ការថ្លែងរបស់មេដឹកនាំគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី នៅប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ ត្រូវបានប្រើប្រាស់ជាអង្គហេតុក្នុងការចោទប្រកាន់អ្នកនយោបាយរូបនោះថាបាន«ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលជាបទចោទប្រកាន់មួយត្រូវបានអ្នកតាមដានរិះគន់ថា ប្រើប្រាស់ដើម្បីបំបិទសំឡេងជំទាស់ក្នុងប្រទេសកម្ពុជា។
ក្រោយការចាប់ខ្លួនលោក ស៊ុន ចន្ធី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ សាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានមួយថាលោក ស៊ុន ចន្ធី អាយុ៤៤ឆ្នាំ ត្រូវបានចាប់ខ្លួន ដោយសារលោកធ្វើសកម្មភាពកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ពេលចុះជួបជាមួយសមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្សនៅប្រទេសជប៉ុន ហើយបានបង្ហោះផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម។ តុលាការបញ្ជាក់ថា ព័ត៌មានដែលបង្ហោះនោះ«បានទម្លាក់កំហុសដោយអសុទ្ធចិត្ត ចំពោះរាជរដ្ឋាភិបាលលើការចែកបណ្ណក្រីក្រថា មានការរើសអើង និងមានភាពលម្អៀងជូនប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានមួលបង្កាច់អំពីការអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ»។
តុលាការបញ្ជាក់ថា៖ «ដោយពិនិត្យឃើញថា សកម្មភាពរបស់ជនសង្ស័យស្ថិតក្នុងបទល្មើសជាក់ស្ដែង និងតាមលទ្ធផលនៃការស៊ើបអង្កេតរបស់មន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងអយ្យការបានចេញដីកាបញ្ជាឱ្យមកបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ក្នុងពេលជួបសកម្មជននិងអ្នកគាំទ្រក្នុងប្រទេសជប៉ុនកាលពីថ្ងៃទី៥ ខែឧសភា លោក ស៊ុន ចន្ធី បានថ្លែងក្នុងការផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនដែលមានរយៈពេល២ម៉ោងនិង៤០នាទី។
លោកបានលើកឡើងថា៖ «គេថា បើអត់បោះឆ្នោតឱ្យគេទេ គេអត់ឱ្យដើរលើផ្លូវហ្នឹងទេ។ គេអត់ឱ្យកូនទៅរៀនទេ។ គេអត់ឱ្យបណ្ណក្រីក្រទេ។ អ្នកឯងឈឺទៅពេទ្យ គេអត់យកចិត្តទុកដាក់ទេ។ អ្នកឯងទៅសាលាឃុំស៊ីញ៉េឯកសារ គេអត់ស៊ីញ៉េឱ្យទេ តែគាត់ថា អត់តក់ស្លុត អ្ហែងអត់ឱ្យក៏ហីទៅ! អញបោះឱ្យភ្លើងទៀន ពេលភ្លើងទៀនឈ្នះឆ្នោត អញចង់បានអីក៏បាន»។
ការថ្លែងនេះទំនងត្រូវបាននគរបាលនិងតុលាការប្រើប្រាស់ដើម្បីឃាត់ខ្លួនលោក ស៊ុន ចន្ធី ភ្លាមៗ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពេលលោកត្រឡប់មកពីបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។
លោក រ៉ុន ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការថ្លែងរបស់លោក ស៊ុន ចន្ធី ជាការបញ្ចេញមតិដែលធានាដោយរដ្ឋធម្មនុញ្ញ។ លោកបញ្ជាក់ថា ការរិះគន់ក្នុងន័យស្ថាបនា និងលើកឡើងអំពីភាពអវិជ្ជមានក្នុងការដឹកនាំរបស់រដ្ឋាភិបាលជាសេរីភាពនៃការបញ្ចេញមតិក្នុងប្រទេសប្រជាធិបតេយ្យ។
លោកថ្លែងថា៖ «និយាយរឿងអវិជ្ជមាន រឿងចំណុចខ្វះខាតរបស់រដ្ឋាភិបាលក្នុងន័យស្ថាបនា វាមិនដល់ថ្នាក់រហូតទៅដល់ការដែលត្រូវចាប់ ឃាត់ខ្លួន។ វាជារឿងមួយផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យបាទ»។
លោក រ៉ុង ឈុន បានអំពាវនាវឱ្យបញ្ឈប់ការចាប់ចងអ្នកនយោបាយ ដែលលោកថា មិនមានផលចំណេញសម្រាប់ជាតិឡើយ។
ចំណែកគណបក្សកម្លាំងជាតិបានចាត់ទុកថា ការចាប់ខ្លួន លោក ស៊ុន ចន្ធី គឺជា«ការគំរាមកំហែង បំភិតបំភ័យនិងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរមកលើគណបក្សកម្លាំងជាតិ និងជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា»។
នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។
គណបក្សកម្លាំងជាតិបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាដោះលែងលោក ស៊ុន ចន្ធី ឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ ដើម្បីបើកលំហសិទ្ធិសេរីភាពនយោបាយ សម្រាប់គណបក្សកម្លាំងជាតិ ក្នុងការចូលរួមចំណែកលើកកម្ពស់សិទ្ធិសេរីភាព និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក ស៊ុន ចន្ធី ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការរាជធានីភ្នំពេញ នាថ្ងៃសុក្រនេះ។
កាលពីកន្លងទៅ លោក ស៊ុន ចន្ធី ក៏ត្រូវបានប្តឹងពីបទឆបោកលុយពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតរបស់គណបក្សភ្លើងទៀន ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ លោក ស៊ុន ចន្ធី បានបដិសេធការចោទប្រកាន់នេះ។
គួរបញ្ជាក់ថា លោក ស៊ុន ចន្ធី អតីតប្រធានប្រតិបត្តិខេត្តកំពង់ធំរបស់គណបក្សភ្លើងទៀនបានលាលែងពីសមាជិកភាពពីគណបក្សភ្លើងទៀន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៣ ហើយលោកបានបង្កើតគណបក្សថ្មីមួយឈ្មោះថាគណបក្សកម្លាំងជាតិ៕
វេទិកាបញ្ចេញមតិ