ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខួប​កំណើត​របស់​លោក​ Mugabe ត្រូវ​ជោវជន់​ដោយ​ជម្លោះ​អ្នក​បន្ត​អំណាច


ប្រធានាធិបតី​ស៊ីមបាវ៉េ Robert Mugabe និង​ភរិយា​កាត់​នំ​ខេក​នៅ​ក្នុង​ទីក្រុង​ Harare កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​
ប្រធានាធិបតី​ស៊ីមបាវ៉េ Robert Mugabe និង​ភរិយា​កាត់​នំ​ខេក​នៅ​ក្នុង​ទីក្រុង​ Harare កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​

​កាល​ពីកុម្ភៈ​កន្លង​ទៅ​នេះ​ លោក​ Robert Mugabe ប្រធានាធិបតីស៊ីមបាវ៉េ​ ​បាន​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ ( State of the Union Address )​ ​ដែល​មិន​បាន​ប្រកាស​ទុក​មុន​មួយ​ ដើម្បី​ថ្កោលទោស​លើ​ការបែង​ចែក​ជា​ពីរ​ក្រុម​នៅ​ក្នុង​គណបក្ស​ Zanu PF របស់​លោក​ ដែល​ហាក់​បី​ដូច​ជា​កំពុង​រង់ចាំ​បន្ត​អំណាច​ពី​លោក។​

«យើង​មិន​ត្រូវ​វាយ​ប្រហារ​គ្នា​ ឬ​ឈ្លោះ​គ្នា​ ដែល​មើល​ទៅ​ដូច​ជា​កំពុង​កើត​ឡើង​នោះ​ទេ។ យើង​ត្រូវ​ចាប់​ផ្តើម​ធ្វើ​ការ​ជូន​ប្រជាជន​របស់​ពួកយើង​ដើម្បី​រស់រាន។ យើង​ត្រូវ​តែ​នៅ​រួបរួមសាមគ្គី​គ្នា។ អ្នក​ដែល​និយាយ​ថា​ យើង​ស្ថិត​នៅ​ជាមួយ​ក្រុម​នេះ​ ឬ​ក្រុម​នោះ​ ខ្ញុំ​សូម​ប្រាប់ថា​ ឈប់​និយាយ​ទៅ។ អ្នក​ទាំង​អស់​គ្នា​គឺ​នៅ​ជាមួយ​ប្រទេសស៊ីមបាវ៉េ​ ​។ សូម​ឈប់​និយាយ​ ហើយ​សូម​កុំ​ឲ្យ​ពួក​យើង​លឺ​សម្តី​បែង​ចែក​ពី​អ្នក​ទៀត​ថា​ ជា​ក្រុម​ G40s ឬ​អ្វី​ដែល​អ្នក​ហៅ​ថា​ Lacoste។​ ស្អី​ក៏​ដោយ ឈប់​និយាយ​ទៅ!»

ក្រុម​ទាំង​ពីរ​ដែល​លោក​ប្រធានាធិបតី​ Mugabe និយាយ​សំដៅ​នោះ​ គឺ​ជា​ក្រុម​ដែល​ដឹក​នាំ​ដោយ​អនុប្រធានាធិបតី​ Emmerson Mnangagwa ដែល​ត្រូវ​បាន​ស្គាល់​ជា​ «Lacoste» និង​ភរិយា​របស់​លោក​ដែល​ត្រូវ​បាន​ស្គាល់​ជា​ «G40»។

ចាប់​តាំង​ពី​សុន្ទរកថា​របស់​លោក​ គ្មាន​អ្វី​បាន​ផ្លាស់​ប្តូរ​ច្រើន​នោះ​ទេ។​ លោក​ Nyamutatanga Makombe ​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​មួយ​ បាន​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​ការបែងចែក​នៅ​ក្នុង​គណបក្ស​កាន់​អំណាច​របស់​ប្រទេសស៊ីមបាវ៉េ​ ។

លោក​ Nyamutatanga Makombe និយាយ​ថា​ ៖ «លោក​ Mugabe ប្រហែល​ជា​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ដោយ​ជោគជ័យ​ ប្រសិន​បើ​លោក​បាន​បង្ហាញ​ជម្រើស​របស់​លោក​យ៉ាង​ច្បាស់​ចំពោះ​អ្នក​បន្ត​វេន​លោក​។ បើ​សិន​ជា​លោក​បន្ត​រក្សា​លំនឹង​នៃ​ក្រុម​ទាំង​ពីរ ចុង​ក្រោយ​វា​នឹង​ធ្វើ​ឲ្យ​លោក​បាត់​បង់​របស់​ដ៏​មាន​តម្លៃ​មួយ​ ដូច​ជា​អំណាច​របស់​លោក​កំពុង​ធ្លាក់​ចុះ​បន្តិច​ម្តង​ៗ ពី​ព្រោះ​យើង​មិន​ដឹង​ថា​ អ្នក​ដែល​ធ្លាប់​គាំ​ទ្រ​លោក​ នឹង​បន្ត​ជំហរ​គាំទ្រ​ទៀត​ទេ​នៅ​ពេល​នេះ។ ព្យុះ​ភ្លៀង​មួយ​ទៀត​នៅ​ជុំវិញ​គឺវ័យចំណាស់របស់​លោក។​ អ្នក​ចង់​បន្ត​តំណែង​ពី​លោក​ គឺ​ត្រូវ​តម្រង់​ជួរ​គ្នាបន្ទាប់​ពី​លោក​ចាស់​ទៅ។ នេះ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ដណ្តើម​អំណាច។​»​

លោក​ប្រធានាធិបតី​ Mugabe បាន​គ្រប់​គ្រង​ប្រទេសស៊ីមបាវ៉េ​ ​ចាប់​តាំង​ពី​ប្រទេស​នេះ​ទទួល​បាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​កាល​ពី​ឆ្នាំ​១៩៨០​។ លោក​បាន​បដិសេធ​មិន​បញ្ជាក់​ពី​ពេលវេលា​ដែល​លោក​នឹង​ចុះ​ចេញ​ពី​តំណែង​ឡើយ។​ នៅឯ​កិច្ច​ប្រជុំ​កំពូល​សហភាព​អាហ្រ្វិក​កាល​ពី​ខែ​មករា​ លោក​បាន​និយាយ​ថា​ លោក​នឹង​បន្ត​កាន់​តំណែង​នេះ​ រហូត​ដល់​ព្រះ​ជា​ម្ចាស់​ហៅ​លោក​ «ឲ្យ​ចូល​រួម​ទេវតា​ផ្សេង​ទៀត»៕​

ប្រែ​សម្រួល​ដោយ​ នូវ​ ពៅ​លក្ខិណា

XS
SM
MD
LG