ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​​អ្នក​រិះគន់ថ្លែង​​ថាសេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​​តុលាការ​តាម​បែប​ប្រពៃណី​អាហ្វ្រិក​ខាង​ត្បូង ​​​រំឮក​​​ដល់​របប​អាផាថេដ


លោក​ប្រធានាធិបតី ចាខប់ ហ្សូម៉ា (Jacob Zuma)
លោក​ប្រធានាធិបតី ចាខប់ ហ្សូម៉ា (Jacob Zuma)
ដោយ Anita Powell
ប្រែ​សម្រួល​ដោយ ឃួន ធារ៉ា
រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង​បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​បង្កើតប្រព័ន្ធ​ច្បាប់​ដាច់​ដោយ​ឡែក​មួយ​សម្រាប់​ពលរដ្ឋ​ស្បែក​ខ្មៅ​នៅ​តាម​ជនបទចំនួន​១៧​លាន​នាក់។ ក្រុមអ្នក​គាំទ្រ​និយាយថា​ សេចក្តី​ព្រាង​ច្បាប់​នេះទទួល​ស្គាល់​ពី​សារ​សំខាន់​នៃ​ទំនៀម​ទម្លាប់​និងការដឹក​នាំតាម​បែប​ប្រពៃណី​ ប៉ុន្តែ​ក្រុមអ្នក​រិះគន់​និយាយ​ថា​ សំណើ​នេះបានរំឮកឡើង​វិញ​អំពីច្បាប់​ក្នុង​សម័យអាផាថេដ (Apartheid)។
រដ្ឋាភិបាលអាហ្វ្រិក​ខាង​ត្បូង​កំពុង​តែ​ពិចារណា​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាសនេះ​ដែល​ក្រុម​អ្នក​រិះគន់​និយាយ​ថា​នេះ​ជា​ការរំឮក​ដល់​ច្បាប់ក្នុងសម័យអាផាថេដ​ប្រកប​ដោយ​ការស្អប់​ខ្ពើម ហើយ​មិន​ស្រប​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​ និងអយុត្តិធម៌​សម្រាប់​ស្ត្រី​ទៀត​ផង។
សេចក្តី​ព្រាង​ច្បាប់​ស្តី​ពីតុលាការ​ប្រពៃណី​នេះ​នឹង​បង្កើត​ឱ្យ​មាន​ប្រព័ន្ធច្បាប់​ដាច់​ដោយ​ឡែក​មួយ​សម្រាប់​ជនជាតិ​អាហ្វ្រិក​ខាង​ត្បូង​ចំនួន​១៧​លាននាក់ ដែល​រស់នៅ​តំបន់​ជនបទ។ រាល់​អ្នក​ដែល​ទទួល​រង​ផលប៉ះពាល់​ដោយ​សារ​ប្រព័ន្ធ​នេះ​ គឺជាជនជាតិស្បែក​ខ្មៅ​ហើយ​ភាគ​ច្រើន​ជា​ជនក្រីក្រ។
សេចក្តី​ព្រាង​ច្បាប់​នេះ​កំពុង​ឆ្លង​កាត់​អជ្ញា​ធរ​ខេត្ត​ បន្ទាប់​ពី​សវនាការអស់​រយៈ​ពេលជា​ច្រើន​ខែ​កន្លង​មក ដែលពលរដ្ឋ​មូលដ្ឋាន​បាន​សម្តែង​ការ​ជំទាស់​យ៉ាង​ខ្លាំង​ក្លា។
ក្រុមអ្នក​គាំទ្រ​សេចក្តី​ព្រាងច្បាប់​នេះ​និយាយ​ថា សេចក្តី​ព្រាង​នេះ​នឹង​ជួយទប់ស្កាត់ជម្លោះនិង​រក្សា​បាន​នូវ​ភាព​សុខដុម​នៅ​ក្នុង​សហគមន៍។ តុលាការ​ប្រពៃណីនេះ អាច​ជួយ​បន្ធូរ​សម្ពាធ​ដល់ប្រព័ន្ធ​តុលាការ​ដែលទទួលបន្ទុកដ៏​ធ្ងន់​ធ្ងរផង​ដែរ និង​គួរតែ​ផ្តល់​ដំណោះស្រាយ​ដ៏​ឆាប់​រហ័ស​ជាង​មុន ស្រប​ពេល​ដែល​មាន​ការគោរព​ទំនៀម​ទម្លាប់នៅ​តាម​មូលដ្ឋាន។
សេចក្តី​ព្រាង​នេះ​គឺ​ជា​ការ​រំឮកឡើង​វិញ​អំពី​ក្រឹត្យ​ច្បាប់រដ្ឋាបាល​សម្រាប់​ជនជាតិ​ស្បែក​ខ្មៅ​លេខ​៣៨ កាល​ពី​ឆ្នាំ​១៩២៧។ ដូចដែលចំណង​ជើង​ក្រឹត្យ​ច្បាប់​នោះ​បាន​បង្ហាញ​គឺ​ថា​ ច្បាប់​ចាស់​នោះ​បាន​ចាត់ទុក​ពលរដ្ឋស្បែក​ខ្មៅ ថា​ជា​ពលរដ្ឋវណ្ណៈ​ទី​ពីរ​ ហើយ​បានដាក់​បង្ខំ​ឱ្យ​អនុវត្តជំនឿបែបនោះ​ដោយ​ឥទ្ធិពល​ផ្លូវ​ច្បាប់ ​តាម​រយៈ​ដាក់​ពួកគេ​ឱ្យ​ស្ថិតក្រោម​ការ​គ្រប់គ្រងរបស់​ពួក​មេដឹកនាំតាមបែប​ប្រពៃណីនេះ​តែម្តង។
ដូចច្បាប់​ចាស់​ដែរច្បាប់​ថ្មី​នេះ​នឹង​បង្កើត​ប្រព័ន្ធ​តុលាការ​មួយ​ដែល​គ្រប់គ្រង​ដោយ​ពួក​មេដឹកនាំ​តាម​បែប​ប្រពៃណី​និងគោរព​តាម​ការ​អនុវត្ត​តាម​បែប​ប្រពៃណីដែរ។
ចុង​ចោទ​ក្នុង​តុលាការ​ប្រពៃណី​នេះ ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មាន​មេធាវី​នោះ​ទេ។ មេ​ដឹកនាំ​តុលាការ​អាច​កាត់​ទោស​ចុង​ចោទ​ឲ្យ​ធ្វើ​ការដោយ​បង្ខំ។ គ្មាន​អ្នកណា​ម្នាក់​អាច​បដិសេដ​បាន​ឡើយ។
លោកស្រី ស៊ី​ឌីសូ ម៉ូ​នី​ស៊ី វីកស៍ (SindisoMnisi Weeks) មក​ពី​អង្គភាព​ស្រាវជ្រាវ​ច្បាប់ ពូជសាសន៍ និង​យ៉ែនឌ័រ នៃ​សាកលវិទ្យាល័យ​ខេបថោន (University of Cape Town's Law, Race and Gender Research Unit) ថ្លែង​ថា​សេចក្តី​ព្រាង​ច្បាប់​នេះមានភាព​ខុស​ឆ្គង។
«​សេចក្តី​ព្រាង​នេះ​មិន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញទេ​ ពីព្រោះ​សេចក្តី​ព្រាង​នេះមិន​បាន​ការពារ​សិទ្ធិ​ស្ត្រីឱ្យ​បាន​គ្រប់គ្រាន់ទេ​ ហើយ​វា​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ជ្រើសរើស​ថា​តើ​ពួកគេ​ចង់​ឱ្យ​ជម្លោះរបស់ខ្លួនដោះ​ស្រាយ​នៅ​ក្រោម​ការ​អនុវត្ត​និង​ច្បាប់ប្រពៃណីដែរ​ឬ​យ៉ាង​ណា​ ដែល​នៅ​ក្រោម​រដ្ឋធម្មនុញ្ញ គឺ​ជាអ្វី​ដែលប្រជាពលរដ្ឋត្រូវទទួល​បាន​សិទ្ធិ​នេះ។​ វា​មិន​អនុញ្ញាត​ឱ្យពលរដ្ឋ​ ត្រូវ​បាន​តំណាង​ដោយ​មេធាវីរបស់​ខ្លួន​ទេ​ ប្រសិន​បើ​ពួកគេ​ជ្រើសរើស​ ហើយ​ជា​ទូទៅ​ វាផ្ទុយ​ទៅ​នឹង​ច្បាប់​ប្រពៃណី ទាក់​ទង​ទៅ​នឹង​ការ​ពិត​ដែលថា​ច្បាប់​ប្រពៃណី​នេះជា​ដំណើរការ​ប្រកប​ដោយ​ការ​ចូលរួម ហើយសេចក្តី​ព្រាង​នេះ​ជា​ដំណើរការគ្រប់​ជ្រុង​ជ្រោយ​នៅក្នុងការដំណោះស្រាយ​ជម្លោះ។»
លោកស្រីនិយាយ​ថា​ មេ​ដឹកនាំ​តាម​បែប​ប្រពៃណី​ភាគ​ច្រើន​លើស​លុបសុទ្ធ​តែជា​បុរស។ ក្នុង​អំឡុងពេល​សវនាការ​លើសេចក្តី​ព្រាង​ច្បាប់​នេះ មាន​ស្ត្រី​ជា​ច្រើន​នាក់​បាន​ត្អូញត្អែរ​ថា ​ពួកគេ​ត្រូវ​បាន​ប្រាប់​ថា​ ពួកគេ​មិន​អាច​ឈ្នះ​ក្តីនៅក្នុង​តុលាការ​ប្រពៃណី​បាន​ទេ ដោយ​សារ​វា​នឹង​លើក​ទឹក​ចិត្ត​ឱ្យស្ត្រី​«លែង​មានការគោរព»។
«ដោយសារ​តែ​តាម​ធម្មតា​ តុលាការ​នេះ​មាន​សមាសភាព​មនុស្សបុរស​វ័យ​ចំណាស់ តុលាការ​ទាំង​នោះ​ទំនង​មិន​មាន​សមាណ​ចិត្តអាណិត​អាសូរ​ខ្លាំង​ចំពោះ​ការ​ព្រួយ​បារម្ភរបស់​ស្ត្រី​និង​កុមារ​ទេ។ ហើយ​តាម​ពិត នៅ​ក្នុង​ជម្លោះគ្រួសារវិញ​ ជា​រឿយៗ​ ពួកគេមាន​និន្នាការ​គាំទ្រ​ខាង​បុរស​ជាង​ខាង​ស្ត្រី។ ហើយជា​ការពិត​ណាស់ នេះ​ជា​ព្រួយ​បារម្ភ​ជាក់ស្តែង នៅ​ពេល​ដែល​វា​ពាក់​ព័ន្ធនឹង​បញ្ហា​ដូចជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ ឬ​ក៏សិទ្ធិ​ទទួល​បាន​ដី​និង​មរតក​របស់​ស្ត្រីនិង​ជម្លោះ​ស្តីពីអាពាហ៍ពិពាហ៍ជា​ដើម។»
លោក អ៊ី​ហ្គា​ម៉ូឡា អ៊ីគូណា មក​ពី​ក្រសួង​អភិបាលកិច្ច​សហការនិង​កិច្ចការ​ប្រពៃណី​ និយាយ​ថា​អ្នក​ដឹកនាំតាម​បែបប្រពៃណី​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​នេះ​ ពីព្រោះសេចក្តី​ព្រាង​នេះ​ទទួល​ស្គាល់​តួនាទី​ដ៏​មាន​តម្លៃ​ដែល​ពួកគេ​មាននៅក្នុង​សហគមន៍​របស់​ពួកគេ។
មេ​ដឹកនាំ​ប្រពៃណីមាន​ឥទ្ធិពលយ៉ាង​ខ្លាំងព្រម​ទាំង​ទទួល​បាន​គោរពទៀត​ផង។
«​នៅ​អាហ្វ្រិក​ខាង​ត្បូង​ ជា​ទូទៅ អ្នក​ឃើញ​មាន​ស្ថាប័នសម្រាប់​ការ​ដឹកនាំ​តាម​បែប​ប្រពៃណី​ដែល​ធ្លាប់​មាន​នៅ​ទីនេះ​ អស់​រយៈពេល​ជា​ច្រើន​សតវត្សរ៍មកហើយ។ ហើយ​ប្រសិន​បើ​អ្នក​និយាយ​អំពី​សហគមន៍​ប្រពៃណី​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង...​ការ​ដឹកនាំ​តាម​បែប​ប្រពៃណី​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​វិវត្ត​របស់​សហគមន៍​ទាំងនោះ សូម្បី​តែជា​ផ្នែក​មួយ​នៃ​ភាពទទៃ​ពីគ្នារបស់​ពួកគេក៏ដោយ។​ សហគមន៍ផ្សេងៗ​គ្នា​ មាន​របៀប​របប​និង​ប្រពៃណី​របស់​ពួកគេផ្ទាល់ ដែល​អាចថែ​រក្សា​ទុក​បាន ​និង​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​មាន​ការអនុញ្ញាត​ពី​រដ្ឋ​ធម្មនុញ្ញ។ ចូរ​ចង​ចាំ​ថា​សហគមន៍​ប្រពៃណី​ក៏​មាន​មធ្យោបាយ​ដោះ​ស្រាយ​ជម្លោះ​របស់​ខ្លួន​ក្នុង​សហគមន៍​របស់​ពួកគេ​ដែរ។»​
លោក ម៉ូនីស៊ី វីកស៍ និយាយ​ថា​ ប្រជាពលរដ្ឋ​មិន​ចាំបាច់​មានការ​គោរព​រួម​គ្នា​ទេ។
«​ក្រុម​ប្រឹក្សា​ខេត្តថ្នាក់ជាតិ​គួរ​តែ​ទទួល​ស្គាល់​ថា ​បន្ទាប់​ពី​ការ​ពិគ្រោះ​យោបល់​ចំនួន​ពីរដង ដែល​បានផ្តល់លទ្ធផល​ដ៏​ជាក់​លាក់​មួយ ស្តីពី​ថាតើប្រជាពលរដ្ឋមានអារម្មណ៍យ៉ាង​ដូចម្តេច​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​នេះ ហើយបញ្ហា​នានា​ដែល​មាន​ក្នុងពង្រាង​ច្បាប់នោះ និង​បញ្ហា​ដែល​សេចក្តី​ព្រាង​នេះ​នឹង​បន្សល់​ទុក​សម្រាប់​សហគមន៍​ជនបទ។ ​ពួកគេ​គួរតែបោះ​បង់​សេចក្តី​ព្រាង​នេះ​ទាំង​ស្រុង​ ហើយ​ចាប់ផ្តើម​ជា​ថ្មី​ក្នុង​ការ​ធ្វើ​ពង្រាង​ច្បាប់​ថ្មី​មួយ​ដែល​ផ្អែក​លើ​សម្លេង​របស់ពលរដ្ឋ​ធម្មតា​នៅ​តាម​ជន​បទ​ ដែល​នឹងឆ្លើយ​តប​តាម​សេចក្តី​ត្រូវការ​ដែល​ពលរដ្ឋ​ជនបទ​បាន​សម្តែង​មតិ។»
សេចក្តី​ព្រាង​ច្បាប់​នេះ​កំពុង​បាន​ធ្លាក់​ចុះ​ប្រជាប្រិយភាព​ជា​ច្រើន​ខែ​មក​នេះ។ ប៉ុន្តែ​ព្រឹត្តិការណ៍​កាល​ពី​ពេល​ថ្មី​ៗ​នេះ នៅ​អាហ្វ្រិក​ខាង​ត្បូង​ អាចផ្តល់​កំណើត​ថ្មី​ដល់​សេចក្តី​ព្រាង​នេះ។ លោក​ប្រធានាធិបតី ចាខប់ ហ្សូម៉ា (Jacob Zuma) បាន​ធ្វើ​ការ​វាយ​ប្រហារ​បែប​នយោបាយ​មួយ បន្ទាប់​ពី​មាន​កុបកម្ម​ដ៏​ហិង្សា​ជា​ច្រើន​ខែ​កន្លង​មក។
គណបក្ស​សមាជ​ជាតិ​អាហ្វ្រិក​ (African National Congress) ដែលកំពុង​គ្រប់​គ្រង​អំណាច ​ប្រឈម​នឹង​សន្និបាត​គណបក្ស​ប្រកប​ដោយ​ការ​តិះទៀន​មួយនៅ​ខែ​ធ្នូ​នេះ ដែល​ក្នុង​នោះពួកគេ​នឹង​ជ្រើសរើស​មេ​ដឹកនាំ​ នៅ​ក្នុងការ​បោះឆ្នោត​ថ្នាក់​ជាតិ។
គណបក្ស​សមាជ​ជាតិ​អាហ្វ្រិក ​បានទទួល​ជ័យ​ជម្នះ សម្រាប់​រាល់ការ​បោះឆ្នោតសំខាន់​ៗ​តាំង​ពី​ឆ្នាំ​១៩៩៤មកម៉្លេះ។ បេក្ខជនរបស់​ពួកគេនឹង​ក្លាយជា​អ្នក​ស្នងតំណែង​ប្រធានាធិបតី​យ៉ាង​ជាក់​ច្បាស់។ ប៉ុន្តែ​គណបក្ស​នេះ​នៅ​តែ​ត្រូវការ​អ្នក​ទៅ​បោះឆ្នោត ជា​ពិសេសនៅ​តាម​តំបន់​ជនបទ។ បញ្ហា​នេះបាន​លើក​កម្ពស់​ឋាន
ៈ​មេ​ដឹកនាំមូលដ្ឋាន​ ឲ្យមានតួនាទីធ្វើ​ការ​សម្រេច​ចិត្តជ្រើស​រើស​បេក្ខជន​ ហើយ​នេះ​ទំនង​ជា​ហេតុ​ផល​ចំបង​មួយ​ដែល​គណបក្ស​នេះ​កំពុង​ជំរុញ​ឲ្យ​មាន​ច្បាប់​ស្តី​ពី​តុលាការ​តាម​ប្រពៃណី​នេះ៕
XS
SM
MD
LG