ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ស៊ីម​បាវ៉េ​បង្កើន​ថ្លៃ​ផាកពិន័យ​ចរាចរណ៍​ដើម្បី​បង្កើន​ចំណូលរដ្ឋ


រូបថតឯកសារ៖ ប៉ូលិស​ចរាចរណ៍​ស៊ីមបាវ៉េ​បញ្ឈប់​ឡាន​មួយ​ក្រុម​នៅ​ជាយក្រុង ​Mawabeni នៃ​ប្រទេស​ស៊ីមបាវ៉េ។
រូបថតឯកសារ៖ ប៉ូលិស​ចរាចរណ៍​ស៊ីមបាវ៉េ​បញ្ឈប់​ឡាន​មួយ​ក្រុម​នៅ​ជាយក្រុង ​Mawabeni នៃ​ប្រទេស​ស៊ីមបាវ៉េ។

រដ្ឋាភិបាល​ស៊ីមបាវ៉េ​បាន​អនុវត្ត​មធ្យោបាយ​ថ្មី​ក្នុង​ការបង្កើន​ចំណូលតាមរយៈការដំឡើងថ្លៃ​ផាក​ពិន័យ​ចរាចរណ៍​​​១០០ភាគរយ ហើយ​ថ្លៃ​ផាក​ពិន័យ​​ការបើកបរ​អំឡុង​ពេល​ភ្លើង​​ក្រហម​​កើន​ឡើង​ពី​២០ដុល្លារ​ទៅ​១០០​ដុល្លារ។​

ធនធាន​ធម្មជាតិ​របស់​ស៊ីមប៉ាវ៉េ​ដូចជា​មាស ផ្លាកទីន និង​ពេជ្រ​មិន​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ប្រសើរ​ឡើង​នោះ​ទេ។ ឥឡូវ​នេះ​រដ្ឋាភិបាល​កំពុង​តែ​ងាក​ទៅ​រក​ប្រភព​នៃ​ការបង្កើន​ចំណូល​មួយ​ទៀត ដែល​នោះ​គឺ​ជា​ការផាកពិន័យ​ចរាចរណ៍។

លោក Patrick Chinamasa រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​បាន​បង្កើន​ថ្លៃ​ផាកពិន័យ​ចំនួន​១០០ ភាគរយឬ​លើស​ពី​នេះ ចំពោះ​ការបើកបរ​ហួស​ល្បឿន​កំណត់ បើកបរ​ក្នុង​អំឡុង​ពេល​នៃ​ភ្លើង​ចរាចរណ៍​ក្រហម និង​បទល្មើស​ចរាចរណ៍​ផ្សេង​ៗទៀត ចាប់​ពី​ថ្ងៃ​ទី​១​ខែ​មករា​នេះ​ត​ទៅ។ នេះ​គឺ​ជា​លើក​ទី​១​ហើយ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ស៊ីមប៉ាវ៉េ​ដែល​រដ្ឋាភិបាល​បង្កើន​ថ្លៃផាក​ពិន័យ​ដើម្បី​បង្កើន​ប្រាក់ចំណូល​របស់​រដ្ឋ។

លោក Tawanda Majoni អ្នកវិភាគ​ឯករាជ្យ​ក្នុង​រដ្ឋធានី​ហារ៉ារ៉េ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ច្បាស់​ជា​កំពុង​តែ​ត្រូវការ​លុយ​ជា​ចាំបាច់។

«រដ្ឋាភិបាល​មាន​ការលំបាក​ណាស់​ក្នុង​ការបើកប្រាក់​ខែ​ឲ្យ​មន្រ្តី​រដ្ឋការ ហើយ​ក៏​លំបាក​ក្នុង​ការផ្តល់​ថវិកា​ដល់​គម្រោង​សំខាន់ៗ​នានា​ផង​ដែរ។ ឥឡូវ​នេះ រដ្ឋាភិបាល​កំពុង​តែ​យក​ការផាក​ពិន័យ​ជា​មធ្យោបាយ​មួយ​ក្នុង​ការបង្កើន​ប្រាក់​ចំណូល។ ប៉ុន្តែ​នេះ គឺ​ជា​មធ្យោបាយ​មួយ​ដ៏​អស់សង្ឃឹម​នឹង​គួរ​ឲ្យ​សោកស្តាយ។ អ្វី​ដែល​រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​គឺ​យក​ឧក្រិដ្ឋកម្ម​ជា​ប្រភព​នៃ​ចំណូល»។

នៅ​តាម​ដង​ផ្លូវ​នានា អ្នក​បើកបរ​បាន​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី Robert Mugabe ពិចារណា​ជា​ថ្មី​ឡើង​វិញ​ទៅ​លើ​ការ​ផាកពិន័យ​ចរាចរណ៍​ថ្មី​នេះ។

«​មិន​យុត្តិធម៌​នោះ​ទេ។ ពួកគេ​គួរតែ​កាត់បន្ថយ​ថ្លៃ​ផាកពិន័យ​ទាំង​នោះ ព្រោះ​យើង​មិន​មាន​ប្រាក់​ចំនួន​១០០​ដុល្លារ​ដើម្បី​បង់​ថ្លៃ​ផាកពិន័យ​នោះ​ទេ»។

«មិន​មាន​ប្រាក់​បង់​ទេ» គឺ​ជា​ឃ្លា​មួយ​ដែល​ប្រជាជន​ក្នុង​ប្រទេស​ស៊ីមប៉ាវ៉េ​និយាយ​ជាទូទៅ ដោយសារ​តែប្រជាជន​ភាគច្រើន​គ្មាន​ការងារ​ធ្វើ​នោះ​ទេ។ ​នេះ​គឺ​ជា​ទស្សនៈ​របស់​លោក Chris Madamombe ដែល​ជា​អ្នក​បើកបរ​យានជំនិះ​សាធារណៈ។ ថ្លៃ​ផាក​ពិន័យ​នេះ​មិន​សម​ហេតុផល​នោះ​ទេ។ វា​អាច​បណ្តាល​ឲ្យ​មន្ត្រី​ប៉ូលិស​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

លោកMadamombe និយាយ​ជា​ភាសា Shona ថា «ប៉ូលិស​នឹង​ទារ​លុយ​មួយ​ចំនួន​ប្រសិន​បើ​ពួកគេ​ឃើញ​ថា ខ្ញុំ​មិន​មាន​ប្រាក់បង់​ថ្លៃ​ផាកពិន័យ​ថ្មី​នោះ។ ​

កាល​ពី​ថ្ងៃ​ច័ន្ទ លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Chinamasa បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌​មាន​ថា ការផាក​ពិន័យ​ថ្មី​នឹង​នៅ​តែ​បន្ត​ធ្វើ​ បើទោះបី​ជា​មាន​ការរិះគន់​យ៉ាងណា​ក៏​ដោយ។ ​

សេដ្ឋកិច្ច​របស់​ប្រទេស​ស៊ីមប៉ាវ៉េ​បាន​ជួប​នឹង​វិបត្តិ​នៅ​រយៈពេល​១៥​ឆ្នាំ​ចុងក្រោយ​នេះ។ លោក​ប្រធានាធិបតី Mugabe បាន​បន្ទោស​ស្ថានភាព​នេះ​ថា​បណ្តាល​មក​ពី​ការដាក់​ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាង​លិច​ចំពោះ​រូប​លោក​និង​សម្ព័ន្ធមិត្ត​នយោបាយ​របស់​លោក ប៉ុន្តែ​អ្នកវិភាគ​ភាគច្រើន​និយាយ​ថា វា​បណ្តាល​មក​ពី​អំពើ​ពុក​រលួយ​ និង​កម្សោយ​នៃ​ការសម្រេច​ទៅ​លើ​ផ្នែក​សេដ្ឋកិច្ច​ជា​ច្រើន​ទៅ​វិញ​ទេ។

ប្រជាជន​ស៊ីមប៉ាវ៉េ​តិចតួច​ណាស់​ដែល​ទំនង​ជា​គិត​ថា​ ការផាកពិន័យ​ចរាចរណ៍​អាច​បង្កើន​ចំណូល​ដល់​រតនាគារ​ជាតិ​ម្តង​ទៀត​និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រសើរ​ជាង​មុន​បាន​៕

ប្រែសម្រួល​ដោយ ហុង ចិន្តា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG