ជ័យលាភីរង្វាន់ណូបែលលោក Muhammad Yunus បានវិលត្រឡប់មកប្រទេសបង់ក្លាដែសកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្នមួយ បន្ទាប់ពីការលាលែងពីតំណែង និងការចាកចេញពីប្រទេសរបស់នាយករដ្ឋមន្ត្រីអ្នកស្រី Sheikh Hasina។
លោក Yunus អាយុ៨៤ ឆ្នាំបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Hazrat Shahjalal ទីក្រុង Dhaka តាមជើងហោះហើរពីទីក្រុងប៉ារីស ហើយត្រូវបានស្វាគមន៍ដោយប្រមុខយោធារបស់ប្រទេស គឺលោកនាយឧត្តមសេនីយ៍ Waker-Uz-Zaman និងមន្ត្រីយោធាជាន់ខ្ពស់ផ្សេងទៀត។ លោកបានទទួលភួងផ្កាពីអ្នកគាំទ្រ។
លោកបានស្បថចូលកាន់តំណែងជាប្រមុខរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសភ្លាមៗបន្ទាប់ពីលោកវិលត្រឡប់មកវិញ។ ពិធីសច្ចាប្រណិធានរបស់លោកត្រូវបានធ្វើអធិបតីដោយលោកប្រធានាធិបតី Mohammed Shahabuddin ដោយប្រកាសតែងតាំងលោក Yunus ជាទីប្រឹក្សារបស់លោក។ តំណែងនេះត្រូវបានគេនិយាយថាស្មើនឹងនាយករដ្ឋមន្ត្រី។
លោក Yunus មានភារកិច្ចក្នុងការស្តារសន្តិភាពឡើងវិញ។ នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Yunus បាននិយាយថា លោកនឹងផ្តោតលើការបង្កើតសណ្តាប់ធ្នាប់ឡើងវិញ ដោយស្នើសុំឱ្យបញ្ចប់អំពើហិង្សាទាំងអស់។
លោក Yunus គឺជាសេដ្ឋវិទូ និងជាធនាគារិកម្នាក់ដែលបានឈ្នះរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ២០០៦ សម្រាប់ការងាររបស់លោកនៅផ្នែកមីក្រូឥណទានតាមរយៈធនាគារ Grameen។ លោកត្រូវបានគេទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈប្រាក់កម្ចីខ្នាតតូច៕
ព័ត៌មានមួយចំនួនសម្រាប់របាយការណ៍នេះត្រូវបានផ្តល់ដោយទីភ្នាក់ងារសារព័ត៌មានAFP, The Associated Press និង Reuters ។
វេទិកាបញ្ចេញមតិ