ភ្នំពេញ៖ កម្ពុជាគឺជាប្រទេសដែលនាំប្រេងឥន្ធនៈចូលទាំងស្រុង។ ប៉ុន្តែអ្វីដែលចម្លែកនោះគឺតម្លៃប្រេងឥន្ធនៈនៅតាមទីផ្សារមានគម្លាតពីគ្នាយ៉ាងខ្លាំងពីស្ថានីយ៍ចាក់ប្រេងមួយកន្លែងទៅមួយកន្លែងនិងពីតំបន់មួយទៅតំបន់មួយទៀត។
ជាក់ស្តែងតម្លៃប្រេងក្នុងទីប្រជុំជនក្នុងទីក្រុងភ្នំពេញខ្ពស់ជាងតំបន់ជាយក្រុងរហូតដល់១០០០រៀលឬ២០សេនអាមេរិក។ ម្ចាស់ស្ថានីយ៍និងអ្នកប្រើប្រាស់ផ្តល់ការពន្យល់ផ្សេងៗគ្នា។ គិតមកទល់ថ្ងៃទី ១ ខែមិនា ប្រេងសាំងស៊ុពែ១លីត្រមានតម្លៃ៥.៧០០រៀល។ ប្រេងសាំងប្រភេទធម្មតាថ្លៃ៥.៥០០ រៀលនិងប្រេងម៉ាស៊ូតវិញថ្លៃ៥.១០០រៀលក្នុងមួយលីត្រ។ នេះជាតម្លៃនៅតាមស្ថានីយ៍ចាក់ប្រេងដូចជាតូតាល់ សូគីម៉ិច កាល់តិច និងតេលាក្នុងទីប្រជុំជននិងនៅតាមផ្លូវសំខាន់ៗរបស់រាជធានីភ្នំពេញ។
ក៏ប៉ុន្តែតម្លៃប្រេងនៅតាមតំបន់បីផ្សេងៗគ្នានៃជាយទីក្រុងភ្នំពេញថោកជាងនេះពីចន្លោះ៣០០ ទៅ ១.០០០ រៀល។ នៅតាមបណ្តោផ្លូវជាតិលេខ៤ ក្បែរចំណតយន្តហោះអន្តរជាតិក្រុងភ្នំពេញភាគខាងលិចរាជធានីភ្នំពេញតាមបណ្តោយផ្លូវចម្ការដូងដល់រហូតដល់ផ្លូវចេញឆ្ពោះទៅកាន់ខេត្តនានា ប៉ែកខាងត្បូងរាជធានី និងនៅតាមបណ្តោយផ្លូវជាតិលេខ១ប៉ែកខាងកើតរាជធានីភ្នំពេញ។ ទីតាំងចាក់ប្រេងទាំងដែលមានតម្លៃទាបទាំងនោះភាគច្រើនគឺតាមស្ថានី និងដេប៉ូចែកចាយប្រេងដែលមានផ្លាកយីហោ អេលអេចអ (LHR) និង សាវហ្វីម៉ិច (Savimex) រួមទាំងដេប៉ូតេលាដែរ។
សាំងស៊ុបពែនៅតាមដេប៉ូចែកចាយប្រេងឥន្ធនៈមួយចំនួនថ្លៃ៥.០០០ រៀលក្នុងមួយលីត្រ ក្បែរចំណតយន្តហោះអន្តរជាតិក្រុងភ្នំពេញខណៈដែលប្រេងសាំងធម្មតាថ្លៃ៤.៨០០រៀល ពោលគឺថោកជាង៧០០រៀលនៃតម្លៃលក់នៅទីប្រជុំជនក្រុងភ្នំពេញ។ ដោយឡែកប្រេងម៉ាស៊ូតនៅទីនេះថោកជាងទីប្រជុំជនក្រុងចំនួន៨៥០រៀល។
លោកអូន ង៉ែត អាយុ ២៩ឆ្នាំគឺជាអ្នកគ្រប់គ្រងទូទៅនៅដេប៉ូលក់សាំងរបស់ក្រុមហ៊ុន អេលអេចអ(LHR) ស្ថិតនៅបរិវេណរវាងព្រំប្រទល់ក្រុងភ្នំពេញ និងខេត្តកំពង់ស្ពឺដែលជាតំបន់លក់សាំងថោក។ មួយថ្ងៃៗគាត់អាចលក់ប្រេងសាំងប្រហែល៣.០០០លីត្រ។ អ្នកគ្រប់គ្រងដដែលបញ្ជាក់ពីមូលហេតុថាតម្លៃប្រេងសាំងខុសគ្នាដោយសារតែកន្លែងរបស់គាត់បើកជាលក្ខណៈឯកជន ដូច្នោះគាត់ចង់យកចំណេញតិចជាងកន្លែងដ៏ទៀត។ មានរាងស្គមស្តើងនិងពាក់អាវដៃខ្លីពណ៍ស គាត់បានពន្យល់ដូច្នេះថា៖
«យើងមានលក់ប្រេងសាំង និងប្រេងម៉ាស៊ូត។ មូលហេតុគឺដោយសារតែកន្លែងយើងឯកជន។ យើងយកចំណេញតិច។ ប៉ុន្តែក្រុមហ៊ុនវិញ គេយកចំណេញច្រើន»។
លោក ផេង សុខលី គឺម្ចាស់ដេប៉ូលក់សាំងសាវីម៉ិចនៅមិនឆ្ងាយពីកន្លែងលក់សាំងរបស់លោក អូន ង៉ែតប៉ុន្មានទេ។ សម្រាប់ដេប៉ូររបស់គាត់ តម្លៃប្រេងសាំងគឺដូចគ្នានឹងតម្លៃលក់របស់ដេប៉ូលក់សាំង អេលអេចអរ (LHR)ដែរ។ លោកពន្យល់ថា ការបន្ទាបតម្លៃគឺដើម្បីស្រូបអតិថិជនឲ្យបានច្រើន។
«ធ្វើមិចបើការ៉ាស់ អេលអេចអរ (LHR) ហ្នឹងលក់ថោកហើយ យើងទៅលក់ថ្លៃជាងគេ ឬលក់ដូចការ៉ាស់នៅទីក្រុងភ្នំពេញហ្នឹងយើងលក់មិនដាច់ដូចគេ»។
លោក ស្រី សុផល អាយុ៣៤ឆ្នាំ ជាអ្នករត់ម៉ូតូឌុបមកពីខេត្តកំពង់ស្ពឺ។ អង្គុយលើម៉ូតូដែលគាត់ចតនៅទល់មុខដេប៉ូលក់សាំងអេលអេចអ (LHR)។ លោក សុផលនិយាយថា គាត់ក៏មានការងឿងឆ្ងល់ដែរពីតម្លៃប្រេងសាំងដែលខុសគ្នាពីមួយកន្លែងទៅមួយកន្លែង។
អ្នតរត់ម៉ូតូឌុបដដែលនិយាយថា អាចមានមូលហេតុច្រើនយ៉ាងដែលធ្វើឲ្យអ្នកលក់ប្រេងសាំងអាច លក់ប្រេងសាំងរបស់ពួកគេក្នុងតម្លៃទាបជាងកន្លែងដទៃ។
«វាអាចថា មកពីកន្លែងខ្លះចឹងទៅគេលាយអ្វីម្យ៉ាង។ យើងមិនដឹងថាគេលាយអ្វីទេពីព្រោះអ្នកលក់យើងមិនដឹងគេធ្វើអ្វីខ្លះ។ មុខរបរគេរកស៊ី។ គិតថាគេលាយហើយទើបគេអាចលក់ក្នុងតម្លៃថោកអញ្ចឹង។ ឬក៏សាំងរបស់គេហ្នឹងមិនគ្រប់លីត្រ»។
លោក ផា យាវ អាយុ អង្គុយនៅជុំគ្នានឹងលោក សុផល។
«តែសាំងវាប្រើទៅវាខុសគ្នាណាបង។ នៅភ្នំពេញខ្ញុំចាក់សាំងដែរវាអស់៥.៨០០រៀល។ នៅទីនេះសាំងវាអស់ត្រឹមតែ៥.០០០រៀលទេ។ តែអា៥.០០០រៀល នេះវាប្រើអត់សូវស្រូលទេបង។ មួលទៅអត់សូវឡើងផង។ ម៉ូតូរបស់ខ្ញុំមូលទៅអត់សូវឡើងហើយរាងទាក់»។
ដោយឡែកលោក ផេង សុខលី ម្ចាស់ដេប៉ូរលក់សាំង សាវីម៉ិចនៅលើផ្លូវជាតិលេខ៤បញ្ជាក់ដែរថាលោកជឿថា គ្រប់កន្លែងលក់ឥន្ធនៈទាំងអស់ប្រហែលជាមិនមែនកន្លែងណាអាចធានាថា ធានាឲ្យបាន ១០០%នោះ។ លោកពន្យល់បែបនេះថា៖
«បញ្ហាហ្នឹងយើងនឹងធ្វើឲ្យគេយល់ដោយខ្លួនឯង។ យើងមិនអាចបង្ខំឲ្យគេយល់ភ្លាមៗបាននោះទេ។ ចំពោះសាំងយើងអាចធានាបានត្រឹមតែ៩៨%។ យើងមិនអាចធានាឲ្យបានដល់១០០%នោះទេ។ ពីព្រោះថា សាំងពេលយើងបាញ់ចេញមកហ្នឹងវាហើរអស់ខ្លះបាត់ទៅហើយ»។
អ្នកគ្រប់គ្រងស្ថានីយ៍ប្រេងឥន្ធនៈម្នាក់ទៀតរបស់ក្រុមហ៊ុនតេលានៅជាយក្រុងភ្នំពេញ និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លក់សាំងស៊ុពែនៅតម្លៃត្រឹមតែ ៥.៣០០ រៀល និងសាំងធម្មតា និងប្រេងម៉ាស៊ូតថ្លៃត្រឹមតែ៥.១០០ និង ៤.៤៥០រៀលក្នុងមួយលីត្រ។
«ការ៉ាស់យើងទើបតែបើកថ្មី ដូច្នោះយើងចង់ឲ្យគេស្គាល់យើងឲ្យបានច្រើនអញ្ចឹងយើងបញ្ចុះតម្លៃបន្តិចដើម្បីឲ្យគេមកកន្លែងយើងឲ្យបានកាន់តែច្រើន។ តែចឹងឯង។ តាមពិតទៅតម្លៃគេគឺត្រឹមត្រូវហើយ។ អត់ខុសទេ។ អាហ្នឹងរឿងរបស់បុគ្គលចំពោះកន្លែងរបស់ខ្ញុំគឺអត់មានលាយអត់មានអ្វីនោះទេ»។
នៅភាគខាងត្បូងរាជធានីភ្នំពេញតាមបណ្តោយផ្លូវចម្ការដូង វិញតម្លៃប្រេងសាំងនិងម៉ាស៊ូ ហាក់មិនសូវខុសគ្នាពីតម្លៃតាមស្ថានីយ៍ប្រេងឥន្ធនៈ និងដេប៉ូចែកចាយសាំងនៅតាមដងផ្លូវជាតិលេខ៤នោះទេ។ នៅទីនេះតម្លៃប្រេងឥន្ធនៈខុសគ្នាពីស្ថានីយ៍មួយទៅស្ថានីយ៍មួយទៀតពី១០០ទៅ៥០០រៀល។ហើយស្ថានីយ៍សាវីម៉ិច និងLHR នៅបន្តឈានមុខគេក្នុងតម្លៃថោកដដែល។
អ្នករត់ម៉ូតូឌុបនៅត្រង់ផ្លូវបំបែកពីរាជធានីភ្នំពេញទៅខេត្តតាកែវបានបញ្ជាក់ពីមូលហេតុដែលធ្វើឲ្យតម្លៃសាំងមានការប្រែប្រួលដូច្នោះគឺដោយហេតុថាមានស្ថានីយ៍ប្រេងមួយចំនួបាននាំចូលប្រភេទប្រេងមកពីប្រទេសជិតខាង។
«ដោយសារតែអាសាំងហ្នឹងមកពីការនាំចូលមកពីប្រទេសវៀតណាម សាំងប្រហែលគុណភាពមិនសូវល្អដូចសាំងដទៃទៀត។ ដូច្នោះគេត្រូវលក់វាឲ្យថោកជាងសាំងល្អ«។
សម្រាប់នៅតាមបណ្តោយផ្លូវជាតិលេខ១ចេញពីទីក្រុងភ្នំពេញវិញ តម្លៃប្រេងសាំងមានការប្រែប្រួលពីស្ថានីយ៍មួយទៅស្ថានីយមួយទៀតជាមធ្យមពី១០០ រៀលទៅ៥០០រៀលដែរ។ ដេប៉ូលក់ប្រេងឥន្ធនៈតេលាមួយមានទីតាំងនៅបឹងស្នោ មានដាក់លក់ប្រេងសាំងស៊ុបពែមួលលីត្រមានតម្លៃ ៥.៣០០ រៀល។ ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតមានតម្លៃ ៥.២០០និង៤.៨០០រៀលក្នុងមួយលីត្រៗ។
បន្ថែមពីលើការលក់ចុះថ្លៃទាបជាងតម្លៃនៅតាមស្ថានីយប្រេងឥន្ធនៈរបស់ក្រុមហ៊ុននានានៅកណ្តាលក្រុងភ្នំពេញ ស្ថានីយលក់ប្រេងមួយចំនួនផ្តល់ជូនអតិថិជននូវនំកញ្ចប់ ទឹកសុទ្ធ ឬទឹកក្រូចផងដែរ។ ស្ថានីយប្រេងមួយចំនួនក្នុងរាជធានីភ្នំពេញក៏ធ្វើបែបនេះដែរ។
អ្នកស្រី ជុំ សុភា អាយុ ៣៩ ជាបុគ្គលិកលក់សាំងខាងលើនិយាយថា កន្លែរបស់គាត់មិនផ្តល់របស់របរ បន្ថែមជូនដល់អតិថិជនដោយមិនគិតថ្លៃនៅពេលដែលគេចាក់ប្រេងនោះ ដូច្នោះ ជាមូលហេតុដែលធ្វើឲ្យប្រេងសាំងមានតម្លៃទាបជាងកន្លែងផ្សេង។
«មកកន្លែងរបស់យើងមិនមានអ្វីFreeឲ្យគេ។ ដូច្នេះយើងត្រូវលក់ឲ្យទាបជាងគេ។ ថៅកែប្រាប់ថាអញ្ចឹង ពីព្រោះយើងអត់មានទឹកសុទ្ធឬក៏អ្វីផ្សេងៗសម្រាប់ជូនដល់ភ្ញៀវ អញ្ចឹងយើងលក់ទាបជាងគេ។ យើងអត់មានធ្វើអ្វី។ អ្នកចាក់គេដឹង»។
លោកសុន ឆៃ តំណាងរាស្ត្រមកពីគណបក្សសមរង្សីបានឲ្យដឹងថា ការរត់ពន្ធប្រេងខុសច្បាប់ពីបណ្តាប្រទេសជិតខាងគឺវៀតណាម និងថៃជាមូលហេតុមួយធ្វើឲ្យតម្លៃប្រេងសាំងនៅកម្ពុជាមានការប្រែប្រួល។
«អាស្រ័យទៅតាមប្រភពប្រេង។ ប្រេងប្រមាណ ៣៥%ជាប្រេងរត់ពន្ធ។ ស្ថានីយ៍ប្រេងនៅជិតព្រំដែនវៀតណាម។ ចឹងគេដឹកមកពីប្រទេសវៀតណាម គេត្រូវរ៉ូវជាមួយអាជ្ញាធរចឹងទៅ។ គេដឹកមកមិនបាច់បង់ពន្ធ។ ហើយគេដឹកមកលក់ក្នុងស្រុកខ្មែរក្នុងតម្លៃថោក ធូរថ្លៃជាងតម្លៃក្នុងទីក្រុងភ្នំពេញ។ ចំណែកក្រុមហ៊ុមកពីថៃ បើតាមដឹងគឺមានកូនអ្នកធំមួយគេរកស៊ី។ គេដឹកយកមកលក់ក្នុងតម្លៃទាបមួយ»។
លោក កិម ឡី អ្នកស្រាវជ្រាវឯករាជ្យបានឲ្យដឹងថាតម្លៃពន្ធដារខ្ពស់លើការនាំចូលប្រេងសាំងនៅកម្ពុជាជាមូលហេតុចម្បងមួយដែលធ្វើឲ្យមានចលនាការរត់ពន្ធប្រេងខុសច្បាប់។ ហើយដោយសារតែរដ្ឋាភិបាលហាក់ដូចមិនទាន់បានបង្ហាញព័ត៌មានឲ្យបានច្បាស់ពីគោលការណ៍នៃការនាំចូលប្រេង ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនខ្លះមានការប្រែប្រួលលើតម្លៃទំនិញ។
«តម្លៃប្រេងរបស់យើងប្រៀបធៀបទៅហ្នឹងតម្លៃប្រេងនៅប្រទេសជិតខាងយើងហាក់ដូចជាខ្ពស់ជាងគេខ្លាំងពេក។ ដូច្នេះបានធ្វើឲ្យការរត់ពន្ធប្រេងហ្នឹងមានខ្លាំងទៅហើយវាធ្វើឲ្យមានផលប៉ះពាល់ដល់តម្លៃ ក្នុងទីផ្សារ។ រដ្ឋាភិបាលទោះបីជាសេដ្ឋកិច្ចទីផ្សារសេរីក៏ដោយ ក៏អត់មានគោលការណ៍ដើម្បីត្រួតពិនិត្យតម្លៃរបស់ក្រុមហ៊ុនផ្សេង»។
យោងតាមរបាយការណ៍ដែលត្រូវបានចេញផ្សាយដោយក្រុមហ៊ុនកាលតិច (Caltex) កាលពីពេលថ្មីៗនេះ កម្ពុជាបានយកពន្ធ ៣៥%លើការនាំចូលប្រេងសាំងនិង២២%លើការនាំចូលប្រេងម៉ាស៊ូត។ បើតាមតួលេខដែល វីអូអេទទួលបានពីក្រសួងពាណិជ្ជកម្ម សម្រាប់ឆ្នាំ២០១២ កម្ពុជាបាននាំចូលប្រេងសាំងចំនួនជិត១លាន៦សែន៥ម៉ឺនតោន។ គិតជាទឹកប្រាក់ស្មើនឹងប្រហែល១ពាន់៦រយ ២០លានដុល្លារអាមេរិក។
លោក កង ចាន់តារារ័ត្ន ប្រាប់វីអូអេតាមទូរសព្ទថា វាអាចជាការល្អដែរដែលនៅតាមបណ្តាខេត្តនានាមានតម្លៃប្រេងមានតម្លៃទាបសម្រាប់ប្រជាពលរដ្ឋ។ ក៏ប៉ុន្តែលោកនិយាយថា ជាគោលការណ៍មិនគួរឲ្យមានភាពខុសគ្នាទេ។
«រឿងតម្លៃប្រេងដែលវាខុសគ្នាអាហ្នឹងវាអាស្រ័យទៅតាមកន្លែងផ្គត់ផ្គង់ប្រេងរបស់កន្លែងនីមួយៗ។ ហើយមូលហេតុអ្វីដែលធ្វើឲ្យតម្លៃប្រេងហ្នឹងវាខុសគ្នាខ្ញុំក៏មិនដឹងដែរ។ ជាគោលការណ៍យើងមិនគួរឲ្យមានភាពខុសប្លែកគ្នានោះទេ»។
មន្ត្រីក្រសួងពាណិជ្ជកម្មនិងមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលវីអូអេសំឡេងសហរដ្ឋអាមេរិកបានទាក់ទង មិនផ្តល់សេចក្តីពន្យល់ណាមួយនោះទេ។
តាមទិន្នន័យដែលផ្សព្វផ្សាយកាលពីខែមករា ឆ្នាំ ២០១៣ លើគេហទំព័ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវុត្ថុបានបង្ហាញថា តម្រូវការនៃការនាំចូលប្រេងមកកម្ពុជាកើនឡើងជិត១៩%។ គឺស្មើនឹងទឹកប្រាក់ពី៧៧៨ ទៅ៩២៥ពាន់លានរៀល៕