ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ក្រុង​មូស្គូ​ទទួល​ស្វាគមន៍​ការ​អំពាវនាវ​របស់​ប្រធានាធិបតី​បារាំង​លោក Macron ឲ្យ​មាន​តំបន់​សុវត្ថិភាព​នៅ​​កាប៊ុល


រូបឯកសារ៖ លោក Dmitry Peskov អ្នក​នាំពាក្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ ចូលរួម​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រុង Vladivostok ប្រទេស​រុស្ស៊ី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។

រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង កាលពី​ថ្ងៃ​ចន្ទ​បាន​ស្វាគមន៍​សំណើ​របស់​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ឲ្យ​បង្កើត«តំបន់​សុវត្ថិភាព»នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ដើម្បី​ការពារ​កិច្ចប្រតិបត្តិការ​មនុស្ស​ធម៌។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង​លោក Dmitry Peskov បាន​ប្រាប់​ក្រុមអ្នក​យក​ព័ត៌មាន​ថា៖ «នេះ​ជា​សំណើ​ប្រាកដ​ប្រជា​មួយ​ដែល​ត្រូវ​តែ​ពិភាក្សា​គ្នា»។

លោក​បាន​និយាយ​ទៀត​ថា៖ វា​មាន«សារៈសំខាន់​ណាស់»​ដើម្បី​ពិភាក្សា​គ្រប់​ទិដ្ឋភាព​ទាំង​អស់​នៃ​តំបន់​បែប​នេះ។

ប្រធានាធិបតី​បារាំង​លោក Macron បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ប្រទេស​បារាំង​និង​ចក្រភព​អង់គ្លេស ជំរុញ​ឲ្យ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ​ធ្វើការ​ដើម្បី​បង្កើត​តំបន់​សន្តិសុខ​នេះ​ដើម្បី«អនុញ្ញាត​ឲ្យ​ការងារ​មនុស្ស​ធម៌អាច​បន្ត»។

លោក​ប្រធានាធិបតី​បារាំង​បាន​និយាយ​ទៀត​ថា តំបន់​សុវត្ថិភាព​បែប​នេះ នឹង​អនុញ្ញាត​ឲ្យ​សហគមន៍​អន្តរជាតិ«រក្សា​ការ​គាបសង្កត់​លើ​ក្រុម​តាលីបង់»ដែល​បាន​កាន់កាប់​អំណាច​នៅ​ដើម​ខែ​នេះ។

ការ​ថ្លែង​របស់​លោក​ប្រធានាធិបតី Macron កើត​មាន​ឡើង​នៅ​ពេល​ដែល​ការ​ខំ​ប្រឹងប្រែង​របស់​អន្តរជាតិ​ដើម្បី​ដឹកជញ្ជូន​តាម​អាកាស​នូវ​ពលរដ្ឋ​បរទេស​និង​អាហ្វហ្គានីស្ថាន​ដែល​ងាយ​រងគ្រោះ​នោះ​ បាន​មក​ដល់​ទីបញ្ចប់​ហើយ។

បារាំង​បាន​បញ្ចប់​កិច្ច​ខំ​ប្រឹងប្រែងនៃ​ការ​ជម្លៀស​របស់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។ ចំណែក​ចក្រភព​អង់គ្លេស បាន​បញ្ចប់​កិច្ចប្រតិបត្តិការ​របស់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ ហើយ​សហរដ្ឋ​អាមេរិកមាន​គម្រោង​បញ្ចប់​ការ​ខំ​ប្រឹងប្រែង​កិច្ចប្រតិបត្តិការ​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ព្រមាន​ថា ពួក​ជន​សកម្ម​ប្រយុទ្ធ អាច​ប្រើ​ស្ថាន ភាព​ដែល​អស្ថិរភាព​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដើម្បី​ចូល​ក្នុង​បណ្តា​ប្រទេស​ជិត​ខាង​នៅ​ក្រោម​ហេតុផល​នៃ​ការ​ស្វះស្វែង​សុំ​សិទ្ធិ​ជ្រកកោន៕

XS
SM
MD
LG