ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់មតិ​ទ្រង់ទ្រាយ​ធំ​ដំបូង​បង្អស់​បង្ហាញ​ពី​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា​ទៅ​លើ​រដ្ឋាភិបាល​លោកស្រី អង់សាន ស៊ូជី


លោកស្រី អង់សាន ស៊ូជី ទីប្រឹក្សា​រដ្ឋ​របស់​មីយ៉ាន់ម៉ា​និយាយ​ជាមួយ​នឹង​មនុស្ស​ចាស់ៗ​នៅ​ក្នុង​សន្និសីទ​ស្តី​ពី​សន្តិភាព​នៅ​ក្នុង​ភូមិ May Tain Kan កាលពី​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧។
លោកស្រី អង់សាន ស៊ូជី ទីប្រឹក្សា​រដ្ឋ​របស់​មីយ៉ាន់ម៉ា​និយាយ​ជាមួយ​នឹង​មនុស្ស​ចាស់ៗ​នៅ​ក្នុង​សន្និសីទ​ស្តី​ពី​សន្តិភាព​នៅ​ក្នុង​ភូមិ May Tain Kan កាលពី​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧។

រដ្ឋាភិបាល​របស់​លោកស្រី​ អង់សាន ស៊ូជី​ បាន​ទទួល​មតិ​យោបល់​វិជ្ជមាន​ផង និង​អវិជ្ជមាន​ផង​ នៅ​ក្នុង​ការ​ស្ទង់មតិ​ជា​សាធារណៈ​ដំបូង​ធំ​ជាង​គេ​បង្អស់​មួយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ចាប់​តាំង​ពី​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ (NLD) របស់​លោកស្រី​បាន​ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ​ជាង​មួយ​ឆ្នាំ​មក​នេះ។

ដោយ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី០៩ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី០១ ខែ​មេសា ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ស្ទង់មតិ​មីយ៉ាន់ម៉ា​ ក្រោម​ដំបូល​វិទ្យាស្ថាន​អន្តរជាតិ​សាធារណរដ្ឋ​ (IRI) មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ការ​ស្ទង់មតិ​នោះ​បាន​សួរ​ទៅ​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​នៅ​ក្នុង​តំបន់​ និង​រដ្ឋ​ផ្សេងៗ​ចំនួន​១៥។

​លទ្ធផល​នៃ​ការ​ស្ទង់មតិ​ដែល​ត្រូវ​បាន​ចុះផ្សាយ​កាល​ពី​ថ្ងៃ​ទី២២ ខែ​សីហា នៅ​ក្រុង​រ៉ង់ហ្គូន មាន​ភាព​លាតត្រដាង​ជាង​មុន នៅ​ពេល​ប្រៀបធៀប​ជាមួយ​នឹង​លទ្ធផល​ពី​ការ​ស្ទង់មតិ​ស្រដៀង​គ្នា​នេះ​ដោយ​វិទ្យាស្ថាន​អន្តរជាតិ​សាធារណរដ្ឋ​ ធ្វើ​ឡើង​ក្រោម​រដ្ឋបាល​គាំទ្រ​ដោយ​យោធា របស់​លោក​ប្រធានាធិបតី​ Thein Sein ក្នុង​ឆ្នាំ ២០១៤។ លទ្ធផល​បាន​បង្ហាញ​ថា រដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន​មិន​ធ្វើ​បាន​ល្អ​ប៉ុន្មាន​ទេ​បើ​ធៀប​នឹង​រដ្ឋបាល​មុន។

មនុស្ស​តិច​ជាង​មុន​គិត​ថា មីយ៉ាន់ម៉ា​ឆ្ពោះ​ទៅ​មុខ​នៅ​ក្នុង​ទិសដៅ​ត្រឹមត្រូវ

ជា​ឧទាហរណ៍ អ្នក​ឆ្លើយ​តប​៨៨​ភាគរយ​និយាយ​ថា ប្រទេស​មីយ៉ាន់ម៉ា​កំពុង​បោះជំហាន​នៅ​ក្នុង​ទិសដៅ​ត្រឹមត្រូវ​មួយ​ក្នុង​ឆ្នាំ ២០១៤ ធៀប​នឹង​លទ្ធផល​នៃ​ការ​ស្ទង់មតិ​ថ្មី​ដែល​មាន​៧៥​ភាគរយ។ អ្នក​ឆ្លើយតប​ប្រមាណ​៧៣​ភាគរយ បាន​សរសើរ​ពី​ស្ថានភាព​សេដ្ឋកិច្ច​ថា «ល្អ​មធ្យម» នៅ​ក្នុង​ឆ្នាំ ២០១៤ ធៀប​នឹង​៥៣​ភាគរយ​នា​ពេល​បច្ចុប្បន្ន។ នៅ​ពេល​សួរ​ថា​តើ​រដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន​កំពុង​តែ «ធ្វើ​ការងារ​ល្អ» ឬទេ អ្នក​ឆ្លើយ​តប ៥៨​ភាគរយ​បាន​យល់ស្រប ប៉ុន្តែ​ចំនួន​នេះ​បាន​ធ្លាក់​ចុះ​ពី​៦៩​ភាគរយ​កាល​ពី​បី​ឆ្នាំ​មុន។

លទ្ធផល​ការ​ស្ទង់មតិ​ឆ្នាំ ២០១៤ បាន​ធ្វើ​ឲ្យ​អ្នក​សង្កេតការណ៍​មួយ​ចំនួន​ភ្ញាក់ផ្អើល ដោយសារ​តែ​អ្នក​សង្កេតការណ៍​ទាំង​នោះ​ធ្លាប់​គិត​ថា លទ្ធផល​នេះ​បំផ្លើស​ការ​គាំទ្រ​ទៅ​លើ​យោធា។

ទោះបី​យ៉ាង​ណា​ក៏ដោយ ចំនួន​នោះ​មិនមែន​ជា​តួលេខ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ។ ទោះ​បី​ជា​ប្រទេស​មីយ៉ាន់ម៉ា​កំពុង​ប្រឈម​នឹង​ជម្លោះ​នៅ​គ្រា​នោះ​ក៏ដោយ ក៏​លោក Thein Sein បាន​ដឹកនាំ​កំណែ​ទម្រង់​ដ៏​គួរ​ឲ្យ​ស្វាគមន៍​នានា ដែល​រួម​មាន​ការ​បញ្ឈប់​ការ​រឹតត្បិត​មុន​ការ​ចុះផ្សាយ​ ការ​ដោះលែង​អ្នក​ទោស​នយោបាយ និង​ការ​ពង្រីក​ការ​ប្រើប្រាស់​អ៊ិនធឺណិត ដោយ​បង្ហាញ​ពី​ភាព​ផ្ទុយ​ស្រឡះ​មួយ​ពី​សម័យកាល​ដឹកនាំ​ដោយ​យោធា។

ប៉ុន្តែ​យោធា​នៅ​តែ​រក្សា​ការ​គ្រប់គ្រង​មួយ​ភាគ​ធំ​នៅ​តាម​ក្រសួង​ និង​រដ្ឋសភា តាមរយៈ​រដ្ឋ​ធម្មនុញ្ញ។ ហើយ​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​មួយ​ចំនួន​បាន​លើកឡើង​ថា ជ័យជម្នះភ្លូកទឹកភ្លូកដី​នៃ​ការ​បោះឆ្នោត​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ​២០១៥ បាន​នាំ​ឲ្យ​មាន​ក្តី​សង្ឃឹម​មិន​ពិតប្រាកដ​មួយ​ថា ប្រទេស​មីយ៉ាន់ម៉ា​នឹង​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស នៅ​ពេល​លោក​ស្រី​ អង់សាន ស៊ូជី​ ចូល​ដឹកនាំ។ មួយ​ឆ្នាំ​បន្ទាប់​មក ការ​ពិត​មិន​មែន​ដូច្នោះ​ទេ។

លោក Darin Bielecki មន្ត្រី​គ្រប់គ្រង​កម្មវិធី​របស់​វិទ្យាស្ថាន​អន្តរជាតិ​សាធារណរដ្ឋ​ បាន​និយាយ​ថា សំណួរ​ដែល​បាន​ចោទ​ឡើង​នៅ​ក្នុង​ការ​ស្ទង់មតិ​បាន​គ្របដណ្តប់​លើ​បញ្ហា​នានា​យ៉ាង​ទូលំទូលាយ ដូចជា​បញ្ហា​សេដ្ឋកិច្ច​សង្គម ប្រព័ន្ធ​ផ្សព្វផ្សាយ​ ស្វ័យភាព​តំបន់ ធនធាន​ធម្មជាតិ និង​សភា​ថ្នាក់​រដ្ឋ។

លោក​បាន​មាន​ប្រសាសន៍​ថា៖

«យើង​បាន​ស្ទង់មតិ​ប្រជាពលរដ្ឋ ៣០០០​នាក់​នៅ​ទូទាំង​ប្រទេស ដែល​នេះ​ជា​ចំនួន​សំណាក​ដ៏​ច្រើន»។

ការ​ស្ទង់មតិ​បាន​បង្ហាញ​ពី​ភាព​ខុសគ្នា​រវាង​ការយល់ឃើញ​នៅ​ក្នុង​ស្រុក​និង​ការ​យល់ឃើញ​ជា​អន្តរជាតិ។

ចង់​បាន​ការ​ផ្តោត​ជា​អាទិភាព​លើ​សេដ្ឋកិច្ច

លោកស្រី អង់សាន ស៊ូជី បាន​ប្រឈម​មុខ​ជាមួយ​នឹង​ការ​រិះគន់​ចំពោះ​ការ​មិន​និយាយ​ការពារ​សិទ្ធិ​មនុស្ស​និង​ក្រុម​ជនភាគតិច។ ប៉ុន្តែ​នៅ​ក្នុង​ការ​ស្ទង់មតិ អ្នក​ចូលរួម​បាន​ផ្តោតខ្លាំង​លើ​សកម្មភាព​សេដ្ឋកិច្ច​ នៅ​ពេល​ពួកគេ​ត្រូវ​បាន​សម្ភាសន៍ ដោយ​មួយ​ចំនួន​ធំ​និយាយ​ថា​ សេដ្ឋកិច្ច​គួរ​ជា​អាទិភាព​ទី​មួយ ហើយ​៦០​ភាគរយ​នៃ​ពួកគេ​ចង់បាន «ភាព​រុងរឿង» ជាង​ទម្រង់​រដ្ឋាភិបាល​បែប​ប្រជាធិបតេយ្យ។

​ទោះ​ជា​យ៉ាង​ណា​ក្តី ក៏​មាន​ចំណុច​វិជ្ជមាន​ផង​ដែរ។

អ្នក​ឆ្លើយ​តប​ជាង​៥០​ភាគរយបាន​និយាយ​ថា អ្វីៗ​បានប្រសើរ​ឡើង​ជាង​មុន «នៅក្នុង​បរិបទ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ» កាល​ពី​ឆ្នាំ​មុន ស្រប​ពេល​ដែល​អ្នកឆ្លើយតប​តែ ៣១​ភាគរយ​ប៉ុណ្ណោះ​និយាយ​ថា ស្ថានភាព​គឺ​នៅ​ដដែល ហើយ​៨​ភាគរយ​គិត​ថា ស្ថានភាព​ធ្លាក់​ចុះ​ដុនដាប​ជាង​មុន។ អ្នក​ឆ្លើយ​តប​ជាង​មួយ​ភាគ​បី បាន​និយាយ​ថា ប្រជាពលរដ្ឋ​មិនមែន​ខ្លាច​ក្នុង​ការ​បញ្ចេញ​ទស្សនៈ​នយោបាយ​នោះ​ទេ ទោះបី​ជា​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​ជាង​នេះ​បាន​និយាយ​ថា «ប្រជាពលរដ្ឋ​ភាគច្រើន​មាន​ការ​ភ័យ​ខ្លាច»។

ភាព​អត់ធ្មត់

អ្នក​ឆ្លើយតប​មួយ​ចំនួន​ក៏​បាន​និយាយ​ថា អ្នក​បោះឆ្នោត​ក៏​មាន​ភាព​អត់ធ្មត់ផង​ដែរ ដោយសារ​តែ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​កាន់​តំណែង​ទើបតែ​បាន ១៧ ខែ​ប៉ុណ្ណោះ ហើយ​ត្រូវ​រ៉ាប់រង​លើ​បញ្ហា​បន្សល់​ទុក​ពី​ការ​កាន់កាប់​ដោយ​យោធា​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ។ អ្នក​ឆ្លើយ​តប​មួយ​ភាគបី​និយាយ​ថា ពួកគេ​រំពឹង​ថា រដ្ឋាភិបាល​នឹង​ចាប់​ផ្តើម​បង្ហាញ​លទ្ធផល​នៅ​ចុង​អាណត្តិ​របស់​ខ្លួន​។

ការ​បោះឆ្នោត​ឆ្នាំ ២០១៥ ដែល​ធ្វើ​ឲ្យ​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ចូល​កាន់​តំណែង បាន​បើកផ្លូវ​ឲ្យ​មាន​អ្នកនយោបាយ​ថ្មី​ថ្មោង​នៅ​ក្នុង​សភា​ថ្នាក់​ជាតិ​និង​ថ្នាក់​តំបន់។ អាស្រ័យ​ហេតុ​នេះ គេ​ឃើញ​ថា បទពិសោធន៍​របស់​អ្នកនយោបាយ​ទាំង​នោះ​នៅ​មាន​កម្រិត​នៅ​ឡើយ។ អ្នក​ចូលរួម​ក្នុង​ការ​ស្ទង់មតិ​ជាង​៩៥​ភាគរយ​ បាន​និយាយ​ថា ពួកគេ​មិន​ដែល​ត្រូវ​បាន​អ្នក​នយោបាយ​ថ្នាក់​ជាតិ ឬ​ថ្នាក់​រដ្ឋ​ណា​ម្នាក់​ មក​សំណេះសំណាល​ជាមួយ​ឡើយ អស់​រយៈពេល​មួយ​ឆ្នាំ​មក​នេះ ខណៈ​ដែល​៨១​ភាគរយ​និយាយ​ថា ពួកគេ​នឹង​ស្វាគមន៍​ការ​មក​សំណេះសំណាល​និង​សួរ​សុខទុក្ខ។

ព័ត៌មាន​ប្រឌិត​

ការ​ស្ទង់មតិ​នេះ​ក៏​បាន​ផ្តោត​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​ដែរ ដោយ​អ្នក​ឆ្លើយ​តប​មួយ​ភាគ​ធំ​ចាត់​ទុក «ព័ត៌មាន​ប្រឌិត» ជា​អ្វី​មួយ​ដែល​ពួកគេ​មិន​ចូលចិត្ត​បំផុត​អំពី​បណ្តាញ​សង្គម​ហ្វេសប៊ុក ហើយ​អ្នកឆ្លើយ​តប​៣៨​ភាគរយ​និយាយ​ថា ពួកគេ​ទទួល​បាន​ព័ត៌មាន​ភាគច្រើន​ពី​បណ្តាញ​សង្គម។

រដ្ឋាភិបាល​របស់​លោកស្រី អង់សាន ស៊ូជី បាន​ផ្តោត​សំខាន់​ទៅ​លើ​កិច្ចពិភាក្សា​សន្តិភាព​ជាមួយ​នឹង​ក្រុម​ជនភាគតិច​ប្រដាប់​អាវុធ ហើយ​បាន​ជំរុញ​ឲ្យ​មាន​សន្តិភាព​រវាង​គ្នា​ជាមុន​សិន មុន​នឹង​ប្រកាន់​យក​គោលជំហរ​ណាមួយ។

ជម្លោះ​ជាមួយ​ក្រុម​ជនភាគតិច​និង​ដំណើរការ​សន្តិភាព​ក៏​ជា​ការ​ព្រួយបារម្ភ​ធំ​មួយ​ផង​ដែរ ប៉ុន្តែ​នៅ​តិច​ជាង​បញ្ហា​សេដ្ឋកិច្ច។

ខណៈ​ដែល​លោក​មិន​ទាន់បាន​ឃើញ​លទ្ធផល​ការ​ស្ទង់មតិ​នោះ​ផង​ លោក Nyan Win សមាជិក​មួយ​រូប​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​កណ្តាល​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​បាន​និយាយ​ថា លោក​មិន​មាន​ការ​ភ្ញាក់ផ្អើល​នោះ​ទេ ដែល​សេដ្ឋកិច្ច​ត្រូវ​បាន​ចាត់​ទុក​ជា​អាទិភាព​ចម្បង​នោះ។ លោក​បាន​បន្ថែម​ថា សេដ្ឋកិច្ច​គឺ​ជា «អ្វី​សំខាន់​ជាង​គេ​បង្អស់​សម្រាប់​ប្រទេស​របស់​យើង»។

ប៉ុន្តែ​លោក​ក៏​បាន​លើកឡើង​ផង​ដែរ​ថា ការ​បញ្ឈប់​ជម្លោះ​គឺ​ជា​អាទិភាព​ចម្បង។ លោក​បាន​មាន​ប្រសាសន៍​ថា៖

«នៅ​ក្នុង​ឆ្នាំ​ទី​មួយ​នៃ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល អាទិភាព​ចម្បង​របស់​ពួកគេ​គឺ​ដំណើរការ​សន្តិភាព និង​ជំនួប​ដើម្បី​ពិភាក្សា​អំពី​សន្តិភាព។ ពួកគេ​មិន​អាច​ទុក​សេដ្ឋកិច្ច​ចោល​ទេ ប៉ុន្តែ​គ្រាន់​តែ​ថា សេដ្ឋកិច្ច​មិនមែន​ជា​អាទិភាព​ចម្បង​ឡើយ។ អាទិភាព​ចម្បង​គឺ​ សន្តិភាព និង​ការ​ធ្វើ​ឲ្យ​មាន​សន្តិភាព​នៅ​ក្នុង​ប្រទេស​ទាំង​មូល»។

កម្រិត​កំហុស​នៃ​ការ​ស្ទង់មតិ​គឺ បូក ឬ ដក ១,៨ ភាគរយ៕

ប្រែសម្រួល​ដោយ​ណឹម សុភ័ក្ត្របញ្ញា

XS
SM
MD
LG