អាជ្ញាធរនៅក្នុងទីក្រុង Colorado Springs នៃរដ្ឋ Colorado បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានចោទប្រកាន់បុរសអាយុ ២២ ឆ្នាំម្នាក់ពីបទឧក្រិដ្ឋកម្មស្អប់គុំកួន បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារមួយបានកើតឡើងនៅក្លឹបរាត្រីមួយកន្លែងរបស់អ្នកស្រឡាញ់ភេទដូចគ្នាកាលពីចុងសប្ដាហ៍កន្លងទៅនេះ ដែលនៅក្នុងហេតុការណ៍នោះ មនុស្ស ៥ នាក់បានស្លាប់និង ១៨ នាក់រងរបួស។
អាជ្ញាធរបានបញ្ជាក់ថា ជនសង្ស័យនេះត្រូវបានចាប់ខ្លួនក្រោមបទចោទឃាតកម្មចំនួន ៥ ករណី និងបទចោទ«ឧក្រិដ្ឋកម្មដែលជំរុលឡើងដោយភាពលម្អៀងដែលបណ្ដាលឱ្យមានរបួសស្នាម» ចំនួន ៥ ករណី។ ឃ្លា «ឧក្រិដ្ឋកម្មដែលជំរុលឡើងដោយភាពលំអៀងដែលបណ្ដាលឱ្យមានរបួសស្នាម» នេះគឺជាភាសាដែលបង្ហាញឱ្យឃើញអំពីច្បាប់របស់រដ្ឋ Colorado ស្ដីពីការស្អប់គុំកួន។
បទចោទប្រកាន់ផ្សេងទៀតពាក់ព័ន្ធនឹងមនុស្ស ១៨ នាក់ដែលបានរងរបួសនៅក្នុងការបាញ់ប្រហារនេះគឺអាចនឹងធ្វើឡើងនៅពេលដែលជនសង្ស័យត្រូវបានចោទប្រកាន់ជាផ្លូវការនៅក្នុងតុលាការ។
ការបាញ់ប្រហារនេះបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍សប្ដាហ៍មុននៅឯក្លឹបរាត្រី Club Q ដែលជាកន្លែងជួបជុំគ្នាកម្សាន្តរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងទីក្រុង Colorado Springs។
អាជ្ញាធរនិងម្ចាស់ក្លឹបកម្សាន្តនេះបាននិយាយថា អ្នកបាញ់ប្រហារបានចូលទៅក្នុងក្លឹបនេះដោយពាក់អាវក្រោះនិងកាន់កាំភ្លើងវែង AR-15 និងបានបើកការបាញ់ប្រហារភ្លាមៗតែម្ដង។ ប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាមៗក្រោយមកនិងបានចាប់ខ្លួនជនសង្ស័យ។
គេនៅមិនច្បាស់ឱ្យបានប្រាកដនោះទេកាលពីថ្ងៃចន្ទថាតើអាជ្ញាធរបានកំណត់យ៉ាងណាអំពីអ្វីដែលជាការជំរុលទឹកចិត្តរបស់ជនសង្ស័យនៅក្នុងការប្រព្រឹត្តិរឿងនេះ។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងបណ្ដាញព័ត៌មាន CNN កាលពីព្រឹកថ្ងៃចន្ទ ស្នងការប៉ូលិសក្រុង Colorado Springs លោក Adrian Vasquez បាននិយាយថា ជនសង្ស័យកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យនិង «បានតាំងចិត្តមិននិយាយជាមួយក្រុមអ្នកស៊ើបអង្កេត»។
ការបាញ់ប្រហារនេះបានកើតឡើងនៅចំពេលដែលសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងសហរដ្ឋអាមេរិករងការវាយប្រហារកាន់តែខ្លាំងឡើងពីអ្នកនយោបាយនិងសកម្មជនដែលប្រកាន់ទស្សនៈស្ដាំនិយម៕