មន្ត្រីសិទ្ធិមនុស្សដ៏លេចធ្លោមួយរូបក្នុងប្រទេសកម្ពុជាគឺលោក ធន សារ៉ាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុកបាន អះអាងថា ប្រទេសកម្ពុជានៅមានបញ្ហាច្រើនដែលតម្រូវឲ្យមានការអនុវត្តតាម កិច្ចព្រមព្រៀងទីក្រុងបារីស ដែលភាគីទាំងអស់និងប្រទេសហត្ថលេខីចំនួន១៨ បានចូលរួមចុះហត្ថលេខាកាលពី២៣ឆ្នាំមុនដោយសន្យាថា នឹងជួយដល់កម្ពុជា។
លោកសារ៉ាយបានថ្លែងដូច្នេះក្នុងកម្មវិធីហេឡូវីអូអេក្នុងពេលលោកចូលរួមជា វាគ្មិនកាលពីយប់ថ្ងៃព្រហស្បតិ៍។ លោកថា បញ្ហាទាំងអស់នោះរាប់បញ្ចូលទាំងការបោះឆ្នោតដែលគ្មានជំនឿ ប្រព័ន្ធយុត្តិធម៌នៅតែគ្មានឯករាជ្យ សារព័ត៌មាន ជាតិស្ថិតក្រោមឥទ្ធិពលគណបក្សកាន់អំណាច បញ្ហារំលោភបំពានដីធ្លី អសមភាពរវាងអ្នកក្រនិងអ្នកមានជាដើម ដែលលោកបានបញ្ជាក់ថា ប្រទេសនានាគេនឹងយកចិត្តទុកដាក់។
«ខ្ញុំគិតថា ប្រទេសជាហត្ថលេខីនេះ គេតាមឃ្លាំមើលដំណើរការវិវត្តន៍ប្រទេស យើងជាហូរហែរដូចជាបញ្ហាយើងមានបញ្ហាថ្ងៃ៥ ថ្ងៃ៦ខែកក្កដា សហគមន៍ អន្តរជាតិគេអត់ព្រងើយកន្តើយទេ។ គេបានខិតខំមកចូលរួមជួយស្តារស្ថានភាព នេះឡើងវិញដើម្បីឲ្យមានដំណើរការប្រក្រតីក្នុងការអនុវត្តការបោះឆ្នោតប្រជាធិបតេយ្យជាហូរហែរមកជាបន្តបន្ទាប់។ អញ្ចឹងប្រសិនបើមានបញ្ហាដ៏ធំខ្លាំងក្លាដូចជាមានជម្លោះរវាងប្រទេសជិតខាងយើងរហូតដល់បង្កអាវុធដាក់គ្នា អញ្ចឹង រឿងបញ្ហាព្រំដែនអី រឿងហ្នឹងគេអាចរកយន្តការអន្តរជាតិហ្នឹងគេជួយបាន។ ហើយសន្និសីទក្រុងបារីសនេះ រដ្ឋាភិបាលបើមានបញ្ហាអីធំអាចមានសិទ្ធិស្នើសុំឲ្យសហប្រធានហ្នឹងមានការកោះប្រជុំឡើងវិញ»។
លោកទទួលស្គាល់ថា មានបញ្ហាវិជ្ជមានជាច្រើនដែរកើតឡើងក្រោយកិច្ចព្រមព្រៀងក្រុងបារីសដូចជាមានមានស្ថេរភាព មានសន្តិភាព អាចរៀបចំការបោះឆ្នោតបានក្នុងក្របខណ្ឌសេរីពហុបក្ស ដែលជាកត្តាមួយសំខាន់សម្រាប់ការ អភិវឌ្ឍប្រទេសជាតិរបស់យើង សេដ្ឋកិច្ច រចនាសម្ព័ន្ធ ទោះបីជាដំណើរការ យឺតយ៉ាវខ្លះក្តី ប្រជាពលរដ្ឋមានការយល់ដឹងច្រើនអំពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ដែលជាពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះលោកថា ប្រជាពលរដ្ឋយើងមានសេចក្តីក្លាហានហ៊ានទាមទារតវ៉ាការពារសិទ្ធិសេរីភាព ការពារផល ប្រយោជន៍របស់ខ្លួន សង្គមស៊ីវិលក៏មានការរីកចម្រើនដែរ។
«ខ្ញុំសូមរំលឹកថាក្រោយសន្និសីទក្រុងប៉ារីសគឺសមាគមយើងបានជួបការលំបាក ណាស់ គឺថា ការបង្កើតទីស្នាក់ការមួយនៅក្នុងខេត្តមួយនោះ គេប្រើយោធា ប៉ូលិសរហូតដល់មានរថក្រោះមួយមកសន្ធាប់ឲ្យយើងបិទការិយាល័យវិញ។ ដូច្នេះបើយើងប្រៀបធៀបមកដល់ឥឡូវ យើងឃើញថា មានអង្គការរាប់ពាន់ ដែលបានដំណើការ ហើយមានសកម្មភាពគ្រប់ផ្នែកគ្រប់វិស័យ»។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពបានថ្លែងថា កិច្ចព្រមព្រៀងសន្តិភាពបានផ្តល់សារៈសំខាន់យ៉ាងច្រើនដល់កម្ពុជា ដូចជាបង្រួបបង្រួមគ្រប់ភាគីជម្លោះខ្មែរទាំងបួន បញ្ចប់សង្គ្រាម និងមានសន្តិភាព ផ្លាស់ប្តូររបបគ្រប់គ្រងមកជាព្រះរាជាណាចក្រព្រះមហាកក្សត្រសោយរាជ្យ មានរដ្ឋធម្មនុញ្ញមានលក្ខណៈប្រជាធិបតេយ្យ មានការអនុវត្តនៅទីផ្សារសេរី មានទំនាក់ទំនងការទូតជាមួយនឹងប្រទេសផ្សេងៗលើពិភពលោក មានលក្ខណៈទូលំទូលាយ។ ក្នុងនោះដែរយើងឃើញថា បទដ្ឋានសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ជាគោលសំខាន់ក្នុងការដឹកនាំនិងការអភិវឌ្ឍប្រទេស។
តែលោកក៏បានអះអាងដែរថា បញ្ហានៅមិនទាន់បានបំពេញតាមកិច្ចព្រមព្រៀង ក្រុងប៉ារីសក៏នៅមានមួយចំនួនដែរដែលលោកបានរៀបរាប់ត្រួសៗថា៖
«រឿងដែលនៅសេសសល់មិនបានបំពេញគឺរឿងធានាការពារបូរណភាពទឹកដី ដែលតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹង យើងឃើញថាមានបញ្ហានៅឡើយ ដែលយើងត្រូវមានការដោះស្រាយមិនទាន់បានចប់សព្វគ្រប់ព្រំដែន ហើយនៅ មានការមន្ទិលនៅក្នុងបញ្ហាមួយចំនួន។ ទី២ យើងឃើញថា ការរំលោភបំពាន សិទ្ធិរបស់ប្រជាពលរដ្ឋហ្នឹងមានសភាពខ្លាំងក្លាដែរជាពិសេសបញ្ហាការទន្ទ្រាន យកដីប្រជាពលរដ្ឋក្រីក្រ តូចតាច អ្នកដែលទន់ខ្សោយហ្នឹង»៕