ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​នឹង​បាត់​បង់​ទីតាំង​ប្រវត្តិសាស្រ្ត


ស្លាក​​សញ្ញា​​សាកល​វិទ្យាល័យ​​ភូមិន្ទ​វិចិត្រ​សិល្បៈ​​​(VOA Khmer)
ស្លាក​​សញ្ញា​​សាកល​វិទ្យាល័យ​​ភូមិន្ទ​វិចិត្រ​សិល្បៈ​​​(VOA Khmer)

ស្ថិត​នៅ​លើ​ផ្ទៃដី​ដ៏​ធំ​ទូលាយ​និង​មាន​ដើមឈើ​ធំៗ​ផ្តល់​ម្លប់​ដ៏​ត្រឈឹង​ត្រឈៃ​ព្រមទាំង​មាន​ទីតាំង​ជាប់​ផ្នែក​ខាង​ជើង​ព្រះ​បរម​រាជវាំង​ អគារ​ពណ៌​ក្រហមឈាមជ្រូក​ដែលជា​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ឬ ​អតីត​សាលារចនា​នេះ​ ដើរ​តួនាទី​ជាថ្នាល​បណ្តុះ​អ្នក​សិល្បៈ​ជាច្រើន​ជំនាន់។

ដោយ​មានរូប​ចម្លាក់​ដាក់​តាំងលំអ​ពេញ​ទីធ្លា​ផង​នោះ​ ទីនេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​កន្លែង​មួយ​តំណាង​ឱ្យដួង​ព្រលឹង​សិល្បៈ​ និង​វប្បធម៌​បុរាណ​ខ្មែរ​ផងដែរ។​

​សម្រាប់​លោក​ ព្រឿង ឈាង​ ​អតីត​ព្រឹទ្ធ​បុរស​មហា​វិទ្យាល័យ​សិល្បៈ​នាដ​សាស្ត្រ​ និង​ជា​អតីត​សាកលវិទ្យា​ធិការ​រង​នៃ​ ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​នេះ ទីនេះ​ប្រៀប​ដូចជា​កូន​ដែល​លោក​ចិញ្ចឹម​ដោយផ្ទាល់​ដៃ៖

​«មែន​ទែន​អនុស្សាវរីយ៍​ច្រើន​ ព្រោះ​ក្រោយ​ពេល​ខ្មែរ​ក្រហម​មក​ នៅ​នេះ​សុទ្ធ​ ​តែ​ព្រៃ​ មាន​លាមក​មាន​អ្វី ​ទម្រាំ​បាន​ប៉ុណ្ណេះ។ អ្នក​ដែល​មិន​ដែល​ឃើញ​អាចាស់​ អ្នក​ឃើញ​សាលា​ប៉ុណ្ណេះ ​គេថា​សាលា​ខ្ញុំ​អន់​ តែ​ខ្ញុំ​ឃើញ​តាំង​ពី​នៅ​ព្រៃ។​ ចឹង​អនុស្សាវរីយ៍​ច្រើន​ ដែល​យើង​បាន​ចូល​រួម​ធ្វើ​ដោយ​ផ្ទាល់​ដៃ​ ធ្វើ​ពលកម្ម​ សម្អាត ​សាងសង់»។

លោក​ ព្រឿង ឈាង ​បាន​រួមចំណែកប្រមូល​ផ្តុំអ្នក​សិល្បៈ​ចាស់ៗ​ដែល​ស្ទើរ​តែ​បាត់​បង់​ក្នុង​សម័យ​ខ្មែរ​ក្រហម​ ​បើក​សាលា​សិល្បៈ​ឱ្យមាន​ដំណើរការ​ឡើងវិញ​បន្ទាប់​ពីបិទ​ទ្វារ​នា​សម័យ​ខ្មែរ​ក្រហម​ ​បណ្តុះ​បណ្តាល​អ្នក​សិល្បៈ​ជំនាន់​ថ្មី ​ព្រម​ទាំងកែប្រែ​ពី​សាលា​សិល្បៈ​រហូត​ដល់​ក្លាយ​ជា​មហា​វិទ្យា​ល័យ​សិល្បៈ​ដូច​ពេល​បច្ចុប្បន្ន​នេះ។​

សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ឬ​អតីត​សាលា​រចនា​ ត្រូវ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ​១៩១៨​ ​ហើយ​ប្រែ​ក្លាយ​ទៅ​ជា​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​នៅ​ឆ្នាំ​១៩៦៥។​ ​សាកល​វិទ្យាល័យ​នេះ​ ​មាន​បណ្តុះ​បណ្តាល​ជំនាញចំនួន​៥គឺ​ ​បុរាណ​វិទ្យា​ ​សិល្បៈ​សូនរូប​ ស្ថាបត្យ​កម្ម​និង​នគ​រូប​នីយ​វិទ្យា​ ​តូរ្យ​តន្រ្តី​និង​សិល្បៈ​នាដ​សាស្រ្ត។​

ថ្មីៗ​នេះរដ្ឋាភិបាល​បាន​ប្រកាស​ពី​គម្រោងផ្លាស់​ប្តូរ​ទី​តាំង​របស់​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ពី​ទី​តាំង​បច្ចុប្បន្ន​ទៅនៅជាយ​ក្រុង​ភ្នំពេញ​វិញ​ដោយ​ទុក​ទីនេះ​ដើម្បី​ពង្រីក​សារ​មន្ទីរ​ជាតិ​ដែល​នៅ​ជាប់​នោះ។​ គម្រោង​ផ្លាស់​ទីតាំង​នៃ​សាកល​វិទ្យា​ល័យ​ដ៏​មាន​វ័យចំណាស់​ជាង​គេ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​នេះ​ ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ និង​មាន​ការ​ខ្វែងគ្នាគំនិត​រវាង​សិស្សានុសិស្ស​ ​គ្រូ​បង្រៀន​ និង​មន្ត្រី​ក្រសួង។

លោក​ព្រឿង ឈាង ​បញ្ជាក់​ថា​ លោក​ស្ទើរតែ​ស្រក់​ទឹកភ្នែក​ពេល​ឮ​ដំណឹង​នេះ​ប៉ុន្តែ​សម្តែង​ការស្វាគមន៍​ដោយ​ប្រយ័ត្ន​ប្រយែង៖ ​

«គិត​ថា​ក៏​ល្អ​ដែរ​យក​កន្លែ​ង​ទៅ​ពង្រីក​ធ្វើ​សារមន្ទីរ។​ ​យើង​ក៏​ឯកភាព​ដែរ​ព្រោះ​សារមន្ទីរ​យើង​វា​តូច​ណាស់។ ចឹង​ពង្រីក​សារមន្ទីរ​តម្រូវ​ការ​នេះ​សមហេតុ​សមផល។​ ​កាល​នៅ​នោះ​អត់​សម​ហេតុ​ផល​ដោយសារ​ទៅជា​ផ្ទះ​ផ្សារ​។​ ឱ្យ​តម្លៃ​ផ្ទះ​ផ្សារ​ជាង​សាលា ​ អានោះខ្ញុំ​អន់​ចិត្ត»។​

​បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ លោក​ ព្រឿង​ ឈាង​ យល់​ថាការ​ផ្លាស់​ប្តូរ​នេះ អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​គុណភាព​អប់​រំ​ហើយអ្វី​ដែល​ជា​ការ​បារម្ភជាង​គេ​ដែល​អតីត​សាស្ត្រចារ្យ​រូប​នេះ​លើក​ឡើង​គឺ ​កង្វះ​មធ្យោ​បាយ​ធ្វើ​ដំណើរ​ទៅ​ទីតាំង​សាកល​វិទ្យាល័យ​ថ្មី​នោះ​។

សិស្សសិល្បៈ​កំពុងហាត់រាំនៅ​សាកលវិទ្យាល័យភូមិន្ទ​វិចិត្រសិល្បៈ​ឆ្នាំ២០០២(Reuters)
សិស្សសិល្បៈ​កំពុងហាត់រាំនៅ​សាកលវិទ្យាល័យភូមិន្ទ​វិចិត្រសិល្បៈ​ឆ្នាំ២០០២(Reuters)

លោក​ ថៃ​ នរៈ​សត្យា​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ដែល​ជា​សាម៉ី​ក្រសួង​សម្រេច​ក្នុង​ការ​ប្តូរ​នេះ​ បាន​ប្រាប់​ VOA​ ​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ថា​ការ​ផ្លាស់​ប្តូរ​នេះ​ ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​លាស់ថា​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណា​ប្រាកដ​នោះ​ឡើយ​ ដោយ​ហេតុ​ថា​ គម្រោង​ថ្មី​នេះ​កំពុង​រង់​ចាំ​ការ​ឯកភាពពី​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌។​

លោក​បាន​បន្ថែម​ទៀត​ថា​ គម្រោង​សាងសង់​ទីតាំង​ថ្មី​ ​ឱ្យមាន​លក្ខណៈស្តង់​ដា​សាកល​វិទ្យា​ល័យអន្តរជាតិ​នេះ ត្រូវ​ការ​ពេល​វេលា​និងថវិកា​ច្រើនក្នុង​ការសាងសង់៖

​«ទី​មួយ​ យើង​ត្រូវ​យក​គម្រោង​ ប្លង់​ស្ថាបត្យកម្ម​សិក្សា​ឱ្យ​គ្រប់​ជ្រុង​ជ្រោយ។ វា​អាច​មិន​មែន​ម៉ោង​នេះ មិន​មែនឆ្នាំ​នេះ អាច​មិន​មែន​អណត្តិ​នេះ ​ព្រោះ​អ្វី​ដែល​យើង​ធ្វើ​វា​ធំ។ បើ​គិត​ពី​ផ្ទៃ​ដី ​ឬ​បរិយាកាស​ ជា​កន្លែង​ប្រកប​ដោយ​មោទនភាព​ គួរ​ឱ្យ​ទទួល​យក​បាន​ ហើយ​អ្នក​ទៅ​រៀន​នៅ​នឹង​ប្រកប​ដោយ​កិត្តិយស។​ បើ​យើង​មក​មើល​ប្លង់​ ​ប្រាកដ​ជា​ចង់​ឱ្យ​វា​កើតមាន​ឡើង​ដើម្បី​បម្រើ​សេចក្តី​ត្រូវ​ការ​ពិត​ប្រាកដ​នៅ​លើ​ដី​៣​ហិកតា​»​។​

ថ្វីបើទីតាំង​ថ្មីមាន​ទំហំធំ​ទូលាយ​ជាងមុន​ក៏ដោយ​ក៏​សិស្ស​និង​និស្សិតភាគ​ច្រើនដែល​VOA​បាន​ជួបសម្ភាសន៍​បង្ហាញ​ការ​ស្តាយ​ស្រណោះ​និងការ​ចងចាំ​ដែល​ខ្លួន​ធ្លាប់​មាន​នៅ​ក្នុង​បរិវេណ​សាកល​វិទ្យាល័យ​នេះ។​

​លោក​ ចាន់​ សម្ផស្ស​ ជា​និស្សិត​ឆ្នាំ​ទី២​ ផ្នែក​គំនូរ​វិចិត្រកម្ម​បាន​លើកឡើង​ថា៖

«ដែល​ជា​ការ​ចង​ចាំ របស់ខ្ញុំ​នៅទីនេះ​មិនអាចបំភ្លេច​បាន​ គឺ​សាលា​នេះ​មិនដូច​សាលា​ផ្សេងទេ។​ចូល​មក​ភ្លាម​មនោ​សញ្ចេតនា​អារម្មណ៍​របស់​យើង​ដក់​ជាប់​នៅហ្នឹង។​ សិស្ស​ប្អូន​ ​សិស្ស​ច្បង​យើង​ស្គាល់គ្នា​គ្រប់​ជំនាញ។​ ចឹង​ខ្ញុំ​មាន​មោទន​ភាព​ដែល​បាន​មក​រៀន​នៅ​សាលា​ហ្នឹង​ គ្រូ​ខ្ញុំ​ក៏រៀន​នៅ​សាលា​ហ្នឹង​ ចឹង​មនោ​សញ្ចេតនា​នៅ​គ្រប់​កន្លែង​ នៅ​គ្រប់​ជំនាន់​»​។​

​សម្ផស្ស​ ​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​គម្រោង​ផ្លាស់​ប្តូរ​ទីតាំង​សាកល​វិទ្យាល័យ​សិល្បៈ​តែ​មួយ​គត់​នេះ ដោយ​សំអាង​ថាការ​ផ្លាស់​ប្តូរ​នេះ​ វា​អាច​ធ្វើ​ឱ្យបាត់​បង់​អត្ត​សញ្ញាណ​សាលា​សិល្បៈ​ ​ព្រម​ទាំង​ទំនង​ជា​អាចប្រឈម​នឹង​ការ​បាត់​បង់ចំនួន​សិស្ស​ចូល​រៀន​ថែម​ទៀត​ផង។​ ​សម្ផស្ស​រំលឹក​បន្ត​ពី​អតីត​កាល​នៅ​ថ្ងៃ​ដំបូង​ដែល​ខ្លួន​ឈាន​ជើង​ដល់​ទឹកដី​សាកល​វិទ្យាល័យ​មួយ​នេះ​។​

​«[ពេល​ឈាន​ជើង​ចូល​មក​]គឺ​ចង់​រៀន​តែ​ម្តង​ព្រោះ​អ្នក​ចូល​ក្នុង​សាលា​ហ្នឹង​ សុទ្ធ​តែ​ជា​អ្នក​មាន​ទេព​កោសល្យ​សិល្បៈ ​ហើយ​មក​សាលា​ហ្នឹង​ មាន​អារម្មណ៍​ថា​ឈរ​នៅទីតាំង​មួយ​ដែល​ពោរពេញ​ដោយ​ដួង​ព្រលឹង​សិល្បៈ​ ព្រោះ​សាលា​ហ្នឹង​មិន​មែន​ទើប​តែ​កើត​ទេ ​បម្រើ​សិល្បៈ​ បណ្តុះ​បណ្តាល​ផ្នែក​សិល្បៈ​ជិត​១០០​ឆ្នាំ​។​ ចឹង​យើង​មាន​អារម្មណ៍​ថា​កក់ ក្តៅ​ចង់​រៀន​នៅ​ហ្នឹង​។ ​

ជា​មួយ​គ្នា​នេះ​ដែរ​និស្សិតឆ្នាំ​ទី​៤​ នៃ​មហា​វិទ្យា​ល័យ​ស្ថាបត្យកម្ម​ ​គឺ​កញ្ញា​ អាន ខេមា​ ​យល់​ថាការសិក្សា​មុខ​ជំនាញ​វប្បធម៌​ក្នុង​បរិយាកាស​សិក្សា​បុរាណ​បែប​នេះ​ វា​អាច​ជួយ​ខេមា​ យល់​កាន់​តែ​ច្បាស់​អំពី​ម៉ូដ​ ឬ​ចម្លាក់​ដែល​សល់​ពី​សម័យ​បុរាណ។​

​«សាលា​យើង​ សាលា​វប្បធម៌​ ចឹង​រៀន​នៅ​កន្លែង​ដែល​មាន​របស់​សល់​ពី​ជំនាន់​មុន​មក​ វា​ល្អ។ វា​ល្អ​ជាង​ដូរ​ទៅ​កន្លែង​ថ្មី។​ ​កន្លែង​ថ្មី ស្អី​ក៏​ថ្មី​ដែរ ចឹង​កូន​សិស្ស​ថ្មីៗ​ចូល​មក​ ឃើញ​តែ​របស់​ថ្មី​ អត់​ឃើញ​របស់​ចាស់​ផង​ហ្នឹង​។​ ​ហើយ​អ្នក​ដែល​ខំ​កសាង​ពី​មុន​មក​ គេ​ក៏​មាន​អារម្មណ៍​ថា​សោក​ស្តាយ​ដែរ ខ្ញុំ​ជឿ​ថា​ចឹង​។​ ហើយ​បើ​កន្លែង​ថ្មី​ហ្នឹង​ល្អ​ចឹង វា​មិន​អី​ទេ ខ្លាច​តែ​វា​អត់​ល្អ​ចឹង​ទៀត​។​ ​ពេល​ចេញ​ពី​រៀន​ចឹង​ទៅ ​អង្គុយ​នៅ​នឹង​ គូស​រូប​សឹង​គ្រប់​ជ្រុង​អស់​ហើយ​សាលា​ហ្នឹង​»​។​

ជា​ទូទៅ​ ​គេ​តែង​តែ​មើល​ឃើញ​ថា​សាកល​វិទ្យាល័យ​នេះ​ និងសារមន្ទីរ​ជាតិ ជា​មណ្ឌល​ពីររួម​ជាប់​គ្នា​ ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​ ​ និង​ផ្សព្វផ្សាយ​វប្បធម៌​សិល្បៈ​ខ្មែរ​។​ ​មណ្ឌល​ទាំង​ពីរ​នេះ​ ​ជា​និច្ចកាល​តែង​តែ​ជា​ដៃគូគ្នា​ទាំង​អត្ត​សញ្ញាណ​វប្បធម៌​ ទាំង​ទីតាំង​ដែល​ធ្លាប់​តែនៅ​ជាប់​គ្នា​។​

លោក​ ថៃ​ នរៈ​សត្យា​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ​ អះ​អាង​ថានឹង​មិន​មាន​ការ​ដោះដូរ​ ឬ​ជួញ​ដូរ​ជា​មួយ​ក្រុម​ហ៊ុន​ឯកជន​ណាមួយ​ឡើយ​ ​ពោល​គឺ​ការ​ផ្លាស់​ប្តូរ​នេះ​ គឺ​ដើម្បី​ពង្រីក​សារមន្ទីរ​ជាតិ​ឱ្យ​កាន់​តែ​មាន​វិសាលភាព​ធំជាងមុន​និង​ដើម្បី​កែប្រែ​មុខមាត់​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ឱ្យកាន់​តែ​ប្រសើរ​ជាង​មុន។

«ហើយ​ទីតាំង​ចាស់​នេះ យើងទុក​វា សូម្បី​តែ​ក្បឿង​តែ​មួយ​សរសៃ​ក៏​យើង​អត់ប៉ះ​វា​ដែរ សូម្បី​តែ​អគារ​ក៏​ជា​ផ្នែក​មួយ​នៃ​សារមន្ទីរ​ដែរ ហើយ​ក្នុង​ហ្នឹងថ្នាក់​ដឹកនាំ​ក្រសួង​វប្បធម៌ប្រាកដ​ជា​មិន​ជាន់ឈ្លី​អតីតភាព​របស់​សាលា​រចនា​ ​ឬ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ។​ ខ្លះ​ទៅជា​រោងជាង​ ខ្លះ​ទៅជា​កន្លែង​ជួល​ឱ្យ​គេលក់​កាហ្វេ។ ​អតីតភាព​ខ្ញុំជឿ ក៏ប៉ុន្តែអតីតភាព​ដែល​ផ្សាភ្ជាប់​នឹង​ភាព​ក្រីក្រ​ សោកនាដកម្ម​សព្វ​គ្រប់​បែប​យ៉ាង​ ដែល​មើល​ទៅពិបាក​ភ្នែក​ពេក​ ​យើង​គួរ​តែ​ថែ​រក្សា​ទុក ឬ​មិន​គួរ​ថែរក្សា​ទុក​? តែ​ប្រាកដ​ណាស់​ថានឹង​មិន​មាន​ការ​បោះបង់​ចោល​នូវ​អ្វី​ដែល​ជា​សម្បត្តិ​វប្បធម៌​យើង។ នេះ​ហើយ​ជា​ការ​អភិរក្ស»។​

លោក​បុង សុវត្ថិ​ សាកល​វិទ្យា​ធិការ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ បដិសេធ​មិន​ផ្តល់​ការ​បក​ស្រាយ​អ្វីទាំង​អស់​ ដោយ​លោក​បង្វែរ​សំណួរ​ទៅ​កាន់ក្រសួង​វប្បធម៌​វិញ។​

លោក​បុង សុវត្ថិ៖ «ខ្ញុំ​អត់អាច​ឆ្លើយបាន​ទេ សុំ​សួរ​ក្រសួង​ទៅ​»​។

​ក្រៅពី​ការសោកស្តាយ​ចំពោះ​វ័យដ៏​ចំណាស់​នៃ​ទីតាំង​នេះ​និង​ឧត្តមភាព​ខាង​វប្បធម៌​ តម្លាភាព​ក្នុង​ការ​អនុវត្ត​គម្រោង​កន្លង​មក​ក៏​ជាការព្រួយ​បារម្ភ​មួយ​ដែរ។​

លោក​ កែម ឡី​ អ្នក​ស្រាវជ្រាវ​និងវិភាគ​សង្គម​ហាក់​ដូចជា​មិន​មាន​ទំនុក​ចិត្ត​ចំពោះ​ការ​ផ្លាស់​ប្តូរ​ទី​តាំង​របស់​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​នេះ​ឡើយ​ ​ដោយ​ហេតុ​ថា​ តាម​ការ​សង្កេត​មើល​របស់​លោក​ផ្ទាល់​ បម្លាស់​ទីតាំង​របស់​ស្ថាប័ន​សាធារណៈ​ ឬ​ស្ថាប័ន​រដ្ឋ​កន្លង​មក​ ជា​រឿយៗ​មិន​មាន​ឡើយ​នូវ​ការ​អភិរក្ស​ស្ថាប័ន​ទាំង​នោះ។

​«ខ្ញុំ​មិន​មើល​ឃើញ​វិជ្ជមាន​ទេ។​ បើ​សម្រាប់​ខ្ញុំ​វិញ មិន​មែន​ជា​ជម្រើស​ល្អ​ទេ​ដែល​ លក់​អគារ​រដ្ឋ វាយ​ទី​ស្តីការគណៈរដ្ឋ​មន្ត្រី វាយ​ក្រសួង​សុខភិបាលចោល​ សាលា​វិចិត្រ​សិល្បៈ​នេះ​ទៀត ខ្ញុំ​មាន​ការ​សោក​ស្តាយណាស់​ដោយ​សារ​ខ្ញុំ​ចង់​អភិរក្ស។ តែ​អានេះ ​ ជា​លេស​របស់​រដ្ឋាភិបាល​ហ្នឹង​យូរ​ហើយ​ តាម​ពិត​នោះ។ ប្តូរ​ក្លាយ​ជាក្រុម​ហ៊ុន​ឯក​ជនហ្នឹង ​មិន​ដែល​ឃើញ​មាន​កន្លែង​ណា​មួយ​ដែល​អភិរក្ស​ទេ»។​

លោក​ កែម ឡី​ ​បន្ថែមថា៖

​«ខ្ញុំ​ឧទាហរណ៍​អគារ​របស់​ក្រសួង​សុខាភិបាល​ មន្ទីរ​ពេទ្យ​ ​មជ្ឈមណ្ឌល​លើក​កម្ពស់​សុខភាព​ អគារ​ក្រសួង​ទេសចរណ៍​ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ ​ រោង​កុន​អ្វី​សុទ្ធ​តែ​ត្រូវ​ការ​អភិរក្ស​ ក៏ប៉ុន្តែ​គ្រប់កន្លែង​ទាំង​អស់​សុទ្ធ​តែ​ប្រែ​ប្តូរ​ជា​កន្លែង​ជំនួញ​របស់​អ្នក​ជំនួញ​»។​

នេះ​មិន​មែន​ជា​លើក​ទី​មួយ​នេះ​ទេ​ ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទីតាំង​របស់​ស្ថាប័ន​រដ្ឋ​ ឬ​ ស្ថាប័ន​សាធារណៈ​នោះទេ។​ នាប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ មាន​ការ​ផ្លាស់​ប្តូរ​ទីតាំងក្រសួង​ អគារសាធារណៈ​ និង​ ស្ថាប័ន​រដ្ឋបាល​ជា​ច្រើន​ ចេញ​ពីទីតាំង​សំខាន់ៗ​ នា​កណ្តាល​ទីក្រុង​ទៅ​ នៅ​ជាយ​រាជ​ធានី​ភ្នំពេញ​តាម​រយៈរូបភាព​នៃ​ការផ្លាស់ប្តូរ​និង​លក់​ផង​ដែរ៕

XS
SM
MD
LG