តម្លៃប្រេងឡើងថ្លៃនៅពេលបច្ចុប្បន្នបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅនិងមុខរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ។ ប្រជាពលរដ្ឋខ្មែរបានទទួលស្គាល់ថាការបះបោរនៅតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើងបានបណ្តាលឱ្យប្រេងឡើងថ្លៃជាបន្តបន្ទាប់ចាប់តាំងពីខែមករាមកប៉ុន្តែក៏លើកឡើងថារដ្ឋាភិបាលគួរចាត់វិធានការជួយដល់ពួកគេ។
នៅថ្ងៃអង្គារនេះប្រជាពលរដ្ឋខ្មែរបានសម្តែងការមិនសប្បាយចិត្តចំពោះតម្លៃប្រេងឡើងថ្លៃជាបន្តបន្ទាប់ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅនិងមុខរបររបស់មនុស្សទូទៅ។
ចលនាបះបោររបស់ប្រជាពលរដ្ឋនៅប្រទេសទុយនេស៊ី លីប៊ី អេហ្ស៊ីប បារ៉ែន យេមែន និងប្រទេសមួយចំនួនទៀតនៅតំបន់មជ្ឈិមបូព៌ាប្រទេសដែលជាប្រទេសផលិតប្រេងដ៏ធំសម្រាប់ផ្គត់ផ្គង់ពិភពលោកបានបង្កការលំបាកដល់ការផលិតប្រេងនិងការនាំចេញប្រេងទៅកាន់ទីផ្សារពិភពលោកដែលជាហេតុនាំឱ្យតម្លៃប្រេងឡើងថ្លៃ។
លោកស៊ុន ដារា អាយុ២២ឆ្នាំ និស្សិតឆ្នាំទី៣ផ្នែកច្បាប់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចបាននិយាយថា នៅពេលតម្លៃប្រេងនៅលើទីផ្សារពិភពលោកមានការឡើងថ្លៃ តម្លៃប្រេងនៅកម្ពុជាក៏បានឡើងថ្លៃដែរ ដោយសារប្រទេសកម្ពុជាបានទិញប្រេងពីទីផ្សារពិភពលោក។
«ប្រេងសាំងឡើងថ្លៃជាលំដាប់ពី៤.០០០រៀលក្នុងមួយលីត្រទៅ៤.៥០០រៀលក្នុងមួយលីត្ររហូតដល់ ៥.១០០រៀលក្នុងមួយលីត្រ។ ខ្ញុំមិនសប្បាយចិត្តទេ។ ខ្ញុំខ្វល់ខ្វាយអំពីបញ្ហាប្រេងសាំងឡើងថ្លៃជាលំដាប់។ កាលពីមុនប្រេងសាំងនៅមានតម្លៃថោក ខ្ញុំមិនសូវជាខ្វល់ខ្វាយក្នុងការធ្វើដំណើរ ពីព្រោះយើងអាងថា ប្រេងសាំងចុះថ្លៃបន្តិចហើយ។ យើងជិះម៉ូតូមិនសូវខ្វល់ខ្វាយ»។
លោកដារាបន្ថែមថាលោកត្រូវកាត់បន្ថយការប្រើប្រាស់យានយន្តរបស់លោកសម្រាប់ជីវភាពប្រចាំថ្ងៃ។
«ដល់ឥឡូវ តម្លៃប្រេងសាំងឡើងថ្លៃ ហើយតម្លៃទំនិញនៅលើទីផ្សារក៏ឡើងថ្លៃដែរ។ អញ្ចឹងការចំណាយរបស់យើងមានការខ្វះខាត។ យើងត្រូវការត្បិតត្បៀតមែនទែន។ យើងជិះម៉ូតូនៅពេលដែលយើងទៅសាលា ឬ ទៅកន្លែងណា ដែលយើងគិតថាសំខាន់។ យើងអាចដើរទៅកន្លែងជិត ឬ ជិះកង់ និងកាត់បន្ថយការជិះម៉ូតូ ព្រោះបើយើងជិះម៉ូតូ ទៀត យើងអត់មានប្រាក់ទិញប្រេងសាំងចាក់ម៉ូតូ»។
មិនត្រឹមតែអ្នកប្រើប្រាស់យានយន្តធម្មតាទេដែលទទួលរងផលប៉ះពាល់អ្នកប្រកបរបរអាជីវកម្មផ្សេងៗក៏មានការប៉ះពាល់ដូចគ្នា។
លោកលឹម ស្រេង អាយុ៥៧ឆ្នាំ អ្នកគ្រប់គ្រងសហគ្រាសឡឥដ្ឋមួយនៅក្នុងទីក្រុងភ្នំពេញបានបញ្ជាក់ថាការបះបោរនៅតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើងជាពិសេសនៅប្រទេសលីប៊ីគឺជាឧបសគ្គដ៏សំខាន់មួយដែលនាំឱ្យតម្លៃប្រេងឡើងថ្លៃប៉ុន្តែសកម្មភាពរបស់រដ្ឋាភិបាលក៏ជាកត្តាដ៏សំខាន់មួយទៀតចំពោះការឡើងថ្លៃប្រេងជាបន្តបន្ទាប់បច្ចុប្បន្ននេះ។
«ចំណូល និងចំណាយទូទាត់ទៅមិនចំណេញទេ។ ប្រេងសាំងឡើងថ្លៃនេះបានធ្វើឱ្យទំនិញគ្រប់យ៉ាងឡើងថ្លៃទាំងអស់ពីព្រោះការដឹកជញ្ជូននិងការផលិតផលផ្សេងៗត្រូវការប្រើប្រេងសាំង។ ប្រេងឡើងថ្លៃប៉ុន្មានថ្ងៃនេះ បើគិតពីប្រាក់ចំណូល និងប្រាក់ចំណាយត្រូវខាតហើយក្នុងអំឡុងប្រេងឡើងថ្លៃពីរ បីខែនេះ។ ក្នុងមួយថ្ងៃខាត២០០ទៅ៣០០ដុល្លារអាមេរិក»។
លោក ប៊ុត ទិន អាយុ៣៧ឆ្នាំ អ្នករត់ម៉ូតូឌុបម្នាក់នៅក្នុងទីក្រុងភ្នំពេញ បាននិយាយថាលោកមិនចូលចិត្តការបះបោរនៅក្នុងតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើងនោះទេ ពីព្រោះវាធ្វើឱ្យតម្លៃប្រេងឡើងថ្លៃដែលប៉ះពាល់មិនត្រឹមតែជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រទេសនានានៅក្នុងពិភពលោកនេះ។
លោកប៊ុត ទិន បានបញ្ជាក់ថាលោកទទួលរងគ្រោះពីតម្លៃប្រេងឡើងថ្លៃនេះ ប៉ុន្តែតម្លៃរត់ម៉ូតូឌុបរបស់លោកមិនអាចឡើងថ្លៃបានទេដោយពន្យល់ថាបើលោកតម្លើងថ្លៃលោកគ្មានអ្នកជិះម៉ូតូរបស់លោកទេ។
លោកប៊ុត ទិន បានគិតថាតម្លៃប្រេងអាចនឹងចុះថ្លៃ ខណៈដែលការបះបោរនៅតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើងត្រូវបានបញ្ចប់។
ការបះបោរនៅតំបន់មជ្ឈិមបូព៌ានិងអាហ្រ្វិកខាងជើងនៅក្នុងសប្តាហ៍ថ្មីៗនេះបានជំរុញឱ្យតម្លៃប្រេងឡើងថ្លៃលើសពី១០០ដុល្លារអាមេរិកក្នុងមួយធុង។
អង្គការសហប្រជាជាតិផ្នែកម្ហូបអាហារនិងកសិកម្មបានរាយការណ៍កាលពីថ្ងៃសុក្រថាតម្លៃម្ហូបអាហារពិភពលោកបានឡើងថ្លៃក្នុងរយៈពេលប្រាំបីខែជាប់ៗគ្នានៅក្នុងខែកុម្ភៈខណៈដែលអង្គការពិភពលោកនេះក៏បានព្រមានថាគោលដៅធំបំផុតដែលមិនបានគិតទុកជាមុនចំពោះតម្លៃប្រេងអាចធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវស្ថានភាពដែលមានគ្រោះថ្នាក់ចំពោះទីផ្សារម្ហូបអាហារ៕