កងកម្លាំងយោធាបង់ក្លាដែសនិយាយថា ជនស៊ីវិល២០នាក់ដែលក្នុងនោះក៏មានជនបរទេសផងដែរ ត្រូវបានសម្លាប់នៅក្នុងវាយប្រហារមួយរបស់ក្រុមសកម្មប្រយុទ្ធមួយក្រុមនៅក្នុងភោជនីយដ្ឋានដ៏ល្បីល្បាញមួយក្នុងរដ្ឋធានី ដាកា។
លោកឧត្ដមសេនីយ៍ត្រី Naim Asraf Chowdhury បានប្រកាសនៅថ្ងៃសៅរ៍នេះ ប៉ុន្មានម៉ោងបន្ទាប់ពីការចាប់ចំណាប់ខ្មាំងបានបញ្ចប់ថា ភាគច្រើននៃជនរងគ្រោះត្រូវបានចាក់ជាច្រើនកាំបិតឲ្យស្លាប់។
ក្រុមមន្ត្រីផ្សេងទៀតបាននិយាយថា ជនរងគ្រោះ២០នាក់នោះគឺជាជនបរទេស។ គេជឿថា ភាគច្រើននៃពួកគេទាំងនោះគឺជាជនជាតិអ៊ីតាលីនិងជប៉ុន។
កាលពីមុននេះ ក្រុមមន្ត្រីបាននិយាយថា កងកុម្ម៉ង់ដូបានជួយសង្គ្រោះចំណាប់ខ្មាំងយ៉ាងហោចណាស់ចំនួន១៣នាក់ និងបានសម្លាប់ជនសកម្មប្រយុទ្ធ៦នាក់ បន្ទាប់ពីបានសម្រុកចូលទៅក្នុងភោជនីយដ្ឋាន ដែលគេសង្ស័យថា ជាជនសកម្មប្រយុទ្ធរបស់ក្រុមរដ្ឋឥស្លាម ដែលបានចាប់មនុស្សធ្វើជាចំណាប់ខ្មាំងចំនួន៣៥នាក់ ដោយរួមមានទាំងជនបរទេសផងដែរ។
លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina បានមានប្រសាសន៍ថា កងកម្លាំងសន្តិសុខបានចាប់ខ្លួនជនសកម្មប្រយុទ្ធម្នាក់ ខណៈពេលដែលលោកស្រីថ្កោលទោសទៅលើការវាយប្រហារនេះ ក្នុងអំឡុងពេលថ្លែងសុន្ទរកថាថ្នាក់ជាតិមួយ។ ក្រុមមន្ត្រីនិយាយថា ប្រតិបត្តិការស្វែងរកចាប់ខ្លួនជនដែលបានរត់គេចខ្លួនកំពុងតែប្រព្រឹត្តទៅ។
ក្នុងចំណោមចំណាប់ខ្មាំងផ្សេងទៀតដែលត្រូវបានជួយសង្គ្រោះក្នុងប្រតិបត្តិការរបស់កងកុម្ម៉ង់ដូគឺជាជនបរទេស ដែលក្នុងនោះពីរនាក់ជាជនជាតិស្រីលង្កា និងម្នាក់ទៀតជាជនជាតិជប៉ុន៕