ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

«Tuk-Tuk» កែ​ច្នៃ​ថ្មី​ផ្តល់​ឱកាស​ធ្វើ​ដំណើរ​​​មិន​ធ្លាប់​មាន​ដល់​ជន​ពិការ​

  • ហ៊ាន សុជាតា

រ៉ឺម៉កកង់បី​សម្រាប់​ជនពិការ​ ឬ​ហៅថា​ Mobilituk ​ត្រូវ​បាន​កែច្នៃ​ជា​លើកដំបូង​ដោយ​អង្គការ​ Agile Development Group ​ដើម្បី​ជួយ​សម្រួល​ឲ្យ​ជនពិការ​អាច​ធ្វើដំណើរ​ទៅ​កាន់​កន្លែង​ផ្សេងៗ​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/ VOA)

រ៉ឺម៉ក​កង់​បី​សម្រាប់​ជន​ពិការ​ ឬ​ដែល​គេ​ហៅ​ថា​ Mobilituk ​គឺ​ជា​រ៉ឺម៉ក​កង់​បី​ដែល​ត្រូវ​បាន​កែ​ច្នៃ​ឡើង​ដោយ​ត​ភ្ជាប់​ជាមួយ​ជម្រាល​បន្ទះ​​ដែក​ ដែល​បាន​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់​អាច​រុញ​កៅ​អី​ជន​ពិការ​ឡើង​ ឬ​ចុះ​​បាន។​​

មធ្យោបាយ​ធ្វើ​ដំណើរ​ គឺ​ជា​បញ្ហា​ដ៏​លំបាក​មួយ​សម្រាប់​ជន​ពិការ​ ដូចជា​ម៉ារី។​ ជា​ទូទៅ​ពួកគេត្រូវ​ពឹង​ផ្អែក​លើ​អ្នក​ដទៃ​ដើម្បីរុញ​កៅអី​សម្រាប់​ជនពិការ​ និង​ត្រឹម​តែ​អាច​ធ្វើ​ដំណើរ​ទៅ​ទីតាំង​ជិតៗ​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ​ ការ​លំបាក​ចំពោះ​ការ​ធ្វើ​ដំណើររបស់​ ម៉ារី ហាក់​មាន​ភាព​ធូរ​ស្បើយ​ នៅ​ពេល​មាន​ការ​កែច្នៃ «រ៉ឺម៉ក​កង់​បី​សម្រាប់​ជន​ពិការ»នេះ។​

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល ​រស្មី​ ម៉ារី​ មាន​ឱកាស​អាច​ធ្វើ​ដំណើរ​ចេញ​ពីផ្ទះ​របស់​នាង​ ក្រោយ​រយៈពេល​ជិត​១០​ឆ្នាំ​ ដែលម៉ារី​ធ្លាប់​តែ​គេង​នៅ​លើ​គ្រែ​ក្នុង​ផ្ទះ​ នៅ​ឯ​កោះ​ឧកញ៉ាតី​ ក្នុង​ខេត្ត​កណ្តាល។

បន្ទាប់​ពី ​ម៉ារី​ បានពិនិត្យ​សុខភាព​នៅ​ឯ​មន្ទីរ​ពេទ្យមួយឯ​ជាយ​រាជធានី​ភ្នំពេញ ​យុវតី​ រស្មី​ ម៉ារី​ និង​ក្រុម​គ្រួសារ​ បាន​ធ្វើ​ដំណើរ​កម្សាន្ត​ជុំវិញ​រាជធានី​ភ្នំពេញ​ ដោយ «រ៉ឺម៉ក​កង់​បី​សម្រាប់​ជនពិការ»។​

រ៉ឺម៉ក​កង់​បី​សម្រាប់​ជន​ពិការ​ ឬ Mobilituk ​គឺ​ជា​រ៉ឺម៉ក​កង់​បី​ដែល​ត្រូវ​បាន​កែ​ច្នៃ​ឡើង​ដោយ​ត​ភ្ជាប់​ជាមួយ​ជម្រាល​បន្ទះ​ដែក​ ដែល​អាច​ឲ្យអ្នក​ប្រើ​ប្រាស់​រុញ​កៅ​អី​ជន​ពិការ​ឡើង​ ឬ​ចុះបាន​ដោយ​ងាយស្រួល។

លោក​ស្រី​ ឃឹម​ វី​ វ័យ​៤៧​ឆ្នាំ​ ជា​ម្តាយ​របស់​ ម៉ារី​ ថ្លែង​ថា​ បើ​គ្មាន​រ៉ឺម៉ក​កង់​បី​សម្រាប់​ជន​ពិការ​នោះ​ទេ​ លោកស្រី​ពុំ​មាន​លទ្ធភាព​នាំ​ម៉ារី​ដើរ​កម្សាន្ត​ជុំ​វិញ​ទី​ក្រុង​ភ្នំពេញ​នោះ​ឡើយ។

យុវតី​ រស្មី​ ម៉ារី​ និង​ម្តាយ ​លោកស្រី​ ឃឹម វី​ ​បាន​ប្រើប្រាស់​សេវា​រ៉ឺម៉កកង់បី​សម្រាប់​ជនពិការ​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៦​។ (ហ៊ាន សុជាតា​/ VOA)
យុវតី​ រស្មី​ ម៉ារី​ និង​ម្តាយ ​លោកស្រី​ ឃឹម វី​ ​បាន​ប្រើប្រាស់​សេវា​រ៉ឺម៉កកង់បី​សម្រាប់​ជនពិការ​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៦​។ (ហ៊ាន សុជាតា​/ VOA)

លោកស្រី​ថ្លែង​ប្រាប់ VOA ថា៖​

«ស្រួល។ សប្បាយ។ ឃើញ​ដាក់​ចឹង​ទៅ ​វា​ស្រួល​រុញ​ឡើង​ចឹង។ យើង​លើក​តា៎​វា​ដាក់​ពី​ដី​ រុញ​វា​ឡើង​មក​វា​ស្រួល»។

ជា​កូន​កសិករ​ក្រីក្រ​ដែល​មាន​បង​ប្អូន​៣​នាក់​ យុវតី​ រស្មី​ ម៉ារី​ វ័យ១៨​ឆ្នាំ​រូប​នេះ​ បាន​ក្លាយ​ជា​ជន​ពិការ​តាំង​ពី​នាង​មាន​អាយុ​ ៦​ខែ​មក​ម្ល៉េះ​ ពោល​គឺ​ចាប់​តាំង​ពី​ ​ម៉ារី ​ឈឺ​ធ្ងន់​ម្តង​កាល​ពីនាង​នៅ​តូច។​ បន្ទាប់​ពី​ម៉ារី​ គ្រប់​អាយុ​១០​ឆ្នាំ​មក​ ក្រុម​គ្រួសារ​ ម៉ារី​ មិន​អាច​នាំ​ ម៉ារី ​ចេញ​មក​ក្រៅ​ផ្ទះ​ដោយ​ម៉ូតូ​បាន​ដូច​មុន​ទៀត​ឡើយ។

«និយាយ​ទៅ​តាំង​ពី​តូច​ដល់​ពេល​ធំ​ឡើង​ទៅ​ លើក​អត់​រួច​ លែង​យក​ទៅ។ ណា​មួយ​ វា​ពិបាក​អត់​សាហ៊ុយ។ អត់​ដែល​ទៅ​ណា​សោះ​ នៅ​តែ​ផ្ទះ​ ពិបាក​ជិះ​ម៉ូតូ​ ជើង​វា​បាស់​រហូត។ ធ្លាប់​បង​វា​ឌុប​ទៅ​ ដួល​ម៉ូតូ​ គេ​ឈប់​រហូត​ទៅ»។

រ៉ឺម៉ក​កង់​បី​សម្រាប់​ជន​ពិការ ឬ Mobilituk ​ត្រូវ​បាន​កែ​ច្នៃជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៦​ ​ដោយ​អង្គការ ​Agile Development Group ​ដើម្បី​ជួយសម្រួល​ឲ្យ​ជន​ពិការ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ផ្សេងៗ​បាន។

លោក​ Keogh Johnston ជា​វិស្វករ​នៃ​អង្គការ ​Agile Development Group ថ្លែង​ថា រ៉ឺម៉ក​កង់​បី​សម្រាប់​ជន​ពិការ​នេះ​ បាន​ជួយ​សម្រួល​ជន​ពិការ​នៅ​កម្ពុជា​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ដែល​ជន​ពិការ​មិន​ធ្លាប់​បាន​ទៅ​ពី​មុន។

វិស្វករ​រូប​នេះ​ថ្លែង​ប្រាប់ VOA ថា៖

«ខ្ញុំ​បាន​មើល​ឃើញ​នូវ​លទ្ធផល​វិជ្ជមាន​ដែល​កើត​មាន​ចំពោះ​ជន​ពិការ។ ​នៅ​ពេល​ដែល​យើង​មើល​ឃើញ​នរណា​ម្នាក់​មិន​ធ្លាប់​មាន​ឱកាស​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង​ ឬ​ទៅ​កាន់​ផ្សារ​ទំនើប​ ហើយ​ពេល​នេះ​ពួកគេ​អាច​ធ្វើ​ដំណើរ​តាម​តុ​តុ​ (tuk-tuk) បាន។​ អ្នក​ដឹង​ទេ​ថា​ ភាព​រីករាយ​ដែល​យើង​មើល​ឃើញ​ពួកគេ​សប្បាយ​ចិត្ត​ក្នុង​ការ​ធ្វើ​ដំណើរ​នោះ​ វា​រិត​តែ​បាន​ជំរុញ​ឲ្យ​យើង​ចង់​ធ្វើ​អ្វី​បន្ថែម​ទៀត​ម្រាប់​ពួក​គេ»។

យោង​តាម​ក្រសួង​សង្គមកិច្ច​ ជន​ពិការ​នៅ​កម្ពុជា​មាន​ជាង ​៥០​ម៉ឺន​នាក់ ​គិត​ត្រឹម​ចុង​នៅ​ឆ្នាំ​២០១៥។​ រី​ឯ​របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB) ​បាន​ឲ្យ​ដឹង​ថា ​ជន​ពិការ​នៅ​ប្រទេស​កម្ពុជា ​ទាំង​ជន​ពិការ​កាយ​សម្បទា​ និង​ពិការ​ផ្នែក​ស្មារតី​ មាន​ប្រមាណ​ជា​១០ ​ទៅ​១៥​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប។​

​មធ្យោបាយ​ធ្វើ​ដំណើរ​នៅ​តែ​ជា​បញ្ហា​ដ៏​លំបាក​មួយ​សម្រាប់​ជន​ពិការ​ ដូច​ជា​ ម៉ារី។​ ជា​ទូទៅ​ពួកគេ​ត្រូវ​ពឹង​ផ្អែក​លើ​អ្នក​ដទៃ​ ដើម្បី​ធ្វើ​ដំណើរ​ដោយ​កៅអីរុញ​សម្រាប់​ជនពិការនោះ។

មុន​ពេលរ៉ឺម៉ក​កង់​បី​សម្រាប់​ជន​ពិការ​ លេច​ចេញ​ជា​រូបរាង​ បើ​ទោះ​ជា​ជន​ពិការ​នៅ​កម្ពុជា​អាច​ធ្វើ​ដំណើរ​តាម​រ៉ឺម៉ក​កង់​បី​ធម្មតា​ក្តី ​ក៏​ប៉ុន្តែ​វា​មិន​ងាយ​ស្រួល​នោះ​ទេ។ អ្នក​បើ​ក​រ៉ឺម៉ក​កង់​បី ត្រូវ​លើក​ជន​ពិការ​ចេញ​ពី​កៅអី​រុញ​ទៅ​ដាក់​លើ​រ៉ឺម៉ក​កង់​បីរួច​ ទើប​លើក​កៅអីរុញ​សម្រាប់​ជន​ពិការ​ដ៏​ធ្ងន់​នោះ​ដាក់​ទៅ​លើ​រ៉ឺម៉ក​តាម​ក្រោយ។

លោកស្រី​ ឃឹម​ វី​ ម្តាយ​របស់​ ម៉ារី ថ្លែង​រំលឹក​ពី​ការ​លំបាក​ នៅ​ពេល​ដែល​លោកស្រី​នាំ ​ម៉ារី ​ចេញ​ក្រៅ​ផ្ទះ​ម្តងៗ​យ៉ាង​ដូច្នេះ៖

«ពិបាក​លើក​វា​ទៀត។ វា​ធ្ងន់​ តែ​ឯង​លើក​អត់​រួច។ ចង់​លើក​ត្រូវ​មាន​គ្នា​២​នាក់។ ពី​មុន​មក​អត់​មាន​រទេះ​ចឹង​ ត្រូវ​ទប់​វា។ មាន​២​នាក់​សង​ខាង។ តែ​ឯង​ពិបាក​ទៀត»។​

លោកស្រី​ ឃឹម​ វី​ រៀបរាប់​ទាំង​អួល​ដើម​ករ ​នឹក​អាណិត​ ម៉ារី​ ដែល​ជា​រឿយៗ​នៅ​តែ​ផ្ទះ​ និង​មិន​មាន​ ឱកាស​ទៅ​ណា​មក​ណា​ ដូច​កូន​ដទៃ​របស់​លោកស្រី និង​ក្មេងៗ​នៅ​ក្បែរ​ផ្ទះ។

«ធម្មតា​អាណិត​កូន​ ដូច​ថា ​គ្នា​នៅ​តែ​មួយ​កន្លែង​ចឹង​ គ្នា​តប់​ប្រមល់​ មិន​បាន​ដើរ​ទៅ​ណា​មក​ណា។ ឃើញ​គេ​ទៅ​ដើរ​លេង​ ហើយ​គ្នា​នៅ​តែ​លើ​គ្រែ។ ឃើញ​ក្មេងៗ​ដើរ​កាត់​ទៅ​ ក៏​ងាក​មើល​ ក្មេងៗ​វា​លេង​នៅ​ជិត​ហ្នឹង»។

ក៏​ប៉ុន្តែ ការ​លំបាក​ចំពោះ​ការ​ធ្វើ​ដំណើររបស់​ ម៉ារី ហាក់​មាន​ភាព​ធូរ​ស្បើយ​ នៅ​ពេល​មានរ៉ឺម៉ក​កង់​បី​សម្រាប់​ជន​ពិការ​នេះ។​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ ម៉ារី​ និង​ម្តាយ​បាន​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរ​ពេទ្យ ទៅ​ទស្សនា​ព្រះ​បរមរាជវាំង​ វិមាន​ឯករាជ្យ​ និង​ផ្សារ​ទំនើប​នានា​ ដូច​ជា​ផ្សារអ៊ីអន​ (Aeon) ជា​ដើម។​

រ៉ឺម៉ក​កង់​បី​សម្រាប់​ជន​ពិការ​នេះ​ មាន​ចំនួន​៥​គ្រឿង​ក្នុង​រាជធានី​ភ្នំពេញ។​ ថ្មីៗ​នេះ​ អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ​ និង​អង្គការ​ Agile Development Group ​កំពុង​សហការ​គ្នា​ដើម្បី​បង្កើន​ចំនួន​រ៉ឺម៉ក​កង់​បី​សម្រាប់​ជន​ពិការ​ នៅ​តាម​បណ្តា​ខេត្ត​ដែល​មាន​ជន​ពិការ​ច្រើន។

លោក កែវ សារ័ត្ន​ វ័យ​៤៥​ឆ្នាំ​ ជា​អ្នក​បើក​រ៉ឺម៉ក​កង់​បី​សម្រាប់​ជន​ពិការ​ ថ្លែង​ថា​ កន្លង​មក​ លោក​ផ្ទាល់តែង​មាន​អារម្មណ៍​អាណិត​ដល់​ជន​ពិការ​ទាំង​នោះ​ ហើយ​ពេល​នេះ​លោក​មាន​ឱកាស​ជួយ​ពួកគេ​ឲ្យ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ដែល​ពួក​គេ​ចង់​ទៅ​បាន។

លោក​ថា​ រយៈ​ពេល​១ខែ​បន្ទាប់ពីមាន រ៉ឺម៉ក​កង់​បី​របស់​លោក​ ក្លាយ​ជា​រ៉ឺម៉ក​កង់បី​សម្រាប់​ជន​ពិការ​មក លោក​ទទួល​បាន​អតិថិជន​ ជា​ជន​ពិការ​ចំនួន​២​នាក់​ហើយ​ គិត​ទាំង​ ម៉ារី ​នោះ។ លោក​បន្ត​ថា អ្នក​បើក​រ៉ឺម៉ក​កង់​បី​ដទៃ​ទៀត​ ក៏​ចាប់​អារម្មណ៍​ចង់​កែច្នៃ​រ៉ឺម៉ក​របស់​ពួកគេ​ឲ្យ​ទៅ​ជា​រ៉ឺម៉ក​កង់​បី​សម្រាប់​ជន​ពិការ ឬ Mobilituk ​ផង​ដែរ។

លោក កែវ សារ័ត្ន​ បញ្ជាក់​ប្រាប់ VOA ថា៖

«បងប្អូន​ជន​ពិការ មាន​អី​ គេ​មាន​អារម្មណ៍​ថា​ សុខ​សប្បាយ​ គេ​សប្បាយ​ចិត្ត​ ស្រួល​ចិត្ត​ វា​ស្រួល​ជាង​ឡាន​ ស្រួល​ជា​ង​អី។​ ជួយ​ជាតិ​ចឹង​ទៅ​ ជួយ​ជន​ពិការ​ គ្នា​ទៅ​ណា​អត់​បានៗ​ អាច​ចេញ​ដើរ​លេង​កម្សាន្ត​ទៅ​ណា​បាន»។

លោកស្រី​ ឃឹម វី​ ឲ្យ​ដឹងថា​ មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ ម៉ារី​ ហាក់​មាន​សុខភាព​ល្អ​ និង​ស្រស់​ស្រាយ​ជាង​មុន។ ហើយ​ ម៉ារី​ ថែម​ទាំង​ទទូច​ឲ្យ​ម្តាយ​នាំ​ខ្លួន​ចេញ​មក​ក្រៅ​ថែមទៀត​ផង៕​

XS
SM
MD
LG