ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​អ្នក​ចាក់​វ៉ាក់​សាំង​កើន​​ជាង​២០​ម៉ឺន​នាក់ ខណៈ​ករណី​ឆ្លង​​​កូវីដ​បន្ត​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ​


រូបឯកសារ៖ ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ស៊ីណូហ្វាម​​ នៅ​ភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា​​/វីអូអេ)
រូបឯកសារ៖ ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ស៊ីណូហ្វាម​​ នៅ​ភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា​​/វីអូអេ)

ខណៈ​ការ​សម្រុក​ទៅ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ មាន​កើន​ឡើង ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល​បង្ហាញ​ថា​ ប្រជា​ពលរដ្ឋ​ទូទៅ​និង​កង​កម្លាំង​យោធា សរុប​ចូល​គ្នា​ទាំង​អស់ មាន​ជាង​ ២ សែន​ ៨ ​ម៉ឺន​នាក់​ហើយ ដែល​បាន​ចាក់​វ៉ាក់​សាំង។ ទិន្នន័យ​នេះ​សរុប​ការ​ចាក់​វ៉ាក់សាំង​របស់​ចិន Sinopharm និង​វ៉ាក់សាំង​ AstraZeneca ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក។

ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ថា​ ក្រុម​ប្រជាពលរដ្ឋ​អាទិ​ភាពទូទៅ មាន​ជាង ​១ សែន​ ៩ ​ម៉ឺន​នាក់ ដែល​បាន​ទៅ​ចាក់​វ៉ាក់សាំង​រួច​ហើយ​។ ចំណែក​ក្រុម​កម្លាំង​កង​ទ័ព​ដែល​ជា​ក្រុម​អាទិភាព​ដែរ មាន​ប្រមាណ ៩ ​ម៉ឺន ៩ ពាន់​នាក់ ក៏​បាន​ទៅ​ចាក់​វ៉ាក់សាំង​ហើយ​ដែរ។

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ​ចំនួន​ប្រជាពលរដ្ឋដែល​ក្រុម​គ្រូ​ពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ចាក់​មាន​ជាង ​១ ម៉ឺន ៥ ពាន់​នាក់ នៅ​ទូទាំង​ប្រទេស គិត​ត្រឹម​ថ្ងៃ​ទី​ ១០ ខែមីនា ដោយសារ​បញ្ហា​សុខភាព​របស់​ពួកគេ ដែល​ត្រូវ​បាន​កំណត់​ដោយ​ក្រសួង​សុខាភិបាល។

ប្រទេស​កម្ពុជា​បាន​ចាប់​ផ្តើម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង កាល​ពី​ថ្ងៃ​ទី​ ១០ ខែ​កុម្ភៈ ដែល​ដំបូង​ឡើយ​ចាក់​វ៉ាក់​សាំង​ផលិត​ដោយ​ប្រទេស​ចិន​ឈ្មោះ​ស៊ីណូ​ហ្វាម (Sinopharm) ​ចំនួន​ ៦០ ​ម៉ឺន​ដូស ​ដែល​ចាក់​មនុស្ស​បាន ​៣០ ​ម៉ឺន​នាក់​។ កាល​ពី​ដើម​ឡើយ ប្រជាពលរដ្ឋ​មួយ​ចំនួន​ស្ទាក់ស្ទើរ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​នេះ ដោយសារ​វា​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក។

ចាប់​តាំង​ពី​ការ​ឆ្លង​សហគមន៍​ទ្រង់​ទ្រាយ​ធំ គឺ​ពី​ថ្ងៃ​ទី​ ២០ ខែ​កុម្ភៈ ចំនួន​អ្នក​ចាក់​វ៉ាក់​សាំង​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់ ស្រប​ពេល​កម្ពុជា​ក៏​ទទួល​បាន​វ៉ាក់​សាំង​ AstraZeneca​ ​ជាង​ ៣២ ​ម៉ឺន​ដូស ដែល​ទទួល​បាន​តាម​យន្ត​ការកូវ៉ាក់ (COVAX) ​របស់​អង្គការ​សុខ​ភាព​ពិភព​លោក។

រូបឯកសារ៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ​របស់​ក្រុមហ៊ុន​ AstraZeneca​ មក​ដល់​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃ​អង្គារ​ ទី​២​ ខែ​មីនា​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា/​វីអូអេ​)
រូបឯកសារ៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ​របស់​ក្រុមហ៊ុន​ AstraZeneca​ មក​ដល់​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃ​អង្គារ​ ទី​២​ ខែ​មីនា​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា/​វីអូអេ​)

រដ្ឋាភិបាល​បាន​ប្រកាស​ថា​ការ​ចាក់​វ៉ាក់សាំង គឺ​ឈរ​លើ​គោល​ការណ៍​ស្ម័គ្រចិត្ត និង​មិន​គិត​ថ្លៃ ប៉ុន្តែ​ដោយ​សារ​វ៉ាក់សាំង​មាន​កំណត់ ត្រូវ​ចាក់​ក្រុម​អាទិ​ភាព​ជាមុន​សិន។

ទោះ​ជា​យ៉ាងណា មាន​សេចក្តី​រាយ​ការណ៍​ថា​អស់​វ៉ាក់​សាំង​របស់​ចិន​ឈ្មោះ​ ស៊ីណូហ្វាម​ នៅ​តាម​កន្លែង​ចាក់​វ៉ាក់​សាំង​មួយ​ចំនួន។

កាល​ពី​ថ្ងៃ​ពុធ មន្ទីរ​ពេទ្យ​កុមារ​ជាតិ​នៅ​រាជធានី​ភ្នំពេញបាន​ចេញ​សេចក្តី​ជូន​ដំណឹង​ស្តី​ពី​ការ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​១៩ ដោយ​លើក​ឡើង​ថា​ មន្ទីរ​ពេទ្យ​បាន​អស់​វ៉ាក់​សាំង​សម្រាប់​ពលរដ្ឋ​អាយុ​ពី ១៨ ឆ្នាំ ទៅ ​៥៩ ​ឆ្នាំ គឺ​សំដៅ​ទៅ​លើ​វ៉ាក់សាំង​របស់​ចិន។

សេចក្តី​ជូន​ដំណឹង​ខាង​លើក៏​បាន​បញ្ជាក់​ផង​ដែរ​ថា អ្នក​ចាក់​វ៉ាក់​សាំង​លើក​ទីពីរ ​គឺ​ទទួល​ចាក់​ធម្មតា។

ចំណែក​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​ ដែល​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​សហគមន៍​ច្រើន ​បន្ទាប់​ពី​រាជធានី​ភ្នំពេញ ក៏​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ផង​ដែរ​ថា រដ្ឋបាល​ខេត្ត​សូម​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​ សម្រាប់​ពលរដ្ឋ​អាយុ​ ១៨ ​ឆ្នាំ​ដល់​ ៥៩ ​ឆ្នាំ ជា​លើក​ទីមួយ មួយ​រយៈ​សិន ដោយ​ត្រូវ​រង់​ចាំ​ការ​ផ្តល់​វ៉ាក់​សាំង​បន្ថែម​ទៀត​ពី​ក្រសួង​សុខាភិបាល។

VOA ​មិនទាន់​អាចសុំ​ការ​អត្ថាធិប្បាយ​ពីអ្នក​នាំពាក្យក្រសួង​សុខា​ភិបាល លោក​ស្រី ឱ វណ្ឌឌីន ​និង​លោក លី សូវ៉ាន់ បាន​នៅ​ឡើយ​ទេ។ VOA ​ក៏​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​បណ្តា​ប្រធាន​មន្ទីរ​ពេទ្យ​ទទួល​បន្ទុក​ផ្នែក​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១​៩​ បាន​ដែរ។

លោក យង់ គិមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ មាន​ប្រសាសន៍​ថា​ លោក​សង្កេត​ឃើញ​សន្ទុះ​នៃ​ចំនួន​ប្រជាពលរដ្ឋ​ទៅ​ចាក់​វ៉ាក់​សាំង ​គឺ​មាន​ខ្លាំង ​ដោយ​សារ​ការ​ព្រួយ​បារម្ភ​ជុំវិញ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​សហគមន៍។

លោក​បញ្ជាក់​ថា៖ «សន្ទុះ​នៃ​ការ​ទៅ​ចាក់​វ៉ាក់សាំង​នោះ ​គឺ​ទី​មួយ ​គឺ​ពួកគាត់​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ពី​កូវីដ១៩ ហើយ​ជា​ពិសេស​គឺ​ព្រឹត្តិ​ការណ៍​ ២០ ​កុម្ភៈ​ ដែល​ធ្វើ​ឲ្យ​ពួកគេ​បារម្ភ​កាន់​តែ​ខ្លាំង។ ហើយ​ដែល​ម្នាក់ៗ ​គឺ​គាត់​ប្រឹង​ប្រែង​ទៅ​ចាក់​ឲ្យ​បាន​លឿន និង​ឲ្យ​បាន​ឆាប់​នោះ​»។​

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្រសួង​ផ្អាក​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​ជា​បណ្តោះ​អាសន្ន​ សម្រាប់​អ្នក​ចាក់​លើក​ដំបូង ហើយ​នឹង​ជូន​ដំណឹង​ឡើង​វិញ​ នៅ​ពេល​ក្រោយ ដោយ​សារ​មាន​ភាព​ចាំបាច់​រក្សា​ទុក​វ៉ាក់សាំង​សម្រាប់​ចាក់​ដូស​ទីពីរ។

វ៉ាក់សាំង​ដែល​កម្ពុជា​មាន​ជាង​ ៩២ ម៉ឺន​ដូស ដែល​អាច​ចាក់​មនុស្ស​បាន​ជាង​ ៤៦ ​ម៉ឺន​នាក់។ រដ្ឋាភិបាលប្រទេស​ចិន​បាន​ប្រកាស​ថា វ៉ាក់​សាំងស៊ីណូហ្វាមចំនួន ​៤០ ​ម៉ឺន​ដូស​ទៀត ​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន និងអាច​ចាក់​មនុស្ស​ ២០ ​ម៉ឺន​នាក់ នឹង​មក​ដល់​កម្ពុជា នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ៕

XS
SM
MD
LG