស្រូវ​ស្នេហា​របស់​លោក​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ​ជាមួយ​ស្រ្តីវ័យ​ក្មេង​ម្នាក់​ឈ្មោះ​នាង ខុម ចាន់តារ៉ាទី​ ​ហៅ​ស្រីមុំ​ដែល​ធ្វើការ​ក្នុង​ហាង​កាត់​សក់៕

XS
SM
MD
LG