ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេឃុំ​ធ្វើ​និរាករណ៍​លិខិត​​ស្នាម​បញ្ជាក់​ប្លង់​ដី​ក្នុង​តំបន់​អភិរក្ស​ជា​បន្ត​បន្ទាប់ នាំ​ឲ្យ​មាន​ការ​រិះគន់«ខ្វះ​ការ​ទទួល​ខុស​ត្រូវ»


រូប​ឯកសារ៖ ដីមួយ​កន្លែង​ត្រូវ​បាន​ឈូសឆាយ​សម្រាប់​ធ្វើ​ចម្ការ​ចេក​នៅ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល។ (រូប​ពី​គម្រោង Joe Patchett – Rainforest Project)
រូប​ឯកសារ៖ ដីមួយ​កន្លែង​ត្រូវ​បាន​ឈូសឆាយ​សម្រាប់​ធ្វើ​ចម្ការ​ចេក​នៅ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល។ (រូប​ពី​គម្រោង Joe Patchett – Rainforest Project)

មេឃុំ​មួយ​ចំនួន​ក្នុង​ខេត្ត​យ៉ាង​តិច​ចំនួន​៣ គឺ​ខេត្ត​កំពត កំពង់ស្ពឺ និង​កំពង់ធំ បាន​ចាប់​ផ្តើម​ចេញ​លិខិត​និរាករណ៍​ជា​បន្ត​បន្ទាប់​ទៅ​លើ​ដី​ដែល​ត្រូវ​បាន​បញ្ជាក់​លិខិត​ស្នាម​កាល​ពី​កន្លង​ទៅ ក្រោម​មូល​ហេតុ​ជាប់​ពាក់ព័ន្ធ​នឹង​ដី​ក្នុង​តំបន់​អភិរក្ស​របស់​ក្រសួង​បរិស្ថាន។ នេះ​បើ​យោង​តាម​លិខិត​និរាករណ៍​មួយ​ចំនួន​ដែល​វីអូអេ​ទទួល​បាន។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២១​មេឃុំ​បឹង​ទូក ក្នុង​ស្រុក​ទឹក​ឈូ ខេត្ត​កំពត អ្នកស្រី​មូល សុខុម ​បាន​ចេញ​លិខិត​បដិ​សេធ​មួយ ដោយ ​«សូម​ធ្វើ​មោឃ​ភាព​លើ​ការ​ចុះ​ហត្ថលេខា»​ទៅ​លើ​ឯកសារ​លិខិត​ស្នើ​សុំ​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ដី​ធ្លី លិខិត​ពាក្យ​ស្នើ​សុំ​ប្រើប្រាស់​ដី​ធ្លី លិខិត​លក់​ទិញ ប្លង់​បង្ហាញ​ទីតាំង​គ្រប់​ប្រភេទ ស្ថិត​នៅ​ក្នុង​តំបន់​ការពារ​ធន​ធាន​ធម្មជាតិ និង​ក្នុង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​នៃ​តំបន់​ឧទ្យាន​ជាតិ​មុនីវង្ស​បូកគោ។

អ្នកស្រី​បញ្ជាក់​មូល​ហេតុ​ថា៖ «នាង​ខ្ញុំ​ពុំ​សូវ​យល់​ដឹង​ពី​ច្បាប់​ទម្លាប់​ច្រើន ឃើញ​តែ​ពួក​គាត់​អាស្រ័យ​ផល​ជាក់​ស្តែង»។

នៅ​ក្នុង​ស្រុក​ទឹក​ឈូ​ដដែល មេឃុំ​ព្រែក​ត្នោត លោក គង់ ប៊ុនរា ក៏​បាន​បដិសេធ​ដូចគ្នា​ចំពោះ​ការ​ផ្តល់​លិខិត​ស្នាម​ក្នុង​តំបន់​ការពារ​ធន​ធាន​ធម្មជាតិ និង​ក្នុង​របៀង​អភិរក្សចម្រុះ​នៃ​តំបន់​ឧទ្យាន​ជាតិ​មុនី​វង្ស​បូកគោ។ ចំណែក​មេឃុំ​កោះ​តូច ក្នុង​ស្រុក​ទឹក​ឈូ លោក ឈូក ថូ ក៏​បាន​ចេញ​លិខិត​បដិសេធ​ដូចគ្នា​ដែរ។

នៅ​ក្នុង​ស្រុក​សន្ទុក ខេត្ត​កំពង់​ធំវិញ មេឃុំ​កកោះ លោក ភេម ធន ក៏​បាន​ចេញ​លិខិត​និរាករណ៍​ហត្ថលេខា ដោយ​លើក​ឡើង​ពី​ភូមិ​សាស្រ្ត​ដី​សហគមន៍​ត្រប់ញក ដែល​ស្ថិត​ក្នុង​ភូមិ​សាលា​សន្ទុក ឃុំ​កកោះ​។

លោក​មេឃុំ​បញ្ជាក់​ថា៖ «ដី​នោះ​នៅ​តែ​ជា​ដី​របស់​រដ្ឋ មិន​អាច​ឲ្យ​អ្នក​ណា​មក​រំលោភ​បំពាន​ចាប់​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​បាន​ឡើយ»។

រូប​ឯកសារ៖ ដី​ស្រែ​ក្នុង​ភូមិ​បឹងរាំង ឃុំ​អូរម៉ាល់ ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២០។ (ស៊ុន ណារិន/VOA)
រូប​ឯកសារ៖ ដី​ស្រែ​ក្នុង​ភូមិ​បឹងរាំង ឃុំ​អូរម៉ាល់ ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២០។ (ស៊ុន ណារិន/VOA)

ចំណែក​ក្នុង​ខេត្ត​កំពង់​ស្ពឺ​វិញ មេឃុំ​ត្រពាំង​ជោ ក្នុង​ស្រុក​ឱរ៉ាល់​លោក​ ទេព ណែម ក៏​បាន​ចេញ​លិខិត​បដិសេធ​លើ​ដី​ប្រមាណ​២.១០០​ហិកតា ក្នុង​ភូមិ​សំរោង ភូមិ​ក្បាល​ដំរី និង​ភូមិ​ក្រវៀក នៃ​ឃុំ​ត្រពាំង​ជោ របស់​ឈ្មោះ លី សុខងីម ដោយ​បញ្ជាក់​ថា​ «មិន​ទទួល​ស្គាល់ និង​ទទួល​ខុសត្រូវ» ចាប់​ពី​ពេល​ធ្វើ​លិខិត​បដិសេធ​នេះ​ត​ទៅ។

ជាមួយ​គ្នា​នេះ​ដែរ មេ​ឃុំ​ត្រែងត្រយឹង​ក្នុង​ស្រុក​ភ្នំស្រួច​ខេត្ត​កំពង់ស្ពឺ​អ្នកស្រី ​កែវ សុផាត ក៏​បាន​ចេញ​លិខិត​បដិ​សេធ​មួយ​ចុះ​ថ្ងៃទី​២៨ ខែ​ឧសភា​ដោយ​ធ្វើ​មោឃ​ភាព​លើ​ការ​ចុះ​ហត្ថលេខា​របស់​អ្នកស្រី​លើ​ឯកសារ​លិខិត​ស្នើ​សុំ​ផ្ទេរសិទ្ធិ​កាន់​កាប់​ដីធ្លី និង​លិខិត​ស្នាម​ផ្សេងៗ​នៃ​តំបន់​ឧទ្យាន​ជាតិ​មុនីវង្ស​បូកគោ​និង​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត​កុសុមៈ​គិរីរម្យ។

អ្នកស្រី​បញ្ជាក់​មូល​ហេតុ​ថា៖ «នាង​ខ្ញុំ​ពុំសូវ​យល់​ដឹង​ពី​ច្បាប់​ទម្លាប់​ច្រើន​ឃើញ​តែ​ពួកគាត់​អាស្រ័យ​ផល​ជាក់​ស្តែង»។

ចំណាត់​ការ​ជា​បន្ត​បន្ទាប់​របស់​មេឃុំ​ធ្វើ​ឡើង​ក្រោយ​មាន​លិខិត​ស្នើ​សុំ​របស់​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ដោយ​សង្កេត​ឃើញ​មេឃុំ​បាន​បោះ​ត្រា​ទទួល​ស្គាល់​ដី​ដែល​បាន​ទិញ​ដូរ​ក្នុង​តំបន់​អភិរក្ស។ កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២១ ​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​លោក​សាយ សំអាល់ បាន​ស្នើ​ឲ្យ​អភិ​បាល​ខេត្ត​ទាំង​អស់​ធ្វើ​អន្តរាគមន៍​ឲ្យ​លុប​ចោល​រាល់​លិខិត​ស្នាម​ទាំង​ឡាយ​ណា​ដែល​បញ្ជាក់​លើ​ដី​ដែល​ស្ថិត​ក្នុង​តំបន់​ការពារ​ធម្មជាតិ​និង​ក្នុង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ។ នេះបើ​តាម​លិខិត​របស់​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ដែល​វីអូអេ​ទទួល​បាន។

នៅ​ក្នុង​លិខិត​នោះ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថានបាន​ស្នើ​សុំ​អន្តរាគមន៍​ចាត់​វិធាន​ការ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​និង​មោឃភាព​នូវ​រាល់​ការ​ចុះ​ហត្ថលេខា​ឬការ​បញ្ជាក់​ទទួល​ស្គាល់​លើ​លិខិត​ផ្ទេរ​សិទ្ធិ​ពាក្យស្នើ​សុំកាន់​កាប់​ប្រើប្រាស់​ដីធ្លី​លិខិត​ទិញ​លក់​ដី​រដ្ឋ​និង​ការ​បញ្ជាក់​លើ​ប្លង់​បង្ហាញ​ទីតាំង​ជា​អាទិ៍​ដែល​ធ្វើឡើង​នៅ​លើដី​ក្នុង​តំបន់​ការពារ​ធម្មជាតិ​និង​ក្នុង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ។

រូប​ឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៅ​ព្រៃ​សហគមន៍​ភ្នំសេះ ក្នុង​ខេត្ត​ក្រចេះ។ (រូបថត​ពី​ទំព័រ​ Facebook របស់​សមាគមបណ្តាញយុវជនកម្ពុជា C​Y​N)
រូប​ឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៅ​ព្រៃ​សហគមន៍​ភ្នំសេះ ក្នុង​ខេត្ត​ក្រចេះ។ (រូបថត​ពី​ទំព័រ​ Facebook របស់​សមាគមបណ្តាញយុវជនកម្ពុជា C​Y​N)

លោក ​ទេព ណែម មេឃុំ​ត្រពាំង​ជោ ដែល​បាន​និរាករណ៍​លិខិត​ស្នាម​លើ​ដី​របស់​បុគ្គល​ម្នាក់​ជាង​២ពាន់​ហិកតា បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​កន្លង​ទៅ លោក​បាន​ឯកភាព​លើ​លិខិត​ស្នាម​ជា​ការ​ទទួល​ស្គាល់ ដោយ​សារ​អ្នក​ភូមិ​ខ្លះ​បាន​សម្រេច​លក់​ដី ដើម្បី​ជីវភាព​គ្រួសារ។ លោក​បញ្ជាក់​ថា​បើ​ទោះ​មាន​ការ​ទទួល​ស្គាល់​ត្រឹមថ្នាក់​ឃុំ ប៉ុន្តែ​ម្ចាស់​ដី​ត្រូវ​បញ្ជាក់​ការ​ទទួល​ស្គាល់​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​បន្ថែម​ទៀត មុន​នឹង​អភិវឌ្ឍ​ដី​ធ្លី ដោយ​សារ​តំបន់​នោះ​នៅ​ក្បែរ​តំបន់​អភិរក្ស​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់។

លោក​បញ្ជាក់​ថា៖ «អាហ្នឹង​បើ​តាម​ការ​យល់ ខ្ញុំ​វា​ខុស​បាត់​ទៅ​ហើយ បើ​គិត​ពី​ផ្លូវ​ច្បាប់។ តែ​អាហ្នឹង​ការ​យោគ​យល់​ដល់​ប្រជាពលរដ្ឋ​ដែល​គាត់​លក់​តិច​តួច​អី​ហ្នឹង។ ហើយ​ការ​លក់​នេះ ក៏​យើង​មិន​មែន​ថា​លក់​ដី​របស់​រដ្ឋ​ដែរ។ គ្រាន់​តែ​ថា​បើ​ចង់​ធ្វើ​ឲ្យ​ស្រប​ច្បាប់ អាហ្នឹង​ឲ្យ​អ្នក​ទិញ​ទៅ​សុំ​ច្បាប់​ក្រសួង​ថែម​ទៀត ដើម្បី​ឲ្យ​មាន​ច្បាប់​ច្បាស់​លាស់ ចាំ​អភិវឌ្ឍ​ទៅ វា​អត់​អី​ទេ»។

លោក វ៉ិត វឌ្ឍនា នាយក​រដ្ឋបាលខេត្ត​កំពត និង​ជា​អ្នក​នាំពាក្យ​របស់​សាលា​ខេត្ត​មួយ​រូប មាន​ប្រសាសន៍​ថា​រដ្ឋបាល​ខេត្ត​បាន​ណែនាំ​ទៅ​ថ្នាក់​ក្រោម ស្រុក​ក្រុង​ឃុំ​សង្កាត់ ឲ្យ​ធ្វើ​និរាករណ៍​លិខិត​ស្នាម​ណា​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ដី​រដ្ឋ។ លោក​មិន​មាន​ទិន្ន​ន័យ​ថា​តើ​ដី​ទំហំ​ប៉ុន្មាន​ហិកតា និង​ប៉ុន្មាន​កន្លែង ដែល​ត្រូវ​បាន​ធ្វើ​និរា​ករណ៍​នោះ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា​ដី​នោះ​មាន​នៅ​ក្នុង​ស្រុក​ទឹក​ឈូ និង​ស្រុក​ឈូក​ជាដើម។

ទោះ​ជា​យ៉ាងណា លោក​បញ្ជាក់​ថា​មិន​មាន​ចំណាត់​ការ​លើ​មេឃុំ​ដែល​បាន​ចុះ​ហត្ថលេខា​លើ​ឯក​សារ​ទាំង​នោះ​ទេ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ «ដូច​អត់​មាន​អី ត្រូវ​មាន​វិធានការ​ទៅ​លើ​គាត់​ទេ។ ទីមួយ​គាត់​មោឃ​ភាព​ហត្ថលេខា​ទៅ​លើ​អ្វី​ដែល​គាត់​បាន​ចុះ​ហត្ថ​លេខា​ហើយ​ពាក់​ព័ន្ធ​នឹង​ដី​ធ្លី​នៅ​ក្នុង​ឧទ្យា​ន​ជាតិ»។

លោក​បន្ថែម​ថា​ប្រជាពលរដ្ឋ​បាន​ទៅ​ទិញ​ដី​រដ្ឋ គឺ​ខុស​ច្បាប់​រួច​ទៅ​ហើយ ដូច្នេះ​លោក​ថា​អាជ្ញាធរ​មិន​មាន​អ្វី​ជា​ដំណោះ​ស្រាយ​សម្រាប់​ពួកគេ​នោះ​ទេ។

លោក​បន្ថែម​ថា៖ «ការ​បដិសេធ​ឬ​មួយ​ការ​បាត់​បង់ ការ​ដក​ហូត​ដី​ហ្នឹង​មក​ជា​សម្បត្តិ​រដ្ឋ​វិញ អាហ្នឹង​គឺ​ជា​រឿង​មួយ​ស្រប​ច្បាប់ យើង​អត់​មាន​អី​ទៅ​ធ្វើអី​ជូន​គាត់​ទេ។ គាត់​ទិញ​លក់​ អត់​មាន​ឲ្យ​យើង​ដឹង​ផង»។

លោក វណ្ណ សុផាត​ អ្នក​សម្រប​សម្រួល​គម្រោង​ធុរ​កិច្ច​និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធនេះ​ថា​ការ​ចេញ​លិខិត​បដិសេធ​នេះ​បង្ហាញ​ភាព​មិន​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​ឃុំ​ដែល​ជា​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ តាម​រយៈ​ការ​បោះ​ឆ្នោត។

លោក​ថ្លែង​ថា​៖ «ហើយ​ស្រាប់​តែ​ពេល​ឥឡូវ​គេ​មក​បដិ​សេធ​អញ្ចឹង អញ្ចឹង​មាន​ន័យ​ថា​គាត់​ពុំ​មាន​ការ​ទទួល​ខុសត្រូវ ហើយ​មាន​ន័យ​ថា​គាត់ហ្នឹងក្លាយ​ជា​អ្នក​បាត់​បង់​ទំនុកចិត្តពី​ប្រជាពលរដ្ឋ។ គាត់​មិន​ទទួល​ខុស​ត្រូវ​ក្នុង​តួនា​ទី​របស់​គាត់​ក្នុងក្រុម​ប្រឹក្សា​ឃុំ​សង្កាត់»។

លោក ​នេត្រ ភក្រ្តា រដ្ឋលេខាធិការ​និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​ធ្លាប់​បាន​ប្រាប់​វីអូអេ​កាល​ពី​ដើម​ខែ​កក្កដា​ថា​ក្រសួង​បរិស្ថាន​បាន​ស្នើ​ឲ្យ​អភិ​បាល​ខេត្ត​ទាំង​អស់​ណែនាំ​ដល់​រដ្ឋបាល​ឃុំ​ឲ្យ​បញ្ឈប់​រាល់​ការ​ចុះ​ហត្ថលេខា​បញ្ជាក់​លិខិត​ផ្ទេរ​សិទ្ធិ​នានា៕

XS
SM
MD
LG